កាលខ្ញុំនៅពីក្មេង ខ្ញុំចូលចិត្តលេងទឹកភ្លៀង នៅពេលដែលមានព្យុះភ្លៀង លាយឡំដោយផ្គររន្ទះ។ ពេលណា មានភ្លៀងធ្លាក់ខ្លំាងគួរឲ្យភ្ញាក់ផ្អើល ដោយសម្លេងផ្គរលាន់កក្រើកដី ហើយទឹកភ្លៀងធ្លាក់ដូចចាក់ទឹក ខ្ញុំនិងបងប្អូនខ្ញុំ ក៏បាននាំគ្នារត់លេងគ្មានសណ្តាប់ធ្នាប់ ជុំវិញផ្ទះរបស់យើង ព្រមទាំងធ្វើរំអិលលេងផងដែរ។ ទំរាំតែដល់ពេលដែលយើងត្រូវត្រឡប់ចូលក្នុងផ្ទះវិញ យើងបានទទឹកជោកអស់។
វាគឺជាបទពិសោធន៍ដ៏រំភើបរីករាយណាស់ ទោះមួយលើកៗ មានរយៈពេលតែពីរបីនាទីក៏ដោយ។ កាលនោះ យើងបានលង់ខ្លួន សប្បាយនៅក្នុងព្យុះភ្លៀងដែលមានអំណាចខ្លាំង បានជាយើងពិបាកពិពណ៌នាថា តើយើងកំពុងតែសប្បាយរីករាយ ឬកំពុងតែភ័យខ្លាច។
រូបភាពនេះ បានលេចឡើងនៅក្នុងគំនិតរបស់ខ្ញុំ នៅពេលដែលខ្ញុំបានអានបទគម្ពីរ ទំនុកដំកើង ជំពូក ១0៧។ តាមបទគម្ពីរនេះ ការស្អាងឡើងវិញរបស់ព្រះជាម្ចាស់ គឺប្រៀបបាននឹងការផ្លាស់ប្រែទីហួតហែង ឲ្យក្លាយទៅជា “ស្រះទឹក” វិញ (ខ.៣៥)។ ពីព្រោះ ភ្លៀងធម្មតា មិនអាចផ្លាស់ទីរហោស្ថាន ឲ្យទៅជាវាលស្មៅបានទេ។ ភ្លៀងនោះ ត្រូវតែជាភ្លៀងដែលខ្លាំង រហូតក្លាយជាជំនន់ ដែលស្រោចស្រព្វជោកជាំ ពេញប្រឡោះប្រេះក្រហែង ទើបធ្វើឲ្យដីនោះ ដុះដាលជាជីវិតថ្មីឡើង។
តើនេះមិនមែនជាការស្តារឡើងវិញ ដែលយើងរំពឹងចង់បានទេឬ? នៅពេលដែលឆាកជីវិតរបស់យើង ហាក់ដូចជា ការធ្វើដំណើរវិលវល់ គ្មានគោលដៅច្បាស់លាស់ ដោយយើង “ស្រេកឃ្លាន” នូវការប្រោសឲ្យជា ដែលហាក់ដូចជាមិនដែលមកដល់(ខ.៤-៥) ពេលនោះ អ្វីដែលយើងត្រូវការ គឺលើសពីសេចក្តីសង្ឃឹមបន្តិចបន្តួច។ នៅពេលដែលអំពើបាប ដែលយើងប្រព្រឹត្តិច្រំដែលៗ បានចាក់ឫសជ្រៅ រហូតក្លាយទៅជាអន្ទាក់ ធ្វើឲ្យយើងជាប់ក្នុង “ម្លប់សេចក្តីស្លាប់” (ខ.១០-១១) អ្វីដែលចិត្តរបស់យើងត្រូវការ នោះគឺលើសពីការការផ្លាស់ប្តូរបន្តិចបន្តួច។
ព្រះទ្រង់សព្វព្រះទ័យនឹងប្រទាននូវការផ្លាស់ប្រែនេះ ដល់យើងរាល់គ្នា(ខ.២០)។ ចូរយើងនាំយកអស់ទាំងការភ័យខ្លាច និងភាពអាម៉ាសរបស់យើង ចូលទៅរកព្រះនៃយើង ដែលទ្រង់មិនគ្រាន់តែអាចកាត់ផ្តាច់ច្រវាក់ នៃអំពើបាបរបស់យើង ហើយបង្ហូរពន្លឺរបស់ទ្រង់ ចូលមកបំភ្លឺ នៅក្នុងភាពងងឹតរបស់យើងរាល់គ្នាឡើយ(ខ.១៣-១៤)។—Monica Brands