ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ឈ្មោះ អេឌីត(Edith)។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​ថ្ងៃ​ដែល​គាត់​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូវ យ៉ាង​ដូច​នេះ​ថា:

កាល​ពី​មុន អេឌីត​មិន​ខ្វល់​អំពី​រឿង​ជំនឿ​សាសនា​ឡើយ។ ប៉ុន្តែ នៅ​ពេល​ព្រឹក ថ្ងៃ​អាទិត្យ​មួយ​ គាត់​បាន​ដើរ​ចូល​ព្រះវិហារ នៅ​ក្បែរ​អាផាតមិន​របស់​គាត់ ដើម្បី​ស្វែង​រក​អ្វី​មួយ ដែល​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​ស្រេក​ឃ្លាន​របស់​គាត់ មាន​ភាព​ស្កប់​ស្កល់។ នៅ​ថ្ងៃ​នោះ លោក​គ្រូ​គង្វាល​ក៏​បាន​អាន​បទ​គម្ពីរ លូកា ១៥:១-២ ដែល​បាន​ចែង​ដូច​នេះ​ថា “អស់​ទាំង​អ្នក​យក​ពន្ធ និង​អ្នក​មាន​បាប គេ​ក៏​ចូល​មក​ជិត ដើម្បី​ស្តាប់​ទ្រង់។ នោះ​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​គេ​ឌុកដាន់​ថា អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង”។

បទ​គម្ពីរ​នោះ​បាន​ចែង​យ៉ាង​ដូច​នេះ ប៉ុន្តែ ពេល​នោះ នាង​បាន​ស្តាប់​ឮ​លោកគ្រូ​គង្វាល​អាន​ថា “អ្នក​នោះ​ទទួល​មនុស្ស​មាន​បាប ហើយ​អេឌីត​ក៏​នៅ​ជា​មួយ​នឹង​គេ​ផង​ដែរ”។ នាង​ក៏​បាន​ក្រោក​ឈរ​ទាំង​ហួស​ចិត្ត។ ទី​បំផុត នាង​ក៏​បាន​ដឹង​ថា ខ្លួន​មាន​កំហុស ប៉ុន្តែ គំនិត​របស់​នាង នៅ​តែ​គិត អំពី​ការ​ដែល​ព្រះ​យេស៊ូវ​ទទួល​ស្វាគមន៍​មនុស្ស​មាន​បាប ដែល​រាប់​បញ្ចូល​ទាំង​អេឌីត​ផង​ដែរ។ នៅ​ពេល​រសៀល​ថ្ងៃ​នេះ នាង​ក៏​បាន​សម្រេច​ចិត្ត “ចូល​ទៅ​ជិត” ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ស្តាប់​ព្រះ​បន្ទូល​ទ្រង់។ នាង​ក៏​បាន​ចាប់​ផ្តើម​អាន​ដំណឹង​ល្អ ហើយ​មិន​យូរ​ប៉ុន្មាន​ នាង​ក៏​បាន​សម្រេច​ចិត្ត​ទទួល​ជឿ ​ហើយ​ដើរ​តាម​ទ្រង់។

ពួក​អ្នក​កាន់​សាសនា​នៅ​សម័យ​ព្រះ​យេស៊ូវ មាន​ការ​មិន​ពេញ​ចិត្ត ពេល​ដែល​ព្រះ​យេស៊ូវ​គង់​សោយ​អាហារ ជា​មួយ​មនុស្ស​មាន​បាប ដែល​គេ​ស្អប់​ខ្ពើម។ ក្រឹត្យ​វិន័យ​របស់​ពួក​គេ​បាន​ហាម​ពួក​គេ មិន​ឲ្យ​ភព​ប្រសព្វ​នឹង​មនុស្ស​ប្រភេទ​នោះ​។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​ខ្វល់​អំពី​ក្រឹត្យ​វិន័យ ដែល​មនុស្ស​បាន​បង្កើត​នោះ​ឡើយ។ ទ្រង់​បាន​ស្វាគមន៍​មនុស្ស​តូច​ទៀប និង​បាន​ប្រមូល​ពួក​គេ ឲ្យ​មូល​មក​រក​ទ្រង់ ទោះ​បី​ជា​ពួក​គេ​បាន​វង្វេង​ចេញ​ពី​ទ្រង់ ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ។

ជា​ការ​ពិត​ណាស់ យើង​ត្រូវ​ដឹង​ថា ព្រះ​យេស៊ូវ​ទទួល​មនុស្ស​មាន​បាប បូក​រួម​ទាំង​ខ្ញុំ​និង​អ្នក​ផង​ដែរ។—DAVID H. ROPER