មុនពេលកូនប្រុសខ្ញុំប្រញាប់រត់ចេញតាមទ្វារ ឆ្ពោះទៅសាលារៀន ខ្ញុំក៏បានសួរគាត់ថា តើគាត់បានដុះធ្មេញហើយឬនៅ? ខ្ញុំក៏បានសួរគាត់ម្តងទៀត ដើម្បីរំឭកគាត់ថា ការនិយាយការពិត មានសារៈសំខាន់ប៉ុណ្ណា។ ការដាស់តឿនដ៏សុភាព មិនបានធ្វើឲ្យគាត់ផ្លាស់ប្តូរអត្តចរិកឡើយ បានជាគាត់និយាយបែបលេងសើចថា ខ្ញុំចាំបាច់ត្រូវដាក់កាំមីរ៉ាសុវត្ថិភាពនៅបន្ទប់ទឹក។ ហើយបន្ទាប់មក ខ្ញុំអាចបើកវីដេអូក្នុងកំាមីរ៉ា មើលដោយខ្លួនឯង ដើម្បីឲ្យដឹងថា គាត់បានដុះធ្មេញឬអត់ ហើយគាត់ក៏នឹងលែងចង់និយាយកុហក់ខ្ញុំទៀត។
វត្តមាននៃកាំមីរ៉ាសុវត្ថិភាព អាចជួយក្រើនរំឭកយើង ឲ្យមានវិន័យ ឬអនុវត្តតាមច្បាប់ ឬបទបញ្ជា នៅកន្លែងដែលគេបានបំពាក់កាំមីរ៉ាសុវត្ថិភាពនោះ ប៉ុន្តែ នៅមានកន្លែងដែលយើងអាចធ្វើអ្វីៗ ដោយគ្មានគេចាំឃ្លាំមើល ឬមានវិធីដែលយើងអាចជៀសវាង មិនឲ្យគេឃើញយើង។ ទោះបីជាយើងអាចគេចចេញ ឬប្រើល្បិចដាក់កាំមីរ៉ាសុវត្ថិភាពក្តី ក៏យើងនៅតែមិនអាចកុហក់ខ្លួនឯងបានឡើយថា យើងអាចគេចចេញផុតពីព្រះនេត្ររបស់ព្រះជាម្ចាស់។
គឺដូចដែលព្រះទ្រង់បានសួរថា តើមានអ្នកណានឹងពួនខ្លួននៅទីសំងាត់ឯណា ឲ្យទ្រង់មើលមិនឃើញបានឬទេ?(យេរេមា ២៣:២៤)។ សំណួរនេះ មានការលើកទឹកចិត្ត ក៏ដូចជាការដាស់តឿន។
បទគម្ពីរនេះដាស់តឿនយើងថា យើងមិនអាចលាក់ខ្លួន ផុតពីព្រះជាម្ចាស់ឡើយ។ យើងមិនអាចរត់គេចពីទ្រង់ ឬបញ្ឆោតទ្រង់បានឡើយ។ ការអ្វីក៏ដោយ ដែលយើងធ្វើ គឺទ្រង់សុទ្ធតែទតឃើញទាំងអស់។
បទគម្ពីរនេះក៏បានលើកទឹកចិត្តយើងផងដែរថា គ្មានកន្លែងណា នៅលើផែនដីនេះ ឬនៅនគរស្ថានសួគ៌ ដែលយើងអាចគេចផុតពីការមើលថែររបស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ឡើយ។ សូម្បីតែនៅពេលដែលយើងមានអារម្មណ៍ឯកកោ ក៏ព្រះទ្រង់គង់នៅជាមួយយើង។ ទោះយើងទៅទីណាក៏ដោយ នៅថ្ងៃនេះ ចូរយើងនឹកចាំសេចក្តីពិតនេះ ដែលនឹងលើកទឹកចិត្តយើង ឲ្យសម្រេចចិត្តស្តាប់បង្គាប់តាម ព្រះបន្ទូលទ្រង់ ហើយទទួលការកម្សាន្តចិត្ត ដ្បិតទ្រង់មើលថែរយើងជានិច្ច។ —LISA SAMRA