សិស្ស​ម្នាក់​បាន​និយាយ​ទាំង​ពិបាក​ចិត្ត​ថា “ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ!”​។ ​នៅ​លើ​ក្រដាស់​លំហាត់ គាត់​មើល​ឃើញ​តែ​អក្សរ​ដែល​គេ​បោះ​ពុម្ភ និង​គំនិត​ដែល​ពិបាក​យល់ ព្រមទាំង​ថ្ងៃ​កំណត់​ដែល​គ្មាន​ការ​លើក​លែង។ គាត់​ត្រូវ​ការ​ជំនួយ​របស់​គ្រូ​បង្រៀន​របស់​គាត់។

យើង​ប្រហែល​ជា​មាន​អារម្មណ៍​ពិបាក​ស្រដៀង​គាត់​ផង​ដែរ ពេល​ដែល​យើង​អាន​សេចក្តី​អធិប្បាយ​ព្រះ​បន្ទូល​នៅ​លើ​ភ្នំ​របស់​ព្រះ​យេស៊ូវ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក”(ម៉ាថាយ ៥:៤៤)។ កំហឹង​គឺ​អាក្រក់​ដូច​ការ​សម្លាប់​មនុស្ស​ដែរ​(ខ.២២)។ ការ​ត្រេក​ត្រអាល គឺ​មាន​ទោស​ស្មើរ​នឹង​ការ​ផឹត​ក្បត់​(ខ.២៨)។ ហើយបើ​យើង​គិត​ថា​ យើង​អាច​រស់​នៅ ត្រូវ​តាម​ខ្នាត​គំរូ ឬ​ស្តង់​ដា​ទាំង​នេះ នោះ​យើង​នឹង​សួរ​ខ្លួន​ឯង​ថា តើ​យើង​អាច​ធ្វើ​បាន​ទេ ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ”(ខ.៤៨)។

លោក​អូសវល ឆេមប័រ(Oswald Chambers) បាន​មាន​ប្រសាសន៍​ថា “ពេល​យើង​អាន​សេចក្តី​អធិប្បាយ​ព្រះ​បន្ទូល​នៅ​លើ​ភ្នំ​របស់​ព្រះ​យេស៊ូវ យើង​អាច​មាន​អារម្មណ៍​ថា យើង​គ្មាន​សង្ឃឹម​នឹង​អាច​ធ្វើ​តាម​ព្រះ​បន្ទូល​ទ្រង់​បាន​ឡើយ”។ ប៉ុន្តែ គាត់​បាន​មើល​ឃើញ​អត្ថ​ប្រយោជន៍​នៃ​ការ​អាន​សេចក្តី​អធិប្បាយ​ព្រះ​បន្ទូល​នេះ ព្រោះ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា គ្មាន​សង្ឃឹម​នឹង​អាច​ធ្វើ​តាម​បាន យើង​នឹង​មាន​ចិត្ត​ចង់​ចូល​ទៅ​រក​ព្រះ​យេស៊ូវ ដូច​ជា​អ្នក​ទាល់​ក្រ សូម​ទទួល​ជំនួយ​ពី​ទ្រង់ ដើម្បី​ឲ្យ​អាច​ធ្វើ​តាម​ព្រះ​បន្ទូល​ទ្រង់​កើត”។

ព្រះ​ទ្រង់​ច្រើន​តែ​ធ្វើ​ការ​របស់​ទ្រង់ តាម​របៀប​ដែល​ខុស​ពី​ការ​រំពឹង​គិត​របស់​យើង។ ជាក់​ស្តែង អ្នក​ដែល​ដឹង​ថា ខ្លួន​មិន​អាច​ធ្វើ​តាម​ព្រះ​បន្ទូល​ទ្រង់ ដោយ​ពឹង​កម្លាំង​ខ្លួន​ឯង គឺ​ជា​អ្នក​ដែល​ទទួល​ព្រះ​គុណ​ទ្រង់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បានបក​ស្រាយ​ថា “ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិនសូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម …ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ”(១កូរិនថូស ១:២៦-២៧)។

ក្នុង​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់ ព្រះ​ដ៏​ជា​គ្រូ​បង្រៀន ទ្រង់​ក៏​ជា​ព្រះ​សង្រ្គោះ​របស់​យើង​ផង​ដែរ។ ពេល​ដែល​យើង​ចូល​ទៅ​រក​ទ្រង់ ដោយ​ជំនឿ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​នឹង​បាន​អរសប្បាយ​នឹង “សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ”(ខ.៣០) និង​ព្រះ​គុណ និង​អំណាច​ចេស្តា ដើម្បី​រស់​នៅ​ថ្វាយ​ទ្រង់។ ហេតុ​នេះ​ហើយ បាន​ជា​ទ្រង់​អាច​មាន​បន្ទូល​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេចក្តី​កំសត់ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ”(ម៉ាថាយ ៥:៣)។ —TIM GUSTAFSON