ពេលខ្ញុំកំពុងធ្វើដំណើរតាមរថយន្ត ជាមួយស្វាមីរបស់ខ្ញុំ ដើម្បីរកទិញឥវ៉ានខ្លះៗ ខ្ញុំក៏បានបើកទូរស័ព្ទមើលអ៊ីមែល ហើយក៏មានការភ្ញាក់ផ្អើល ចំពោះការផ្សាយពាណិជ្ជកម្មរបស់ហាងលក់នំដូណាត់ ក្នុងតំបន់របស់យើង គឺហាង ដែលយើងទើបតែបើកបរហួសបន្តិច ហើយនៅខាងស្ដាំដៃ។ រំពេចនោះ ខ្ញុំក៏បានកូរពោះ ដោយឃ្លានអាហារ។ ខ្ញុំក៏បានសរសើរដល់បច្ចេកវិទ្យាទំនើប ដែលបានជួយឲ្យអ្នកលក់អាចទាក់ទាញចិត្តយើង ឲ្យចាប់អារម្មណ៍ ចំពោះផលិតផលរបស់ពួកគេ។
នៅពេលខ្ញុំបិទអ៊ីមែល ខ្ញុំក៏នឹកឃើញដល់ព្រះជាម្ចាស់ ដែលតែងតែចង់នាំខ្ញុំ ឲ្យចូលជិតទ្រង់ កាន់តែខ្លាំង។ ទ្រង់តែងតែជ្រាបជានិច្ចថា ខ្ញុំកំពុងគិតពីអ្វី ហើយទ្រង់សព្វព្រះទ័យនឹងមានឥទ្ធិពល មកលើការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំមានចម្ងល់ថា តើចិត្តរបស់ខ្ញុំបានស្រេករកទ្រង់ ដូចក្រពះរបស់ខ្ញុំ ដែលកូរចង់ញ៉ាំនំដូណាត់ដែរឬទេ?
នៅក្នុងបទគម្ពីរ យ៉ូហាន ៦ បន្ទាប់ពីព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រទានអហារដល់មនុស្សប្រាំពាន់នាក់រួចមក ពួកសិស្សរបស់ទ្រង់នាំគ្នាទទូចសូមទ្រង់ ឲ្យប្រទានជារៀងរហូត នូវ “នំប៉័ង ដែលឲ្យមនុស្សលោកបានជីវិត” (ខ.៣៣-៣៤)។ ព្រះយេស៊ូវក៏បាបតបទៅវិញថា “ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ” (ខ.៣៥)។ ពិតជាអស្ចារ្យខ្លាំងណាស់ ដែលការប្រកបទាក់ទងជាមួយព្រះយេស៊ូវ អាចនាំមកនូវសារធាតុចញ្ចឹម សម្រាប់ជីវិតរបស់នៅ ប្រចាំថ្ងៃរបស់យើង!
ការផ្សាយពាណិជ្ជកម្មរបស់ហាងលក់នំដូណាត់ មានគោលដៅទាក់ទាញ ការស្រេកឃ្លានខាងរូបកាយរបស់ខ្ញុំ។ ប៉ុន្តែ ព្រះជាម្ចាស់ ដែលស្គាល់អស់ទាំងតម្រូវការនៃចិត្តរបស់ខ្ញុំ ទ្រង់តែងតែដាស់តឿនដល់ខ្ញុំ ឲ្យទទួលស្គាល់ថា ខ្ញុំពិតជាត្រូវការទ្រង់ជានិច្ច ហើយទទួលបានការផ្គត់ផ្គង់ ដែលមានតែព្រះអង្គទេ ដែលអាចប្រទានដល់ខ្ញុំបាន។—Elisa Morgan