មានការផ្សាយព័ត៌មានមួយ បានហៅថ្ងៃមួយនោះថា “ថ្ងៃដែលមានគ្រីស្ទបរិស័ទស្លាប់ច្រើនបំផុត ក្នុងពេលតែមួយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍”។ ការវាយប្រហារនៅកន្លែងពីរផ្សេងគ្នា មកលើអ្នកថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ កាលពីខែមេសា ឆ្នាំ២០១៧ បានធ្វើឲ្យយើងគិតមិនយល់។ យើងមិនដឹងថា ត្រូវប្រើពាក្យអ្វី ដើម្បីពិពណ៌នា អំពីការបង្ហូរឈាមនៅក្នុងកន្លែងថ្វាយបង្គំព្រះ។ ប៉ុន្តែ អ្នកដែលស្គាល់ទុក្ខលំបាកនេះច្បាស់ អាចជួយពន្យល់យើងបាន។
មនុស្សភាគច្រើន នៅទីក្រុងយេរូសាឡិម ត្រូវបានគេនិរទេស ឬត្រូវគេសម្លាប់ នៅសម័យ ដែលលោកអេសាភនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៧៤។ គាត់បានបង្ហាញចេញនូវចិត្តឈឺចាប់របស់គាត់ នៅក្នុងការពិពណ៌នា អំពីការបំផ្លិចបំផ្លាញព្រះវិហារ ពីសំណាក់ពួកឈ្លានពានដ៏សាហាវព្រៃផ្សៃ។ គាត់ពោលថា “ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោ
នៅកណ្តាលជំនុំរបស់ទ្រង់”(ខ.៤)។ “ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី”(ខ.៧)។
តែអ្នកនិពន្ធបទគម្ពីរទំនុកដំកើងរូបនេះ បានរកឃើញកន្លែងសម្រាប់ឈរ ក្នុងពេលដ៏ពិបាកនោះ ហើយបានលើកទឹកចិត្តយើងថា យើងក៏អាចធ្វើដូចគាត់ផងដែរ។ លោកអេសាភក៏បានពោលទៀតថា “ព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំ តាំងតែពីបុរាណមក ទ្រង់ក៏ប្រោសប្រទានសេចក្តីសង្គ្រោះនៅកណ្តាលផែនដី”(ខ.១២)។ សេចក្តីពិតនេះធ្វើឲ្យលោកអេសាភអាចសរសើរដំកើងអំណាចចេស្តារបស់ព្រះជាម្ចាស់ ទោះបីជានៅពេលនោះ គាត់ហាក់ដូចជាមិនឃើញការសង្រ្គោះរបស់ព្រះជាម្ចាស់ក៏ដោយ។ លោកអេសាភក៏បានអធិស្ឋានថា “សូមទ្រង់យល់ដល់សេចក្តីសញ្ញា …។ ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ ទាំងមានសេចក្តីខ្មាសនោះឡើយ សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត បានសរសើរដល់ព្រះនាមទ្រង់វិញ”(ខ.២០-២១)។
មានពេលខ្លះយើងហាក់ដូចជាមិនឃើញមានយុត្តិធម៌ និងសេចក្តីមេត្តាករុណារបស់ព្រះ តែសេចក្តីស្រឡាញ់ និងអំណាចចេស្តារបស់ទ្រង់ មិនដែលអន់ថយឡើយ។ បានជាយើងអាចពោលឡើង ដោយមានទំនុកចិត្តថា “ព្រះជាម្ចាស់ គឺជាស្តេចរបស់ខ្ញុំ”។- TIM GUSTAFSON