ក្រុមអភិវឌ្ឍន៍ទីក្រុង នៅទីក្រុងដេត្រយ រដ្ឋមីឈីហ្គិន បានប្រើពាក្យស្លោកថា “សូមមើលទីក្រុងរបស់យើងខ្ញុំ ដូចយើងខ្ញុំដែរ”។ ពួកគេបានប្រើពាក្យស្លោកនេះ ដើម្បីសម្រេចនូវចក្ខុវិស័យ ដែលពួកគេមាន សម្រាប់ពេលអនាគតនៃទីក្រុងនេះ។ ប៉ុន្តែ គម្រោងនេះក៏បានបញ្ឈប់ភ្លាមៗ ពេលដែលសមាជិកនៃសហគមន៍នោះ បានកត់សំគាត់ឃើញចំណុចដែលគេមើលរំលង នៅក្នុងយុទ្ធនាការនោះ។ ពលរដ្ឋអាមេរិកដែលមានដើមកំណើតអាហ្វ្រិក គឺជាក្រុមដែលមានគ្នាច្រើនជាងគេ ក្នុងចំណោមប្រជាជននៅទីក្រុង និងកម្លាំងពលកម្ម។ តែជនជាតិអាមេរិកស្បែកខ្មៅទាំងនោះ មិនមានវត្តមាន នៅក្នុងចំណោមហ្វូងមនុស្សដែលមានស្បែកស ដែលកំពុងឈរកាន់ផ្លាកសញ្ញា បដា និងផ្ទាំងផ្សព្វផ្សាយ ដើម្បីជំរុញឲ្យគេមើលទីក្រុងរបស់ពួកគេ ដូចពួកគេដែរនោះឡើយ។
ជនរួមជាតិរបស់ព្រះយេស៊ូវ ក៏មានចំណុចខ្វះខាត នៅក្នុងចក្ខុវិស័យ សម្រាប់ពេលអនាគតផងដែរ។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ របស់លោកអ័ប្រាហាំ ពួកគេមានការខ្វល់ខ្វាយជាបឋម អំពីអនាគតនៃជនជាតិយូដា។ ពួកគេមិនយល់សោះថា ហេតុអ្វីបានជាព្រះយេស៊ូវយកព្រះទ័យទុកដាក់ ចំពោះសាសន៍សាម៉ារី ពួកទាហានរ៉ូម៉ាំង ឬអ្នកដទៃទៀត ដែលមិនមានចំណែកជាមួយពួកគេ នៅក្នុងឫសគល់នៃគ្រួសារ គ្រូក្រឹត្យវិន័យ ឬការថ្វាយបង្គំនៅព្រះវិហារឡើយ។
ខ្ញុំក៏ធ្លាប់មើលរំលងអ្នកដទៃ ដូចអ្នកក្រុងដេត្រយ និងអ្នកក្រុងយេរូសាឡិមផងដែរ។ ខ្ញុំច្រើនតែវាយតម្លៃមនុស្ស តាមការយល់ដឹងរបស់ខ្ញុំ ហើយក៏បានមើលរំលងអ្នកដែលខ្ញុំមិនអាចគិតយល់។ តែព្រះទ្រង់មានវិធីនាំការរួបរួម ចូលទៅក្នុងភាពចម្រុះរបស់យើង។ តាមពិត យើងមានលក្ខណៈជាច្រើនដែលដូចគ្នា លើសការយល់ដឹងរបស់យើង។
ព្រះនៃយើងបានជ្រើសរើសជនដែលរស់នៅចល័ត ក្នុងវាលរហោស្ថាន ឈ្មោះអ័ប្រាហំា ដើម្បីនាំព្រះពរដល់មនុស្សទាំងអស់ ក្នុងពិភពលោក(លោកុប្បត្តិ ១២:១-៣)។ ព្រះយេស៊ូវស្គាល់ ហើយស្រឡាញ់មនុស្សរាល់គ្នា ដែលយើងមិនទាន់ស្គាល់ និងមិនបានស្រឡាញ់។ យើងទាំងអស់គ្នារស់នៅ ដោយសារព្រះគុណ និងសេចក្តីមេត្តារបស់ព្រះមួយអង្គ ដែលអាចជួយយើង ឲ្យមើលឃើញគ្នាទៅវិញទៅមក និងមើលឃើញទីក្រុងរបស់យើង ព្រមទាំងនគរទ្រង់ ដូចដែលទ្រង់បានទតឃើញយើងដែរ។—MART DEHAAN