ថ្ងៃមួយ ខ្ញុំបានបើកឡាន ចម្ងាយប្រហែល៨០គីឡ៉ូម៉ែត្រ ដើម្បីទៅជួបបុគ្គលិកដែលធ្វើការពីចម្ងាយ របស់ក្រុមហ៊ុនរបស់ខ្ញុំ។ ពេលនោះ យើងមានការសន្ទនាដ៏ពិបាក ជាមួយគាត់ ហើយខ្ញុំក៏បានទទួលដំណឹងពីបុគ្គលិកម្នាក់ទៀតថា គាត់បានធ្វើខុសនឹងគោលការណ៍របស់ក្រុមហ៊ុនយើង ហើយខ្ញុំមានការបារម្ភខ្លាចខូចឈ្មោះក្រុមហ៊ុន ដោយសារគាត់។ ខ្ញុំក៏មានអារម្មណ៍ថា ចង់ផ្តល់យោបល់មួយ ដើម្បីឲ្យគាត់ផ្លាស់ប្តូរគំនិត។
ក្នុងបទគម្ពីរ ១សាំយ៉ូអែល ២៥ មានមនុស្សមិនសមទំនងម្នាក់ បានហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដើម្បីទៅជួបអនាគតស្តេចរបស់អ៊ីស្រាអែល ដែលហៀបនឹងធ្វើការសម្រេចចិត្ត ដែលនឹងនាំមកនូវភាពហិនវិនាស។ នាងអ័ប៊ីកែលបានរៀបការជាមួយណាបាល ដែលមានអត្តចរិតមិនល្អ សមនឹងអត្ថន័យរបស់ឈ្មោះខ្លួន (ដែលមានន័យថា “មនុស្សឡប់”) (ខ.៣,២៥)។ ណាបាលបានបដិសេធមិនព្រមបង់ថ្លៃឈ្នួលឲ្យដាវីឌ និងកងទ័ពរបស់គាត់ តាមប្រពៃណី សម្រាប់ការការពារហ្វូងសត្វរបស់ខ្លួន(ខ.១០-១១)។ នាងអ័ប៊ីកែលក៏បានដឹងថា ដាវីឌមានផែនការសងសឹង មកលើគាត់ ហើយនាងក៏ដឹងផងដែរថា ប្តីដ៏ល្ងីល្ងើរបស់នាងមិនព្រមស្តាប់នាងឡើង។ នាងក៏បានត្រៀមខ្លួនដើម្បីធ្វើការផ្សះផ្សា ដោយធ្វើដំណើរទៅជួបដាវីឌ ហើយបញ្ចុះបញ្ចូលគាត់ ឲ្យផ្លាស់ប្តូរគំនិត(ខ.១៨-៣១)។
តើនាងអ័ប៊ីកែលបានសម្រេចការនេះដោយរបៀបណា? បន្ទាប់ពីនាងបានឲ្យគេដឹកអាហារនឹងសត្វលា យកទៅឲ្យដាវីឌ និងពួកប្រុសៗរបស់គាត់ ហើយដោះស្រាយរឿងបំណុលនោះហើយ នាងក៏បានប្រាប់ការពិត ដល់ដាវីឌ។ នាងបានធ្វើការរំឭកប្រកបដោយប្រាជ្ញា ដល់ដាវីឌ ដើម្បីឲ្យគាត់នឹកចាំថា ព្រះទ្រង់បានត្រាស់ហៅគាត់។ បើគាត់នៅតែចចេសចង់សងសឹក នោះពេលដែលព្រះជាម្ចាស់ឲ្យគាត់ឡើងធ្វើស្តេច គាត់នឹង “មានការស្តាយក្រោយ ចំពោះការកម្ចាយឈាម ដែលមិនចាំបាច់នោះ”(ខ.៣១)។
អ្នកក៏ប្រហែលជាដឹងថា មាននរណាម្នាក់ហៀបនឹងធ្វើកំហុសដ៏គ្រោះថ្នាក់ ដែលអាចបណ្តាលឲ្យអ្នកដទៃរងគ្រោះ ហើយប៉ះពាល់ដល់ការងារ ដែលគាត់បានសន្យាថានឹងធ្វើថ្វាយព្រះ នៅពេលអនាគត។ បើដូច្នោះមែន នោះព្រះទ្រង់ប្រហែលជាកំពុងតែត្រាសហៅអ្នក ឲ្យទៅជួបនិយាយជាមួយគាត់ ដើម្បីកុំឲ្យគាត់ធ្វើការសម្រេចចិត្តខុស។ —ELISA MORGAN