កាលខ្ញុំនៅរៀននៅសកលវិទ្យាល័យ សាស្រ្តាចារ្យរបស់ខ្ញុំម្នាក់ បានសង្កេតឃើញថា ខ្ញុំមានភាពសុក្រឹតនិយម ឬភាពល្អឥតខ្ចោះនិយម ដែលនាំឲ្យមានការពន្យាពេលជាញឹកញាប់។ គាត់ក៏បានផ្តល់យោបលខ្លះៗ ប្រកបដោយប្រាជ្ញាដល់ខ្ញុំ។ គាត់មានប្រសាសន៍ថា “ចូរកុំបណ្តោយឲ្យភាពល្អឥតខ្ចោះ ធ្វើជាសត្រូវរបស់ភាពល្អ”។ គាត់ពន្យល់ថា ការព្យាយាមធ្វើកិច្ចការឲ្យបានល្អឥតខ្ចោះ អាចរារាំងការប្រថុយ ដែលចាំបាច់សម្រាប់ការលូតលាស់។ ប៉ុន្តែ ការទទួលស្គាល់ថា កិច្ចការរបស់ខ្ញុំ មិនតែងតែមានភាពល្អឥតខ្ចោះ នាំឲ្យខ្ញុំមានសេរីភាព នៅក្នុងការបន្តលូតលាស់។
យ៉ាងណាមិញ សាវ័កប៉ុលបានពន្យល់ថា យើងត្រូវឈប់ធ្វើឲ្យខ្លួនឯងមានភាពល្អឥតខ្ចោះ នៅលើផែនដី ពុំនោះទេ វានឹងធ្វើឲ្យយើងភ្លេចថា យើងត្រូវការជំនួយពីព្រះគ្រីស្ទ។
សាវ័កប៉ុលបានរៀនសូត្រអំពីបញ្ហានេះ ដោយឆ្លងកាត់ការពិបាកជាច្រើន។ ពីដំបូងគាត់បានព្យាយាមអនុវត្តតាមក្រឹត្យវិន័យរបស់ព្រះ ឲ្យបានល្អឥតខ្ចោះ ប៉ុន្តែ បន្ទាប់ពីគាត់បានជួបព្រះយេស៊ូវហើយ អ្វីៗក៏បានផ្លាស់ប្តូរ(កាឡាទី ១:១១-១៦)។ សាវ័កប៉ុលក៏បានដឹងថា បើសិនជាគាត់អាចជួយខ្លួនឯង ឲ្យបានរួចពីបាប ហើយជានឹងព្រះ ដោយខំកាន់តាមក្រឹត្យវិន័យ នោះ “ព្រះយេស៊ូវមិនចំាបាច់ត្រូវយាងមកសុគតឡើយ”(២:២១)។ មានតែការឈប់ពឹងកម្លាំងខ្លួនឯងទេ ដែលអាចជួយឲ្យគាត់បានពិសោធន៍នឹងព្រះវត្តមាននៃព្រះយេស៊ូវរស់ នៅក្នុងគាត់(ខ.២០)។ មានតែនៅក្នុងភាពមិនល្អឥតខ្ចោះរបស់គាត់ទេ ដែលអាចឲ្យគាត់ពិសោធន៍នឹងអំណាចដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់។
ការនេះមិនមានន័យថា យើងមិនគួរប្រឆាំងនឹងអំពើបាប(ខ.១៧) នោះឡើយ វាមានន័យថា យើងត្រូវឈប់ពឹងផ្អែកលើកម្លាំងខ្លួនឯង ដើម្បីលូតលាស់ខាងវិញ្ញាណ(ខ.២០)។
ក្នុងមួយជីវិតនេះ យើងមិនអាចមានភាពល្អឥតខ្ចោះបានឡើយ។ ប៉ុន្តែ ពេលដែលយើងបន្ទាបចិត្ត ទទួលស្គាល់ថា យើងតែងតែត្រូវការព្រះដ៏ល្អឥតខ្ចោះ ដែលមានតែមួយ ហើយយាងទ្រង់ធ្វើជាម្ចាស់លើចិត្តយើង នោះព្រះយេស៊ូវទ្រង់នឹងសោយរាជ្យលើចិត្តយើង(អេភេសូរ ៣:១៧)។ កាលណាយើងបានចាក់ឫសក្នុងទ្រង់ យើងនឹងបានលូតលាស់កាន់តែជ្រាលជ្រៅ ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ “ដែលធំប្រសើរ” លើសពីលទ្ធភាពដែលយើងអាចយល់បានទាំងស្រុង(ខ.១៩)។ —MONICA BRANDS