កាលសាវីយើ(Xavier) កូនប្រុសរបស់ខ្ញុំ នៅពីក្មេង ស្វាមីរបស់ខ្ញុំបានធ្វើដំណើរ ប្រកបមុខជំនួញ នៅឆ្ងាយពីផ្ទះជាញឹកញាប់។ ទោះបីជាប៉ារបស់គាត់បានទូរស័ព្ទមកគាត់ ជាញឹកញាប់ក៏ដោយ ក៏នៅពេលយប់ខ្លះ យើងនៅតែមានការពិបាក ដោយសារការនិយាយតាមទូរស័ព្ទ នៅតែមិនអាចលួងគាត់ឲ្យគេងដដែល។ ដូច្នេះហើយ ខ្ញុំក៏បានទាញយកអាល់ប៊ុមរូបថតរបស់យើង មកឲ្យកូនប្រុសរបស់យើងមើល នៅពេលដែលគាត់រៀបនឹងចូលគេង។ ខ្ញុំក៏បានចង្អុលចំរូបថត ដែលយើងបានថតជាមួយគ្នា ហើយសួរគាត់ថា “តើកូននៅចាំពេលហ្នឹងទេ”?
ការរំឭកអំពីអនុស្សាវរីយ៍ ជាបន្តបន្ទាប់ បានជួយលើកទឹកចិត្ត ដល់កូនប្រុសរបស់យើង ដែលច្រើនតែនិយាយថា “ខ្ញុំមានប៉ាដ៏ល្អម្នាក់”។
ខ្ញុំយល់ច្បាស់ អំពីតម្រូវការរបស់សាវីយើ។ គាត់ត្រូវការឲ្យយើងរំឭកគាត់ អំពីសេចក្តីស្រឡាញ់របស់ឪពុកគាត់ នៅពេលដែលឪពុកគាត់មិននៅក្បែរ។ គ្រប់ពេលដែលខ្ញុំឆ្លងកាត់ការលំបាក ឬភាពឯកកោ ខ្ញុំក៏ចង់ដឹងផងដែរថា មាននរណាម្នាក់ស្រឡាញ់ខ្ញុំ។ ជាពិសេស គឺចង់ដឹងថា ព្រះវបិតាដែលគង់នៅស្ថានសួគ៌ ទ្រង់ស្រឡាញ់ខ្ញុំ។
ស្តេចដាវីឌបានស្រែករកព្រះជាម្ចាស់ នៅពេលដែលទ្រង់កំពុងលាក់ខ្លួន ពីពួកខ្មាំងសត្រូវ នៅឯទីរហោស្ថាន(ទំនុកដំកើង ៦៣:១)។ ទ្រង់ក៏បាននឹកចាំ អំពីព្រះចេស្ដាដែលគ្មានដែនកំណត់ និងសេចក្តីស្រឡាញ់ដ៏ជួយឲ្យស្កប់ចិត្ត ដែលមកពីព្រះជាម្ចាស់ បានជាទ្រង់ពោលពាក្យសរសើរដំកើង(ខ.២-៥)។ ទោះបីស្ថិតក្នុងរាត្រីដ៏លំបាកបំផុតក្ដី ក៏ស្ដេចដាវីឌ នៅតែអាចអរសប្បាយ ចំពោះការថែររក្សារបស់ព្រះវរបិតា ដោយស្តេចដាវីឌអាចពឹងផ្អែកបាន គឺការមើលថែរ ដោយសេចក្តីស្រឡាញ់(ខ.៦-៨)។
ស្ថិតក្នុងពេលដ៏ងងឹត យើងប្រហែលជាមានអារម្មណ៍ថា ព្រះទ្រង់មិនគង់នៅក្បែរយើង បានជាយើងត្រូវការការរំឭកថា ព្រះជាម្ចាស់ជានរណា ហើយទ្រង់បានបង្ហាញចេញនូវសេចក្តីស្រឡាញ់ យ៉ាងដូចម្តេចខ្លះ។ យើងត្រូវពិចារណា អំពីបទពិសោធន៍ផ្ទាល់ខ្លួន ដែលយើងធ្លាប់មានជាមួយទ្រង់ និងការដែលទ្រង់បានធ្វើ ដូចមានចែងនៅក្នុងព្រះគម្ពីរ។ ធ្វើដូច្នោះ យើងនឹងនឹកចាំ អំពីការល្អជាច្រើន ដែលទ្រង់បានធ្វើ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ដល់យើង។ —Xochitl Dixon