ពេលដែលលោកសាយម៉ុនមានឱកាសទទួលមុខនាទីថ្មី នៅកន្លែងធ្វើការ គាត់ជឿថា វាជាឱកាស ដែលព្រះទ្រង់ប្រទាន។ បន្ទាប់ពីគាត់បានអធិស្ឋាន សូមព្រះទ្រង់ជួយគាត់ ក្នុងការសម្រេចចិត្ត និងការដឹកនាំ គាត់ក៏បានដឹងថា ព្រះអង្គកំពុងតែប្រទានឲ្យគាត់មានឱកាស ដើម្បីមានការទទួលខុសត្រូវកាន់តែធំជាងមុន។ អ្វីៗក៏មានភាពរលូន ហើយចៅហ្វាយរបស់គាត់ ក៏បានគាំទ្រការសម្រេចចិត្តរបស់គាត់។ ប៉ុន្តែ បន្ទាប់មក អ្វីៗក៏បានចាប់ផ្តើមមានបញ្ហា។ មិត្តរួមការងាររបស់គាត់ខ្លះ មិនពេញចិត្តនឹងការឡើងតំណែងរបស់គាត់ ហើយក៏បានបដិសេធន៍មិនព្រមសហការណ៍ជាមួយគាត់។ គាត់ក៏ចាប់ផ្តើមឆ្ងល់ថា តើគាត់គួរតែបោះបង់ចោលឬអត់?
ពេលដែលពួកអ៊ីស្រាអែលវិលត្រឡប់មកទីក្រុងយេរូសាឡិម ដើម្បីកសាងដំណាក់របស់ព្រះឡើងវិញ ពួកខ្មាំងសត្រូវក៏បានព្យាយាមធ្វើឲ្យពួកគេមានការភ័យខ្លាច និងការបាក់ទឹកចិត្ត(អែសរ៉ា ៤:៤)។ ពួកអ៊ីស្រាអែលក៏បានផ្អាកការសាងសង់ ប៉ុន្តែ ពួកគេក៏បានធ្វើបន្តទៀត ពេលដែលព្រះទ្រង់លើកទឹកចិត្តពួកគេ តាមរយៈហោរាហាកាយ និងហោរាសាការី(៤:២៤-៥:២)។
ពួកខ្មាំងសត្រូវក៏បានមករករឿងពួកគេជាថ្មីម្តងទៀត។ ប៉ុន្តែ លើកនេះ ពួកគេបានអត់ទ្រាំ ដោយដឹងថា “ព្រះនេត្រនៃព្រះរបស់ពួកគេ បានទតមើលពួកគេ”(៥:៥)។ ពួកគេក៏បានប្រកាន់ខ្ជាប់ តាមការណែនាំរបស់ព្រះជាម្ចាស់ ហើយក៏បានទុកចិត្តថា ទ្រង់នឹងចម្លងពួកគេ ឲ្យឆ្លងកាត់ការប្រឆាំង ដែលពួកគេកំពុងជួបប្រទះ។ ជាការពិតណាស់ ព្រះទ្រង់ក៏បានប៉ះពាល់ព្រះទ័យរបស់ស្តេចពើរស៊ី ឲ្យគាំទ្រការសាងសង់ព្រះវិហារ ដល់ចប់សព្វគ្រប់(ខ.១៣-១៤)។
យ៉ាងណាមិញ លោកសាយមុនក៏បានស្វែងរកប្រាជ្ញាពីព្រះជាម្ចាស់ ក្នុងសម្រេចចិត្តថា តើគាត់គួរតែបន្តការងាររបស់គាត់ ឬត្រូវស្វែងរកមុននាទីថ្មី។ ពេលគាត់ដឹងថា ព្រះទ្រង់កំពុងត្រាសហៅគាត់ ឲ្យបន្តនៅធ្វើការ គាត់ក៏បានពឹងផ្អែកលើកម្លាំងរបស់ទ្រង់ ដើម្បីអត់ទ្រាំនឹងទុក្ខលំបាក។ ក្រោយមក មិត្តរួមការងាររបស់គាត់ ក៏បានទទួលស្គាល់គាត់ បន្តិចម្តងៗ។
ខណៈពេលដែលយើងព្យាយាមដើរតាមព្រះជាម្ចាស់ ទោះទ្រង់ដាក់យើងនៅកន្លែងណាក៏ដោយ យើងអាចជួបការប្រឆាំង ក្នុងដំណើររបស់យើង។ ហេតុនេះហើយ យើងចាំបាច់ត្រូវបន្តដើរតាមទ្រង់។ ទ្រង់នឹងដឹកនាំយើង ហើយចម្លងយើងដល់ត្រើយ។—LESLIE KOH