ការបញ្ចប់ការងារ គឺជារឿងដែលគួរឲ្យស្កប់ចិត្ត។ ឧទាហរណ៍ ជារៀងរាល់ខែនីមួយៗ ការទទួលខុសត្រូវនៃការងាររបស់ខ្ញុំ ត្រូវផ្លាស់ប្ដូរចេញពីផ្នែកមួយ ទៅកាន់ផ្នែកមួយទៀត គឺផ្លាស់ប្តូរពី “ផ្នែកកំពុងដំណើរការទៅមុខ” ទៅកាន់ “ផ្នែកចប់សព្វគ្រប់”។ ខ្ញុំចូលចិត្ត ចុចប៊ូតុង “ភាពចប់សព្វគ្រប់”។ ប៉ុន្តែ នៅខែមុន នៅពេលដែលខ្ញុំបានចុចវា ខ្ញុំក៏បាននឹកគិតថា ឱបើខ្ញុំអាចជម្នះភាពកម្សោយ នៅក្នុងសេចក្តីជំនឿរបស់ខ្ញុំ យ៉ាងងាយស្រួល ដូចការចុចប៊ូតុងនេះ នោះមិនដឹងជាល្អយ៉ាងណាទេ! តាមមើលទៅ ជីវិតគ្រីស្ទបរិស័ទ ហាក់ដូចជាអាចមានលក្ខណៈ ដែលហាក់ដូចជាកំពុងដំណើរការទៅមុខ ជានិច្ច គឺមិនដែលចប់សព្វគ្រប់សោះ។
បន្ទាប់មក ខ្ញុំក៏បាននឹកចាំ បទគម្ពីរហេព្រើរ ១០:១៤។ បទគម្ពីរនេះចែងអំពី ដង្វាយយញ្ញបូជារបស់ព្រះគ្រីស្ទដែលបានប្រោសលោះយើងរាល់គ្នាទាំងស្រុង។ ដូច្នេះ អ្វីដែលសំខាន់បំផុតនោះ គឺការនេះ ប្រៀបបីដូចជា ព្រះទ្រង់បានចុច “ប៊ូតុង ភាពចប់សព្វគ្រប់” ជំនួសយើងរួចស្រេចហើយ។ ការសុគតរបស់ព្រះយេស៊ូវ បានជួយយើង នូវអ្វីដែលយើងមិនអាចជួយខ្លួនឯងបាន ដោយទ្រង់បានកែប្រែយើង ឲ្យបានត្រឡប់ជាឥតសៅហ្មង នៅចំពោះព្រះនេត្រទ្រង់ នៅពេលដែលយើងទទួលជឿទ្រង់។ ទ្រង់បានធ្វើការនោះម្ដងជាសម្រេច គឺដូចដែលទ្រង់បានប្រកាសថា ការស្រេចហើយ! (យ៉ូហាន ១៩:៣០)។ ទន្ទឹមគ្នានេះដែរ យញ្ញបូជារបស់ទ្រង់ បានធ្វើការប្រោសលោះសព្វគ្រប់ម្ដងជាសម្រេច ហើយយើងក៏ស្ថិតនៅក្នុងដំណើរការនៃការញែកជាបរិសុទ្ធ ដែលនេះ ជាភាពពិតខាងវិញ្ញាណរបស់យើង ដែលជាប់មានអស់មួយជីវិត គឺដូចដែលមានចែងនៅក្នុងព្រះគម្ពីរហេព្រើរស្រាប់។
ជាការពិតណាស់ ព្រះយេស៊ូវទ្រង់បានសុគតដើម្បីប្រោសលោះយើង ម្តងជាសម្រេច តែការញែកជាបរិសុទ្ធក៏កំពុងកើត មាន នៅក្នុងជីវិតរបស់យើង។ រឿងនេះហាក់ដូចជាពិបាកយល់បន្តិច។ ប៉ុន្តែ ខ្ញុំត្រូវនឹកចាំថា យញ្ញបូជាដែលព្រះយេស៊ូវបានធ្វើ ជំនួសអ្នកនិងខ្ញុំ បានចប់សព្វគ្រប់ហើយ . . . ទោះបីជា ការរស់នៅរបស់យើង នៅក្នុងជីវិតនេះ កំពុងតែស្ថិតនៅក្នុង ដំណើរការទៅមុខ ក៏ដោយ។ ការនឹកចាំដូចនេះ នឹងលើកទឹកចិត្តខ្ញុំ ពេលខ្ញុំតយុទ្ធខាងវិញ្ញាណ។ គ្មានអ្វីអាចរារាំងចុងបញ្ចប់ ដែលទ្រង់បានរៀបចំ តាមព្រះហឫទ័យរបស់ទ្រង់ឡើយ គឺចុងបញ្ចប់ ដែលព្រះទ្រង់នឹងធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈដូចទ្រង់(២ កូរិនថូស ៣:១៨)។—Adam Holz