អេលីសាបិត បាន​ខំប្រឹង​តយុទ្ធ នឹង​ការ​ញៀន​ថ្នាំ អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​ពេល​ដែល​នាង​បាន​ជា​សះស្បើយ នាង​ចង់​ជួយ​អ្នក​ឯទៀត​។ ដូច​នេះ នាង​ក៏​បាន​ចាប់​ផ្តើម​សរសេរ​នៅ​លើ​សន្លឹក​ក្រដាស ដោយ​មិន​បញ្ចេញ​ឈ្មោះ យក​ទៅ​បិទ​ផ្សាយ​ទូទាំង​ទីក្រុង​របស់​នាង។ អេលីសាបិត​បាន​យក​ក្រដាស​ដែល​នាង​បាន​សរសេរ ទៅ​ដាក់​គៀប​ពី​ក្រោម​ផ្លឹត​បក់​កញ្ចក់​ឡាន នៅ​តាម​ចំណត ហើយ​ក៏​បាន​យក​វា​ទៅ ដាក់​នៅ​លើ​បង្គោល ក្នុង​សួន​ច្បារ​នានា។ កាល​ពី​មុន នាង​ធ្លាប់​ព្យាយាម​ស្វែង​រក​ទីសំគាល់​នៃ​ក្តី​សង្ឃឹម តែ​ឥឡូវ​នេះ នាង​បាន​ព្យាយាម​ជួយ​អ្នក​ដទៃ ឲ្យ​រក​ឃើញ​ក្តី​សង្ឃឹម​នោះ។ ក្នុង​ចំណោម​ក្រដាស់​ដែល​នាង​បាន​សរសេរ ​មាន​ក្រដាស់​មួយ​សន្លឹក បាន​បញ្ចប់ ដោយ​ពាក្យ​ថា “ខ្ញុំ​សូម​ផ្ញើ​ក្តី​សង្ឃឹម ឲ្យ​អ្នក ដោយ​សេចក្តី​ស្រឡាញ់​ជា​ច្រើន”។

ព្រះ​យេស៊ូវ​បាន​ប្រទាន​យើង​រាល់​គ្នា  នូវ​ក្តី​សង្ឃឹម ដោយ​សេចក្ដី​ស្រឡាញ់។ ទ្រង់​ប្រទាន​ក្តី​ស្រឡាញ់ ដល់​យើង រៀង​រាល់​ថ្ងៃ ហើយ​ក៏​ពង្រឹង​យើង ដោយ​ក្ដី​សង្ឃឹម។ ទ្រង់​មិន​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ម្តង​មួយ​ដំណក់​ៗ​ឡើយ  ប៉ុន្តែ បានបង្ហូរ​ចេញ​ពី​ដួង​ព្រះទ័យ​របស់​ទ្រង់​មក ហើយ​ក៏​ចាក់​បង្ហូរ​ចូល​មក ក្នុង​ចិត្ត​របស់​យើង យ៉ាង​ហូរ​ហៀរ។ “ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ” (រ៉ូម ៥:៥)។ ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​ប្រើ​ពេល​លំបាក ដើម្បី​បង្កើត​ឲ្យ​មាន​ការ​អត់​ធ្មត់ និង​ចរិត​លក្ខណៈ​ល្អ​ៗ ហើយ​នាំ​យើង​ឲ្យ​មាន​ជីវិត ដែល​មាន​ការ​ស្កប់​ចិត្ត និង​ក្តី​សង្ឃឹម(ខ.៣-៤)។ ហើយ​ទ្រង់​នៅ​តែ​ស្រឡាញ់​យើង សូម្បី​តែ​នៅ​ពេល​ដែល​យើង​នៅ​ឆ្ងាយ​ពី​ទ្រង់​ក៏ដោយ​(ខ.៦-៨)។

តើ​អ្នក​កំពុង​ស្វែង​រក​ទី​សម្គាល់​នៃ​ក្តី​សង្ឃឹម​មែន​ទេ? ព្រះ​អម្ចាស់​ប្រទាន​ក្តី​សង្ឃឹម ដោយ​សេចក្ដី​ស្រឡាញ់ តាម​រយៈ​ការ​ត្រាស់​ហៅ​យើង ឲ្យ​លូត​លាស់ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ទ្រង់។ យើង​អាច​សង្ឃឹម​ថា យើង​នឹង​មាន​ជីវិត​ពេញ​បរិបូរ គឺ​ក្តី​សង្ឃឹម ដែល​បាន​បោះ​យុថ្កា​ជាប់ នឹង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដែល​មិន​ចេះ​ប្រែ​ប្រួល។-Anne Cetas