កាល​ខ្ញុំ​នៅ​រៀន​នៅ​សកល​វិទ្យាល័យ សាស្រ្តា​ចារ្យ​របស់​ខ្ញុំ​ម្នាក់ បាន​សង្កេត​ឃើញ​ថា ខ្ញុំ​មាន​ភាព​សុក្រឹត​និយម ឬ​ភាពល្អ​ឥត​ខ្ចោះ​និយម ដែល​នាំ​ឲ្យ​មាន​ការ​ពន្យា​ពេល​ជា​ញឹក​ញាប់។ គាត់​ក៏​បាន​ផ្តល់​យោបល​ខ្លះ​ៗ ប្រកប​ដោយ​ប្រាជ្ញា​ដល់​ខ្ញុំ។ គាត់​មាន​ប្រសាសន៍​ថា “ចូរ​កុំ​បណ្តោយ​ឲ្យ​ភាព​ល្អ​ឥត​ខ្ចោះ ធ្វើ​ជា​សត្រូវ​របស់​ភាព​ល្អ”។ គាត់​ពន្យល់​ថា ការព្យាយាម​ធ្វើ​កិច្ចការ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ អាច​រារាំង​ការ​ប្រថុយ ដែល​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់។ ប៉ុន្តែ ការ​ទទួល​ស្គាល់​ថា​ កិច្ចការ​របស់​ខ្ញុំ មិន​តែង​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ នាំ​ឲ្យ​ខ្ញុំ​មាន​សេរីភាព នៅ​ក្នុង​ការ​បន្ត​លូត​លាស់។

យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា យើង​ត្រូវ​ឈប់​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ល្អ​ឥត​ខ្ចោះ នៅ​លើ​ផែន​ដី ពុំ​នោះ​ទេ​ វានឹង​ធ្វើ​ឲ្យ​យើង​ភ្លេច​ថា យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​គ្រីស្ទ។

សាវ័ក​ប៉ុល​បាន​រៀន​សូត្រ​អំពី​បញ្ហា​នេះ ដោយ​ឆ្លង​កាត់​ការ​ពិបាក​ជា​ច្រើន។ ពី​ដំបូង​គាត់​បាន​ព្យាយាម​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ បន្ទាប់​ពី​គាត់​បាន​ជួប​ព្រះ​យេស៊ូវ​ហើយ អ្វី​ៗ​ក៏​បាន​ផ្លាស់​ប្តូរ​(កាឡាទី ១:១១-១៦)។ សាវ័ក​ប៉ុល​ក៏​បាន​ដឹង​ថា បើ​សិន​ជា​គាត់​អាច​ជួយ​ខ្លួន​ឯង ឲ្យ​បាន​រួច​ពី​បាប ហើយ​ជា​នឹង​ព្រះ ដោយ​ខំ​កាន់​តាម​ក្រឹត្យ​វិន័យ នោះ “ព្រះយេស៊ូវ​មិន​ចំា​បាច់​ត្រូវ​យាង​មក​សុគត​ឡើយ”(២:២១)។  មាន​តែការ​ឈប់​ពឹង​កម្លាំង​ខ្លួន​ឯង​ទេ  ដែល​អាច​ជួយ​ឲ្យ​គាត់​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​នៃ​ព្រះ​យេស៊ូវ​រស់ នៅ​ក្នុង​គាត់(ខ.២០)។ មាន​តែ​នៅ​ក្នុង​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​គាត់​ទេ ដែល​អាច​ឲ្យ​គាត់​ពិសោធន៍​នឹង​អំណាច​ដ៏​ល្អ​ឥត​ខ្ចោះរបស់​ព្រះ​ជា​ម្ចាស់។

ការ​នេះ​មិន​មាន​ន័យ​ថា ​យើង​មិន​គួរ​ប្រឆាំង​នឹង​អំពើ​បាប(ខ.១៧)​ នោះ​ឡើយ វា​មាន​ន័យ​ថា យើង​ត្រូវ​ឈប់​ពឹង​ផ្អែកលើ​កម្លាំង​ខ្លួន​ឯង ដើម្បី​លូត​លាស់​ខាង​វិញ្ញាណ(ខ.២០)។

ក្នុង​មួយ​ជីវិត​នេះ យើង​មិន​អាច​មាន​ភាព​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ។ ប៉ុន្តែ ពេល​ដែល​យើង​បន្ទាប​ចិត្ត ទទួល​ស្គាល់​ថា យើង​តែង​តែ​ត្រូវ​ការ​ព្រះ​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​មាន​តែ​មួយ ហើយ​យាង​ទ្រង់​ធ្វើ​ជា​ម្ចាស់​លើ​ចិត្ត​យើង នោះ​ព្រះ​យេស៊ូវ​ទ្រង់នឹង​សោយ​រាជ្យ​លើ​ចិត្ត​យើង​(អេភេសូរ ៣:១៧)។  កាល​ណា​យើង​បាន​ចាក់​ឫស​ក្នុង​ទ្រង់ យើង​នឹង​បាន​លូត​លាស់​កាន់​តែ​ជ្រាល​ជ្រៅ ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ “ដែល​ធំ​ប្រសើរ” លើស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​យល់​បាន​ទាំង​ស្រុង(ខ.១៩)។ —MONICA BRANDS