មុន​ពេល​កូន​ប្រុស​ខ្ញុំ​ប្រញាប់​រត់​ចេញ​តាម​ទ្វារ ឆ្ពោះ​ទៅ​សាលា​រៀន ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​គាត់​បាន​ដុះ​ធ្មេញ​ហើយ​ឬ​នៅ? ខ្ញុំ​ក៏​បាន​សួរ​គាត់​ម្តង​ទៀត ដើម្បី​រំឭក​គាត់​ថា ការ​និយាយ​ការ​ពិត មាន​សារៈ​សំខាន់​ប៉ុណ្ណា។​ ការ​ដាស់​តឿន​ដ៏សុភាព មិន​បាន​ធ្វើ​ឲ្យ​គាត់​ផ្លាស់​ប្តូរ​អត្តចរិក​ឡើយ បាន​ជា​គាត់​និយាយ​បែប​លេង​សើច​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​ដាក់​កាំ​មីរ៉ាសុវត្ថិ​ភាព​នៅ​បន្ទប់​ទឹក។ ហើយ​បន្ទាប់​មក ខ្ញុំ​អាច​បើក​វីដេអូ​ក្នុង​កំាមីរ៉ា មើល​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ដឹង​ថា គាត់​បាន​ដុះ​ធ្មេញ​ឬ​អត់ ហើយ​គាត់​ក៏​នឹងលែង​ចង់​និយាយ​កុហក់​ខ្ញុំ​ទៀត។

វត្ត​មាន​នៃ​កាំមីរ៉ា​សុវត្ថិ​ភាព អាច​ជួយ​ក្រើន​រំឭក​យើង ឲ្យ​មាន​វិន័យ ឬ​អនុវត្ត​តាម​ច្បាប់ ឬ​បទ​បញ្ជា នៅ​កន្លែង​ដែល​គេបាន​បំពាក់​កាំមីរ៉ា​សុវត្ថិភាព​នោះ ប៉ុន្តែ នៅ​មាន​កន្លែង​ដែល​យើង​អាច​ធ្វើ​អ្វី​ៗ ដោយ​គ្មាន​គេ​ចាំ​ឃ្លាំ​មើល ឬ​មាន​វិធី​ដែលយើង​អាច​ជៀស​វាង មិន​ឲ្យ​គេ​ឃើញ​យើង។ ទោះ​បី​ជា​យើង​អាច​គេច​ចេញ ឬ​ប្រើ​ល្បិច​ដាក់​កាំមីរ៉ា​សុវត្ថិភាព​ក្តី ក៏​យើង​នៅតែ​មិន​អាច​កុហក់​ខ្លួន​ឯង​បាន​ឡើយ​ថា យើង​អាច​គេច​ចេញ​ផុត​ពី​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់។

គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​សួរ​ថា តើ​មាន​អ្នក​ណា​នឹង​ពួន​ខ្លួន​នៅ​ទី​សំងាត់​ឯ​ណា ឲ្យទ្រង់មើល​មិន​ឃើញ​បាន​ឬទេ?(យេរេមា ២៣:២៤)។ សំណួរ​នេះ មាន​ការ​លើក​ទឹក​ចិត្ត ក៏ដូច​ជា​ការ​ដាស់​តឿន។

បទ​គម្ពីរ​នេះ​ដាស់​តឿន​យើង​ថា យើង​មិន​អាច​លាក់​ខ្លួន ផុត​ពី​ព្រះ​ជា​ម្ចាស់​ឡើយ។ យើង​មិន​អាច​រត់​គេច​ពី​ទ្រង់ ឬ​បញ្ឆោត​ទ្រង់​បាន​ឡើយ។ ការ​អ្វី​ក៏​ដោយ ដែល​យើង​ធ្វើ គឺ​ទ្រង់​សុទ្ធ​តែ​ទត​ឃើញ​ទាំង​អស់។

បទ​គម្ពីរ​នេះ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​ផង​ដែរ​ថា គ្មាន​កន្លែង​ណា នៅ​លើ​ផែន​ដី​នេះ ឬ​នៅ​នគរ​ស្ថាន​សួគ៌ ដែល​យើង​អាច​គេច​ផុត​ពី​ការ​មើល​ថែរ​របស់​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌​ឡើយ។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​មានអារម្មណ៍​ឯក​កោ ក៏​ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​យើង។ ទោះ​យើង​ទៅ​ទីណាក៏​ដោយ នៅ​ថ្ងៃ​នេះ ចូរ​យើង​នឹក​ចាំ​សេចក្តី​ពិត​នេះ ដែល​នឹង​លើក​ទឹក​ចិត្ត​យើង ឲ្យ​សម្រេច​ចិត្ត​ស្តាប់​បង្គាប់​តាម ព្រះ​បន្ទូល​ទ្រង់ ហើយ​ទទួល​ការ​កម្សាន្ត​ចិត្ត ដ្បិត​ទ្រង់​មើល​ថែរ​យើង​ជា​និច្ច។ —LISA SAMRA