កាល​សាវីយើ(Xavier) កូន​ប្រុស​របស់​ខ្ញុំ នៅ​ពី​ក្មេង ស្វាមី​របស់​ខ្ញុំ​បាន​ធ្វើ​ដំណើរ ប្រកប​មុខ​ជំនួញ នៅ​ឆ្ងាយ​ពី​ផ្ទះ​ជា​ញឹក​ញាប់។ ទោះ​បី​ជា​ប៉ា​របស់​គាត់​បាន​ទូរស័ព្ទ​មក​គាត់ ជា​ញឹក​ញាប់​ក៏​ដោយ​ ក៏​នៅ​ពេល​យប់​ខ្លះ យើង​នៅ​តែ​មាន​ការ​ពិបាក ដោយសារ​ការ​និយាយ​តាម​ទូរស័ព្ទ នៅ​តែ​មិន​អាច​លួង​គាត់​ឲ្យ​គេង​ដដែល។ ដូច្នេះ​ហើយ ខ្ញុំ​ក៏​បាន​ទាញ​យក​អាល់ប៊ុម​រូបថត​របស់​យើង មក​ឲ្យ​កូន​ប្រុស​របស់​យើង​មើល នៅ​ពេល​ដែល​គាត់​រៀប​នឹង​ចូល​គេង។ ខ្ញុំ​ក៏​បាន​ចង្អុល​ចំ​រូប​ថត ដែល​យើង​បាន​ថត​ជា​មួយ​គ្នា ហើយ​សួរ​គាត់​ថា “តើ​កូន​នៅ​ចាំ​ពេល​ហ្នឹង​ទេ”?

ការ​រំឭក​អំពី​អនុស្សាវរីយ៍ ជា​បន្ត​បន្ទាប់ បាន​ជួយ​លើក​ទឹក​ចិត្ត ដល់​កូន​ប្រុស​របស់​យើង ដែល​ច្រើន​តែ​និយាយ​ថា “ខ្ញុំ​មាន​ប៉ា​ដ៏​ល្អ​ម្នាក់”។

ខ្ញុំ​យល់​ច្បាស់ អំពី​តម្រូវ​ការ​របស់​សាវីយើ។ គាត់​ត្រូវ​ការ​ឲ្យ​យើង​រំឭក​គាត់ អំពី​សេចក្តី​ស្រឡាញ់​របស់​ឪពុក​គាត់ នៅ​ពេល​ដែល​ឪពុក​គាត់​មិន​នៅ​ក្បែរ។ គ្រប់​ពេល​ដែល​ខ្ញុំ​ឆ្លង​កាត់​ការ​លំបាក ឬ​ភាព​ឯកកោ ខ្ញុំ​ក៏​ចង់​ដឹង​ផង​ដែរ​ថា មាន​នរណា​ម្នាក់​ស្រឡាញ់​ខ្ញុំ។ ជា​ពិសេស គឺ​ចង់​ដឹង​ថា ព្រះ​វបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ស្រឡាញ់​ខ្ញុំ។

ស្តេច​ដាវីឌ​បាន​ស្រែក​រក​ព្រះ​ជាម្ចាស់ នៅ​ពេល​ដែល​ទ្រង់​កំពុង​លាក់​ខ្លួន ពី​ពួក​ខ្មាំង​សត្រូវ​ នៅ​ឯ​ទី​រហោ​ស្ថាន​(ទំនុកដំកើង ៦៣:១)។ ទ្រង់​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​ចេស្ដា​ដែល​គ្មាន​ដែន​កំណត់ និង​សេចក្តី​ស្រឡាញ់​ដ៏​ជួយ​ឲ្យ​ស្កប់​ចិត្ត ដែល​មក​ពី​ព្រះ​ជា​ម្ចាស់ បាន​ជា​ទ្រង់​ពោល​ពាក្យ​សរសើរ​ដំកើង(ខ.២-៥)។ ទោះ​បី​ស្ថិត​ក្នុង​រាត្រី​ដ៏​លំបាក​បំផុត​ក្ដី ក៏ស្ដេច​ដាវីឌ​ នៅតែ​អាច​អរសប្បាយ ចំពោះ​ការ​ថែរ​រក្សា​របស់​ព្រះ​វរបិតា ដោយ​ស្តេចដាវីឌ​អាច​ពឹង​ផ្អែក​បាន គឺ​ការ​មើលថែរ​ ដោយ​សេចក្តី​ស្រឡាញ់(ខ.៦-៨)។

ស្ថិត​ក្នុង​ពេល​ដ៏​ងងឹត​ ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​មិន​គង់​នៅ​ក្បែរ​យើង បាន​ជា​យើង​ត្រូវ​ការ​ការ​រំឭក​ថា ​ព្រះ​ជា​ម្ចាស់​ជា​នរណា ហើយ​ទ្រង់​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ យ៉ាង​ដូច​ម្តេច​ខ្លះ។ យើង​ត្រូវ​ពិចារណា​ អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ដែល​យើង​ធ្លាប់​មាន​ជា​មួយ​ទ្រង់ និងការ​ដែល​ទ្រង់​បាន​ធ្វើ ដូច​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ។ ធ្វើ​ដូច្នោះ យើង​នឹង​នឹក​ចាំ អំពី​ការ​ល្អ​ជា​ច្រើន ដែល​ទ្រង់​បាន​ធ្វើ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​យើង។ —Xochitl Dixon