នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​សេដ្ធ​កិច្ច​នៅ​អាស៊ី នៅ​ឆ្នាំ១៩៩៧ មាន​មនុស្ស​ជា​ច្រើន​ស្វែង​រក​ការងារ​ធ្វើ លើស​ចំនួន​ការងារ ដែល​មាន​ស្រាប់។ ហើយ​ខ្ញុំ​ជា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​។ ​បន្ទាប់​ពី​ខ្ញុំ​បាន​ព្យាយាម​ស្វែង​រក​ការងារ អស់​រយៈ​ពេល​៩​ខែ ដោយ​ចិត្ត​ថប់​បារម្ភ ខ្ញុំ​ក៏​រក​បាន​ការងារ​មួយ ធ្វើ​ជា​អ្នក​និពន្ធ សម្រាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។ ប៉ុន្តែ មិន​បាន​ប៉ុន្មាន​ផង ក្រុម​ហ៊ុន​នោះ​ក៏​បាន​ជួប​បញ្ហា ហើយ​ខ្ញុំ​ក៏​អត់​ការងារ​ធ្វើ​ទៀត។

តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ? ពេល​នោះ អ្នក​មាន​អារម្មណ៍​ថា រឿង​អាក្រក់​បំផុត​ហាក់​ដូច​ជា បាន​កន្លង​ផុត​ហើយ ប៉ុន្តែ អ្នក​ស្រាប់​តែ​ជួប​បញ្ហា​ថ្មី​មួយ​ទៀត​ ធ្វើ​ឲ្យ​ធ្លាក់​ដល់​បាត​តែ​ម្តង។ ស្រ្តី​មេ​ម៉ាយ​នៅ​ក្រុង​សា​រិបតា​ក៏​មាន​បទ​ពិ​សោធន៍​ដូច​នេះ​ដែរ (១ពង្សាវ​តារ​ក្សត្រ ១៧:១២)។ ក្នុង​ពេល​ដែល​មាន​អំណត់​ នៅ​ក្នុង​ស្រុក ស្រ្តី​មេម៉ាយ​នោះ​បាន​រៀប​ចំ​អាហារ​ ចុង​ក្រោយ​សម្រាប់​រូប​នាង និង​កូន​របស់​នាង។ តែ​នៅ​ពេល​នោះ ហោ​រា​អេលីយា ក៏បាន​សុំ​ទទួល​ទាន​អាហារ​ជា​មួយ​ដែរ។ ស្រ្តី​មេ​ម៉ាយ​បាន​ព្រមឲ្យ​នំបុ័ង ដល់​ហោរា​អេលីយ៉ា ទាំង​ស្ទាក់​ស្ទើរ ហើយ​ព្រះ​ជា​ម្ចាស់ក៏​បាន​បន្តរ​ផ្គត់​ផ្គង់ ម្សៅ និង​ប្រេង​អូលីវ​រហូត សម្រាប់​នាង និង​កូន​របស់​នាង (ខ.១០-១៦)។

ក្រោយ​នោះ​មក កូន​ប្រុស​របស់​នាង ក៏​ចាប់​មាន​ជម្ងឺ។ ជំងឺ​នោះ​ធ្ងន់​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​ដង្ហើម​ក្នុង​ខ្លួន​ឡើយ។ ដូច្នេះ នាង​ក៏​និយាយ​ទៅ​អេលីយ៉ា​ថា “ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំ និង​លោក មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯណេះ ដើម្បី​រំលឹក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំលាប់​កូន​ខ្ញុំ​ឬ?”(ខ.១៨)។

ប្រហែល​ជា​នៅ​ពេល​ខ្លះ ពេល​យើង​ជួប​ការ​លំបាក ដូច​ជា​ស្រ្តី​មេម៉ាយ​នោះ យើង​ប្រហែល​ជា​គិត​ថា​ព្រះ​ជា​ម្ចាស់ កំពុង​តែ ​ដាក់​ទោស​យើង​ហើយ។ តែ​យើង​បាន​ភ្លេច​ថា ការ​អាក្រក់​អាច​នឹង​កើត​ឡើង​គ្រប់​ពេល​វេលា នៅ​ក្នុង​លោកិយ​នេះ។

ហោរា​អេលីយ៉ា​បាន​នាំ​នាង​ថ្វាយ​ទុក្ខ​ព្រួយ​ទាំង​ប៉ុន្មាន ដល់​ព្រះ​ជាម្ចាស់ ដោយ​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ឲ្យ​កូន​ប្រុស របស់គាត់។ ទីបំផុត ព្រះ​ទ្រង់​ក៏​បាន​ប្រោស​ក្មេង​ប្រុស​នោះ ឲ្យ​បាន​រស់​ឡើង​វិញ (ខ.២០-២២)។

នៅ​ពេល​ដែល​យើង​ធ្លាក់​ដល់​បាត សូម​ឲ្យ​យើង​យក​តម្រាប់​តាម​ហោរា​អេលីយ៉ា ដោយ​ជឿ​ថា ​ព្រះ​ដ៏​ស្មោះ​ត្រង់ ទ្រង់​នឹង​មិន​ដែល​បោះ​បង់​ចោល​យើង​ណា​ម្នាក់! យើង​អាច​សម្រាក នៅ​ក្នុង​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ហើយ​យើង​ថែម​ទាំង​អាច​អធិស្ធាន ទូល​សូម​ប្រាជ្ញា​មក​ពី​ទ្រង់​ថែម​ទៀត​ផង។—Poh Fang Chia