អេលីសាបិត បានខំប្រឹងតយុទ្ធ នឹងការញៀនថ្នាំ អស់រយៈពេលយ៉ាងយូរ ហើយពេលដែលនាងបានជាសះស្បើយ នាងចង់ជួយអ្នកឯទៀត។ ដូចនេះ នាងក៏បានចាប់ផ្តើមសរសេរនៅលើសន្លឹកក្រដាស ដោយមិនបញ្ចេញឈ្មោះ យកទៅបិទផ្សាយទូទាំងទីក្រុងរបស់នាង។ អេលីសាបិតបានយកក្រដាសដែលនាងបានសរសេរ ទៅដាក់គៀបពីក្រោមផ្លឹតបក់កញ្ចក់ឡាន នៅតាមចំណត ហើយក៏បានយកវាទៅ ដាក់នៅលើបង្គោល ក្នុងសួនច្បារនានា។ កាលពីមុន នាងធ្លាប់ព្យាយាមស្វែងរកទីសំគាល់នៃក្តីសង្ឃឹម តែឥឡូវនេះ នាងបានព្យាយាមជួយអ្នកដទៃ ឲ្យរកឃើញក្តីសង្ឃឹមនោះ។ ក្នុងចំណោមក្រដាស់ដែលនាងបានសរសេរ មានក្រដាស់មួយសន្លឹក បានបញ្ចប់ ដោយពាក្យថា “ខ្ញុំសូមផ្ញើក្តីសង្ឃឹម ឲ្យអ្នក ដោយសេចក្តីស្រឡាញ់ជាច្រើន”។
ព្រះយេស៊ូវបានប្រទានយើងរាល់គ្នា នូវក្តីសង្ឃឹម ដោយសេចក្ដីស្រឡាញ់។ ទ្រង់ប្រទានក្តីស្រឡាញ់ ដល់យើង រៀងរាល់ថ្ងៃ ហើយក៏ពង្រឹងយើង ដោយក្ដីសង្ឃឹម។ ទ្រង់មិនបានប្រទានសេចក្ដីស្រឡាញ់របស់ទ្រង់ ម្តងមួយដំណក់ៗឡើយ ប៉ុន្តែ បានបង្ហូរចេញពីដួងព្រះទ័យរបស់ទ្រង់មក ហើយក៏ចាក់បង្ហូរចូលមក ក្នុងចិត្តរបស់យើង យ៉ាងហូរហៀរ។ “ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ” (រ៉ូម ៥:៥)។ ព្រះទ្រង់សព្វព្រះទ័យនឹងប្រើពេលលំបាក ដើម្បីបង្កើតឲ្យមានការអត់ធ្មត់ និងចរិតលក្ខណៈល្អៗ ហើយនាំយើងឲ្យមានជីវិត ដែលមានការស្កប់ចិត្ត និងក្តីសង្ឃឹម(ខ.៣-៤)។ ហើយទ្រង់នៅតែស្រឡាញ់យើង សូម្បីតែនៅពេលដែលយើងនៅឆ្ងាយពីទ្រង់ក៏ដោយ(ខ.៦-៨)។
តើអ្នកកំពុងស្វែងរកទីសម្គាល់នៃក្តីសង្ឃឹមមែនទេ? ព្រះអម្ចាស់ប្រទានក្តីសង្ឃឹម ដោយសេចក្ដីស្រឡាញ់ តាមរយៈការត្រាស់ហៅយើង ឲ្យលូតលាស់ ក្នុងទំនាក់ទំនងជាមួយទ្រង់។ យើងអាចសង្ឃឹមថា យើងនឹងមានជីវិតពេញបរិបូរ គឺក្តីសង្ឃឹម ដែលបានបោះយុថ្កាជាប់ នឹងសេចក្តីស្រឡាញ់របស់ទ្រង់ ដែលមិនចេះប្រែប្រួល។-Anne Cetas