ខ្សែភាពយន្ត នៅឆ្នាំ២០១០ ដែលមានចំណងជើងថា “សុន្ទរកថារបស់ព្រះមហាក្សត្រ” បាននិយាយអំពីរឿងរ៉ាវ នៃស្តេចអង់គ្លេស ព្រះនាម ចច ទី៦ (George VI) ដែលបានឡើងស្នងរាជសម្បត្តិ ដោយមិនបានរំពឹងទុក នៅពេលព្រះជេដ្ឋារបស់ទ្រង់បោះបង់ចោលរាជបល្ល័ង្ក។ ដោយសារប្រទេសជិតធ្លាក់ចូល ទៅក្នុងសង្គ្រាមលោកលើកទី២ ពួកមន្ដ្រីរដ្ឋាភិបាលចង់បានមេដឹកនាំ ដែលប៉ិនប្រសប់ក្នុងការនិយាយកំឡាចិត្តប្រជាជនតាមវិទ្យុ ព្រោះនៅសម័យនោះ តួនាទីរបស់វិទ្យុ កំពុងតែមានឥទ្ធិពលកាន់តែខ្លាំងឡើង ក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្ដែ ស្ដេចចច ទី៦ មានបញ្ហានិយាយត្រដិត។
ខ្ញុំមានការចាប់អារម្មណ៍ជាពិសេស ចំពោះរបៀបដែលខ្សែភាពយន្តនេះ បង្ហាញតួអង្គមហេសីរបស់ទ្រង់ គឺព្រះនាង អេលីសាបិត។ រៀងរាល់ពេលដែលទ្រង់ជួបការលំបាក នៅក្នុងការថ្លែងសុន្ទរកថា មហេសីរបស់ទ្រង់ តែងតែធ្វើជាប្រភពលើកទឹកចិត្តដ៏ខ្ជាប់ខ្ជួនរបស់គាត់។ ការស្ម័គ្រស្មោះដែលមិនប្រែប្រួលរបស់ព្រះនាង បានផ្ដល់នូវការគាំទ្រដែលទ្រង់ត្រូវការជាចាំបាច់ ដើម្បីយកឈ្នះលើឧបសគ្គរបស់ទ្រង់ ហើយបានគ្រប់គ្រងប្រទេសបានល្អប្រសើរ ក្នុងអំឡុងពេលសង្គ្រាម។
ព្រះគម្ពីរបានចែងអំពីរឿងរបស់អ្នកលើកទឹកចិត្ដជាច្រើន ដែលបានផ្ដល់ជំនួយដ៏មានអំណាច ក្នុងកាលៈទេសៈដ៏លំបាក។ ឧទាហរណ៍ លោកម៉ូសេមានលោកអើរ៉ុន និងលោកហ៊ើ ជាអ្នកជួយជ្រោមជ្រែង ក្នុងអំឡុងពេលអ៊ីស្រាអែលធ្វើសង្រ្គាម(និក្ខមនំ ១៧:៨-១៦)។ នាងអេលីសាបិតបានលើកទឹកចិត្តនាងម៉ារា ជាសាច់ញាតិ ដែលមានផ្ទៃពោះ(លូកា ១:៤២-៤៥)។
បន្ទាប់ពីលោកប៉ុលបានប្រែចិត្តទទួលជឿព្រះ គាត់ត្រូវការការជួយជ្រោមជ្រែងពីលោកបាណាបាស ដែលឈ្មោះរបស់គាត់ មានន័យថា “កូននៃការលើកទឹកចិត្ត”។ នៅពេលដែលពួកសិស្សភ័យខ្លាចលោកប៉ុល លោកបាណាបាសក៏និយាយធានា ឲ្យគាត់ ដោយប្រថុយនឹងការបាត់បង់កេរ្តិ៍ឈ្មោះ(កិច្ចការ ៩:២៧)។ ការជួយជ្រោមជ្រែងរបស់គាត់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះសាវ័កប៉ុល ដើម្បីឲ្យបានទទួលស្វាគមន៍ ពីសហគមន៍គ្រីស្ទបរិស័ទ។ ក្រោយមក លោកបាណាបាសក៏បានបម្រើព្រះ ដោយរួមដំណើរ និងធ្វើជាគូកនផ្សាយដំណឹងល្អ ជាមួយសាវ័កប៉ុល(កិច្ចការ ១៤)។ ទោះមានគ្រោះថ្នាក់ក៏ដោយ ក៏ពួកគេបានធ្វើការជាមួយគ្នា ដើម្បីប្រកាសដំណឹងល្អ។
អ្នកដែលជឿលើព្រះយេស៊ូវ នៅតែមានការត្រាស់ហៅ ឲ្យ “លើកទឹកចិត្ដ ហើយស្អាងចិត្តគ្នា ទៅវិញទៅមក”( ១ថែស្សាឡូនីច ៥:១១)។ ចូរយើងមានចិត្តស្រេកឃ្លាន ក្នុងការលើកទឹកចិត្ត ដើម្បីជួយអ្នកដទៃ ជាពិសេស គឺអស់អ្នកដែលស្ថិតក្នុងកាលៈទេសៈដ៏ពិបាក។—LISA SAMRA