នៅក្នុងអំឡុងពេលនៃវិបត្តិសេដ្ធកិច្ចនៅអាស៊ី នៅឆ្នាំ១៩៩៧ មានមនុស្សជាច្រើនស្វែងរកការងារធ្វើ លើសចំនួនការងារ ដែលមានស្រាប់។ ហើយខ្ញុំជាម្នាក់ ក្នុងចំណោមពួកគេ។ បន្ទាប់ពីខ្ញុំបានព្យាយាមស្វែងរកការងារ អស់រយៈពេល៩ខែ ដោយចិត្តថប់បារម្ភ ខ្ញុំក៏រកបានការងារមួយ ធ្វើជាអ្នកនិពន្ធ សម្រាប់ការផ្សាយពាណិជ្ជកម្ម។ ប៉ុន្តែ មិនបានប៉ុន្មានផង ក្រុមហ៊ុននោះក៏បានជួបបញ្ហា ហើយខ្ញុំក៏អត់ការងារធ្វើទៀត។
តើអ្នកធ្លាប់ជួបរឿងបែបនេះទេ? ពេលនោះ អ្នកមានអារម្មណ៍ថា រឿងអាក្រក់បំផុតហាក់ដូចជា បានកន្លងផុតហើយ ប៉ុន្តែ អ្នកស្រាប់តែជួបបញ្ហាថ្មីមួយទៀត ធ្វើឲ្យធ្លាក់ដល់បាតតែម្តង។ ស្រ្តីមេម៉ាយនៅក្រុងសារិបតាក៏មានបទពិសោធន៍ដូចនេះដែរ (១ពង្សាវតារក្សត្រ ១៧:១២)។ ក្នុងពេលដែលមានអំណត់ នៅក្នុងស្រុក ស្រ្តីមេម៉ាយនោះបានរៀបចំអាហារ ចុងក្រោយសម្រាប់រូបនាង និងកូនរបស់នាង។ តែនៅពេលនោះ ហោរាអេលីយា ក៏បានសុំទទួលទានអាហារជាមួយដែរ។ ស្រ្តីមេម៉ាយបានព្រមឲ្យនំបុ័ង ដល់ហោរាអេលីយ៉ា ទាំងស្ទាក់ស្ទើរ ហើយព្រះជាម្ចាស់ក៏បានបន្តរផ្គត់ផ្គង់ ម្សៅ និងប្រេងអូលីវរហូត សម្រាប់នាង និងកូនរបស់នាង (ខ.១០-១៦)។
ក្រោយនោះមក កូនប្រុសរបស់នាង ក៏ចាប់មានជម្ងឺ។ ជំងឺនោះធ្ងន់ណាស់ ដល់ម៉្លេះបានជាគ្មានដង្ហើមក្នុងខ្លួនឡើយ។ ដូច្នេះ នាងក៏និយាយទៅអេលីយ៉ាថា “ឱអ្នកសំណប់របស់ព្រះអើយ តើខ្ញុំ និងលោក មានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំលឹកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំលាប់កូនខ្ញុំឬ?”(ខ.១៨)។
ប្រហែលជានៅពេលខ្លះ ពេលយើងជួបការលំបាក ដូចជាស្រ្តីមេម៉ាយនោះ យើងប្រហែលជាគិតថាព្រះជាម្ចាស់ កំពុងតែ ដាក់ទោសយើងហើយ។ តែយើងបានភ្លេចថា ការអាក្រក់អាចនឹងកើតឡើងគ្រប់ពេលវេលា នៅក្នុងលោកិយនេះ។
ហោរាអេលីយ៉ាបាននាំនាងថ្វាយទុក្ខព្រួយទាំងប៉ុន្មាន ដល់ព្រះជាម្ចាស់ ដោយអធិស្ឋានដោយស្មោះអស់ពីចិត្ត ឲ្យកូនប្រុស របស់គាត់។ ទីបំផុត ព្រះទ្រង់ក៏បានប្រោសក្មេងប្រុសនោះ ឲ្យបានរស់ឡើងវិញ (ខ.២០-២២)។
នៅពេលដែលយើងធ្លាក់ដល់បាត សូមឲ្យយើងយកតម្រាប់តាមហោរាអេលីយ៉ា ដោយជឿថា ព្រះដ៏ស្មោះត្រង់ ទ្រង់នឹងមិនដែលបោះបង់ចោលយើងណាម្នាក់! យើងអាចសម្រាក នៅក្នុងបំណងព្រះហឫទ័យរបស់ទ្រង់ ហើយយើងថែមទាំងអាចអធិស្ធាន ទូលសូមប្រាជ្ញាមកពីទ្រង់ថែមទៀតផង។—Poh Fang Chia