កាលពីឆ្នាំ១៩៨៦ កុមារ លេវ៉ាន មើរីត (Levan Merritt) អាយុ៥ឆ្នាំ បានធ្លាក់ចូលទៅក្នុងបរិវេណចិញ្ចឹមសត្វស្វាឪហ្គូរីឡា ដែលមានរបាំងជុំវិញ ជម្រៅ៦ម៉ែត្រ ក្នុងសួនសត្វជើស៊ី ប្រទេសអង់គ្លេស។ ខណៈពេលដែលឪពុកម្តាយ និងអ្នកឈរមើល ស្រែកឲ្យគេជួយ នោះស្រាប់តែមានស្វាឈ្មោលធំមួយក្បាល ឈ្មោះ ចាំបូ(Jambo) បានមកឈរនៅបាំងក្មេងប្រុសដែលដេកស្ដូកស្ដឹង ធ្វើឲ្យសត្វស្វាហ្គូរីឡាដទៃទៀតមិនអាចចូលមកក្បែរគាត់បាន។ បន្ទាប់មក វាក៏ចាប់ផ្តើមអង្អែលខ្នងក្មេងនោះថ្មមៗ។ នៅពេលដែលលេវ៉ាន ចាប់ផ្តើមស្រែកយំ ចាំបូក៏បាននាំស្វាហ្គូរីឡាដទៃទៀត ចេញទៅទ្រុងរបស់ពួកគេ ខណៈពេលដែលអ្នកយាមសួនសត្វ និងអ្នកបើកបររថយន្តសង្គ្រោះ បានចុះមកជួយសង្គ្រោះ។ ជាង៣០ឆ្នាំក្រោយមក លេវ៉ាននៅតែនិយាយ អំពីចាំបូ ដែលជាសត្វមានមាឌធំដ៏សប្បុរស ដែលប្រៀបបាននឹងទេវតាដែលបានការពារគាត់ ដែលបានប្រព្រឹត្តចំពោះគាត់ តាមរបៀបដែលមិននឹកស្មានដល់ និងគួរឲ្យភ្ញាក់ផ្អើល ដោយធ្វើឲ្យគាត់មានការផ្លាស់ប្តូរផ្នត់គំនិត ចំពោះសត្វស្តាហ្គូរីឡាជារៀងរហូត។
ហោរាអេលីយ៉ា ប្រហែលជាបានរំពឹងថា ព្រះជាម្ចាស់នឹងធ្វើការរបស់ទ្រង់ តាមរបៀបដ៏ជាក់លាក់ណាមួយ ប៉ុន្ដែ ព្រះលើអស់ទាំងព្រះ បានប្រើខ្យល់ព្យុះ ការរញ្ជួយផែនដីដ៏ខ្លាំង និងភ្លើងឆេះដ៏សន្ធោសន្ធៅ ដើម្បីបង្ហាញហោរារបស់ទ្រង់ ពីរបៀប ដែលគាត់មិនត្រូវគិតអំពីទ្រង់។ បន្ទាប់មក ទ្រង់ក៏បានប្រើសំឡេងតូចរហៀងៗ ដើម្បីបង្ហាញពីព្រះហប្ញទ័យ និងព្រះវត្តមានរបស់ទ្រង់(១ពង្សាវតាក្សត្រ ១៩:១១-១២)។
អេលីយ៉ាធ្លាប់បានឃើញព្រះចេស្ដារបស់ព្រះជាម្ចាស់ ពីមុនមកហើយ(១៨:៣៨-៣៩)។ ប៉ុន្ដែ គាត់មិនបានយល់ទាំងស្រុង អំពីព្រះមួយអង្គ ដែលចង់ឲ្យគេដឹងថា ទ្រង់មិនគ្រាន់តែជាព្រះដ៏ធំប្រសើរ ហើយគួរឲ្យស្ញែងខ្លាចបំផុតប៉ុណ្ណោះឡើយ(១៩:១០,១៤)។
នៅទីបំផុត សំលេងតូចរហៀងៗនោះ ក៏បានរកឃើញអត្ថន័យដ៏ពេញលេញ នៅក្នុងភាពសុភាពដ៏អស្ចារ្យ របស់ព្រះយេស៊ូវ ដែលបានមានបន្ទូលថា “អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ” (យ៉ូហាន១៤:៩)។ បន្ទាប់មក ទ្រង់ក៏នៅស្ងៀម បណ្ដោយឲ្យគេបោះដែកគោលភ្ជាប់ទ្រង់នឹងឈើឆ្កាង។ នេះជាកិច្ចការដែលនឹកស្មានមិនដល់ ហើយប្រកបដោយក្ដីមេត្តាករុណា ដែលព្រះដ៏ធំប្រសើរ បានធ្វើសម្រាប់យើងរាល់គ្នា ដោយស្រឡាញ់យើងរាល់គ្នា។-Mart DeHaan