នៅ​ពេល​ដែល​ក្រុម​ការងារ​យើង​បាន​ចែក​អាហារ​សម្រន់​ដល់​កុមារ នៅ​កម្ម​វិធី​របស់​សាលា​ព្រះ​គម្ពីរ យើង​បាន​កត់​សំគាល់ ឃើញ​ក្មេង​ប្រុស​តូច​ម្នាក់ កំពុង​ញ៉ាំ​អាហារ​ដែល​យើង​ចែក​ឲ្យ​អស់​គ្មាន​សល់ ដោយ​សារ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ទៅ​រើ អាហារ​ដែល​ក្មេង​ដទៃ​ទៀត​ញាំ​សល់ នៅ​លើ​តុ​ជា​មួយ​គាត់​។ ​ក្រោយ​មក ខ្ញុំ​បាន​ឲ្យ​ពោត​លីង​មួយ​កញ្ចប់ ឲ្យ​គាត់​ញាំ​ថែម​ទៀត តែ​គាត់​នៅ​តែ​មិន​ឆ្អែត​ដដែល។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ យើង​មាន​ការ​ព្រួយ​បារម្ភ​ថា ហេតុ​អ្វី​បាន​ជា​ក្មេង​តូច​ម្នាក់​នេះ​ឃ្លាន​ខ្លាំង​យ៉ាង​នេះ។

រឿង​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា យើង​ក៏​អាច​មាន​ការ​ស្រេក​ឃ្លាន ក្នុង​ផ្លូវ​អារម្មណ៍ ដែល​មិន​ចេះ​ឆ្អែត​ឆ្អន់ ដូច​ក្មេង​ប្រុស​ម្នាក់​នេះ​ដែរ។ យើង​ខំ​ប្រឹង​ស្វែង​រក​វិធី​ជា​ច្រើន ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន ក្នុង​ជម្រៅ​ចិត្ត​យើង ប៉ុន្តែ យើង​នៅ​តែ​មិន​អាច​បំពេញចិត្ត​ខ្លួន​ឯង​ឲ្យ​ឆ្អែត​បាន។

ហោរា​អេសាយ​បាន​អញ្ជើញ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ឲ្យ“​មក​ទិញ ហើយ​បរិភោគ​” (អេសាយ ៥៥:១) ។ ប៉ុន្តែ បន្ទាប់មក​គាត់​ក៏​បាន​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់​ ឲ្យបាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កំឡាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ?” (ខ.២)។ ត្រង់​ចំណុច​នេះ លោក​អេសាយ​មិន​គ្រាន់​តែ​និយាយ​សំដៅ ទៅ​លើ​ការ​ស្រេក​ឃ្លាន ខាង​រូប​កាយ​ប៉ុណ្ណោះ​ទេ។  ព្រះ​ទ្រង់​អាច​ចម្អែត​ការ​ស្រេក​ឃ្លាន ទាំង​ខាង​វិញ្ញាណ និង​ខាង​ផ្លូវ​អារម្មណ៍​របស់​យើង តាម​រយៈ​ការ​សន្យា​ថា ទ្រង់​នឹង​មាន​ព្រះ​វត្ត​មាន នៅ​ជាប់​ជា​មួយ​យើង​ជា​និច្ច។ “ការ​តាំង​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប” នៅ ខ.៣ គឺ​ជា​ការ​រំឭក អំពី​ការ​សន្យា​មួយ ដែល​ព្រះ​ទ្រង់​ប្រទាន​ស្តេច​ដាវីឌ នៅ​ក្នុង​គម្ពីរ បទគម្ពីរ ២សាំយូអែល ៧:៨-១៦។ ​ព្រះទ្រង់​បាន​សន្យា​ថា ព្រះ​សង្រ្គោះ​មួយ​អង្គ​នឹង​យាង​មក​ប្រសូត្រ តាម​រយៈ​ពូជ​ពង្ស​របស់​ស្តេច​ដាវីឌ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​រវាង​មនុស្ស និង​ព្រះ​ឡើង​វិញ។ ក្រោយ​មក នៅ​ក្នុង​បទ​គម្ពីរ យ៉ូហាន ៦:៣៥ និង ៧:៣៧ ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​អស់​អ្នក​ស្រេក​ឃ្លាន ដូច​ដែល​ហោរា​អេសាយ បាន​ធ្វើដែ​រ គឺ​បាន​សេចក្តី​ថា ទ្រង់​បាន​ប្រកាសថា ទ្រង់​ជា​ព្រះ​អង្គ​សង្រ្គោះ ដែល​លោក​អេសាយ និង​ពួក​ហោរា​ដទៃ​ទៀត សុទ្ធ​តែ​បាន​ថ្លែង​ទំនាយ​អំពី​ទ្រង់​។

តើ​អ្នក​កំពុង​តែ​ស្រេក​ឃ្លាន​មែន​ទេ? ព្រះ​ទ្រង់​កំពុង​តែ​ត្រាស់​ហៅ​មនុស្ស​គ្រប់​គ្នា ឲ្យ​ចូល​មក​រក​ទ្រង់ ដើម្បី​ឲ្យ​បាន​ឆ្អែត នៅ​ក្នុង​ព្រះ​វត្ត​មាន​របស់​ទ្រង់ ​។—Linda Washington