ខណៈពេលដែលខ្ញុំកំពុងជជែកគ្នា តាមទូរស័ព្ទ ជាមួយមិត្តភក្តិរបស់យើងម្នាក់ ដែលកំពុងរស់នៅក្បែរមាត់សមុទ្រ ខ្ញុំក៏បានបង្ហាញនូវចិត្តរីករាយ នៅក្នុងការស្តាប់សម្លេងសត្វរំពេរស្រែកយំ។ នាងក៏បានឆ្លើយតបថា សម្រាប់នាង សត្វរំពេរទាំងនោះជាសត្វចង្រៃ ព្រោះពួកវាបានរំខាននាងជារៀងរាល់ថ្ងៃ។ ក្នុងនាមជាអ្នករស់នៅក្នុងទីក្រុងឡុងដ៍ ខ្ញុំក៏មានអារម្មណ៍ដូចនេះ ចំពោះសត្វកញ្រ្ជោងផងដែរ។ ខ្ញុំមិនគិតថា ពួកវាជាសត្វដែលគួរឲ្យស្រឡាញ់នោះទេ តែវាជាសត្វដែលដើរចុះដើរឡើងៗ ក្នុងតំបន់ដែលខ្ញុំរស់នៅ ដោយបន្សល់ទុកនូវសំរាមរាយប៉ាយ និងក្លិនស្អុយ។
ស្តេចសាឡូម៉ូនបានមានបន្ទូល អំពីសត្វចចក នៅក្នុងបទកំណាព្យស្នេហា នៃកណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន ដែលជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលបានបើកបង្ហាញនូវសេចក្តីស្រឡាញ់រវាងប្តី និងប្រពន្ធ ហើយអ្នកអធិប្បាយព្រះបន្ទូលមួយចំនួនជឿថា រឿងក្នុងកណ្ឌគម្ពីរនេះ ជារឿងប្រៀបប្រដូច អំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងរាស្រ្តរបស់ទ្រង់។ ក្នុងរឿងនេះ កូនក្រមុំបានដាស់តឿន អំពីកូនចចក ដោយសុំឲ្យកូនកំឡោះរបស់នាង ទៅចាប់ពួកវា(២:១៥)។ សត្វចចកទាំងនោះ អាចបំផ្លាញដំណំាក្នុងចំការទំពាំងបាយជូរ ដោយសារវាឃ្លានផ្លែទំពាំងបាយជូរ។ ខណៈពេលដែលកូនក្រមុំកំពុងទន្ទឹងរង់ចាំការរស់នៅជាប្តីប្រពន្ធ នាងមិនចង់ឲ្យសត្វចង្រៃទាំងនោះ រំខានចំណងនៃសេចក្តីស្រឡាញ់របស់នាងឡើយ។
តើ “សត្វចចក” អាចរំខានទំនាក់ទំនង ដែលយើងមានជាមួយព្រះជាម្ចាស់ដោយរបៀបណា? សម្រាប់ខ្ញុំ សត្វចចកនោះ គឺជាការរំខានរបស់អ្នកដែលបានធ្វើការស្នើសុំមកខ្ញុំច្រើនពេក ដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មិនអាចទ្រាំទ្របាន និងមិនសប្បាយចិត្ត។ ពេលខ្លះ ការរំខាននោះ អាចជាជម្លោះនៅក្នុងទំនាក់ទំនងដែលខ្ញុំបានជួប ដែលអាចធ្វើឲ្យខ្ញុំអស់សង្ឃឹម ឬខឹងជាដើម។ ខ្ញុំបានបើកទ្វាឲ្យ“សត្វចចក ឬការរំខាន” ទាំងនោះ ចូលមកក្នុងជីវិតខ្ញុំ ពុំនោះទេវាបានលួចចូល ដោយខ្លួនឯង។ ពេលដែលខ្ញុំទូលសូមឲ្យព្រះអម្ចាស់កាត់បន្ថយឥទ្ធិពលរបស់វា ខ្ញុំក៏មានទំនុកចិត្ត និងសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ ហើយទន្ទឹមនឹងនោះ ខ្ញុំក៏បានពិសោធន៍នឹងព្រះវត្តមាននៃសេចក្តីស្រឡាញ់ និងទិសដៅរបស់ទ្រង់។
ចុះចំណែកអ្នកវិញ? តើអ្នកអាចស្វែងរកជំនួយពីព្រះជាម្ចាស់ យ៉ាងដូចម្តេចខ្លះ ពេលដែលមានអ្វីមករំខាន់ទំនាក់ទំនងដែលអ្នកមានជាមួយទ្រង់? —AMY BOUCHER PYE