កាលពីឆ្នាំ ២០០៥ លោកខូលីន(Collins) បានផ្តល់របាយការណ៍ក្លែងក្លាយ ដែលបណ្តាលឲ្យលោកមែកគីចូលគុកអស់៤ឆ្នាំ ហើយលោកមែកគីបានសច្ចារថា នឹងទៅរកលោកខូលីន ដើម្បីសងសឹក ពេលគាត់ចេញពីគុក។ ទីបំផុត លោកមែកគីក៏បានរួចទោស ហើយគាតក៏បានបាត់បង់អ្វីៗគ្រប់យ៉ាង។ ទន្ទឹមនឹងនោះ គេក៏បានរកឃើញរបាយការណ៍ក្លែងក្លាយជាច្រើនរបស់លោកខូលីន ហើយគាត់ក៏បានបាត់បង់ការងារ ហើយត្រូវចូលគុកផងដែរ។ បុរសទាំងពីរក៏បានទទួលជឿព្រះគ្រីស្ទ ខណៈពេលដែលពួកគេកំពុងជាប់ឃុំខ្លួននៅក្នុងគុក។
នៅឆ្នាំ ២០១៥ អ្នកទាំងពីរក៏បានដឹងថា ពួកគេកំពុងតែធ្វើការ នៅក្នុងក្រុមហ៊ុនតែមួយ ដែលក្រុមហ៊ុននោះដំណើរការ ដោយផ្អែកទៅលើជំនឿគ្រីស្ទបរិស័ទ។ លោកខូលីនក៏បានរំឭកថា គាត់បានប្រាប់លោកមែកគីថា “ខ្ញុំមិនដឹងថា ត្រូវបកស្រាយយ៉ាងដូចម្តេចទេ។ ខ្ញុំគ្រាន់តែចង់សុំទោសប៉ុណ្ណោះ”។ លោកមែកគីក៏បានឆ្លើយថា “នេះជាអ្វីដែលខ្ញុំចង់ឮអ្នកនិយាយ”។ លោកមែកគីក៏បានអត់ទោសឲ្យគាត់។ អ្នកទាំងពីរអាចផ្សះផ្សាឡើងវិញ ព្រោះពួកគេសុទ្ធតែបានពិសោធន៍នឹងសេចក្តីស្រឡាញ់ និងការអត់ទោសដែលគ្មានអ្វីប្រៀបផ្ទឹម របស់ព្រះជាម្ចាស់ ដែលបានជួយយើង ឲ្យអាច “អត់ទោសឲ្យគេ ដូចដែលទ្រង់បានអត់ទោសឲ្យយើង”(កូល៉ុស ៣:១៣)។
សព្វថ្ងៃនេះ អ្នកទាំងពីរក៏បានក្លាយជាមិត្តជិតស្និទ្ធ។ លោកខូលីនក៏បាននិយាយថា“យើងមានបេសកកម្មរួមមួយ … គឺត្រូវធ្វើយ៉ាងណា ឲ្យលោកិយដឹងថា បើអ្នកជំពាក់ការសុំទោស នឹងនរណាម្នាក់ នោះត្រូវជម្រុះភាពអំណួតរបស់អ្នកចោល ហើយទៅសុំទោសគេ។ បើអ្នកមានការប្រកាន់ទោស ចំពោះនរណាម្នាក់ នោះត្រូវជម្រះភាពល្វីងជូរចត់ចេញពីចិត្ត ព្រោះវាមិនខុសអីពីការផឹកថ្នាំពុលខ្លួនឯង ហើយសង្ឃឹមថា គេនឹងពុលថ្នាំនោះ”។
ព្រះទ្រង់បានត្រាសហៅអ្នកជឿទ្រង់ ឲ្យរស់នៅ ក្នុងសន្តិភាព និងការរួបរួម។ បើយើងមានការប្រកាន់ទោស ចំពោះនរណាម្នាក់ យើងអាចថ្វាយការនោះទៅទ្រង់។ ទ្រង់នឹងជួយយើងឲ្យមានការផ្សះផ្សាគ្នា(ខ.១៣-១៥ ភីលីព ៤:៦-៧)។ —ALYSON KIEDA