បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំបានរស់នៅ ក្នុងផ្ទះរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏បានរកឃើញថា បន្ទប់ទទួលភ្ញៀវបានស្រុត ដោយមានស្នាមប្រេះ នៅលើជញ្ជាំង ហើយបង្អួចក៏បើកលែងបានទៀត។ ក្រោយមក ពួកគេក៏បានដឹងថា កាលពីមុន គេបានសាងសង់បន្ទប់នោះបន្ថែម ដោយគ្មានគ្រឹះ។ ការកែលម្អសំណង់ដែលគេបានសង់ ដោយខ្វះការប្រុងប្រយ័ត្នដូចនេះ ត្រូវការពេលវេលារាប់ខែ ព្រោះជាងត្រូវចាក់គ្រឹះថ្មី។
ពួកគេក៏បានឲ្យជាងជួសជុលរួចរាល់ ហើយពេលខ្ញុំបានទៅលេងផ្ទះរបស់ពួកគេ ខ្ញុំមិនឃើញបន្ទប់នោះមានភាពខុសប្លែកអ្វីច្រើនទេ ទោះស្នាមប្រេះលែងឃើញមានទៀត ហើយបង្អួចក៏អាចបិទបើកឡើងវិញក្តី។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានយល់ឃើញថា ការមានគ្រឹះរឹងមាំ គឺពិតជាសំខាន់ណាស់។
ជីវិតរបស់យើង ក៏មានលក្ខណៈដូចនេះផងដែរ។
ព្រះយេស៊ូវបានមានបន្ទូលជារឿងប្រៀបប្រដូច អំពីអ្នកសង់ផ្ទះដែលឈ្លាសវៃ និងអ្នកសង់ផ្ទះម្នាក់ទៀត ដែលមានភាពល្ងង់ខ្លៅ(លូកា ៦:៤៦-៤៩)។ អស់អ្នកណាដែលស្ដាប់ព្រះបន្ទូលទ្រង់ ហើយប្រព្រឹត្តតាម គឺធៀបដូចជាមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួន នៅលើគ្រឹះរឹងមាំ គឺខុសពីអ្នកណាដែលស្ដាប់ព្រះបន្ទូលរបស់ទ្រង់ ហើយមិនស្តាប់បង្គាប់តាម។ សម្រាប់អ្នកដែលស្ដាប់ទ្រង់ ហើយប្រព្រឹត្តតាម ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ថា កាលណាមានព្យុះភ្លៀងបោកបក់មក នោះផ្ទះរបស់ពួកគេនឹងជាប់រឹងមាំដដែល។ សេចក្តីជំនឿរបស់ពួកគេ នឹងមិនត្រូវរង្គើឡើយ។
យ៉ាងណាមិញ យើងក៏អាចរកបានសន្តិភាពក្នុងចិត្ត ដោយដឹងថា កាលណាយើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយប្រព្រឹត្តតាម ទ្រង់នឹងសង់គ្រឹះរឹងមាំសម្រាប់ជីវិតរបស់យើង។ យើងអាចពង្រឹងសេចក្តីស្រឡាញ់របស់យើង ចំពោះទ្រង់ តាមរយៈការអានព្រះគម្ពីរ ការអធិស្ឋាន និងការរៀនសូត្រ ពីអ្នកជឿដទៃទៀត។ ដូច្នេះហើយ នៅពេលណាដែលយើងជួបប្រទះនឹងព្យុះភ្លៀង នៃការត្រូវគេក្បត់ ការឈឺចាប់ និងការខកចិត្ត នោះយើងអាចមានទំនុកចិត្តចំពោះគ្រឹះដ៏រឹងមាំរបស់យើង។ ព្រះអង្គសង្រ្គោះនៃយើងរាល់គ្នា ទ្រង់នឹងប្រទានជំនួយ ដែលយើងត្រូវការ។—Amy Boucher Pye