ថ្ងៃមួយ មិត្តភក្តិខ្ញុំមានចិត្តអន្ទះសាចង់មានការជួបជុំគ្រួសារ និងមិត្តភក្តិ នៅផ្ទះគាត់ នៅថ្ងៃបុណ្យដ៏សប្បាយរីករាយ។ ភ្ញៀវម្នាក់ៗបានទន្ទឹងរង់ចាំ ការជួបជុំគ្នា នៅជុំវិញតុ ហើយចង់ជួយកាត់បន្ថយចំណាយ ទៅលើម្ហូបសម្រាប់មនុស្សជាច្រើនយ៉ាងនេះ។ អ្នកខ្លះក៏បានយកនំប៉័ងមក ខ្លះយកសាឡាត់ ឬម្ហូបបន្លែមកផ្ទះគាត់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះ មានភ្ញៀវម្នាក់កំពុងជួបការខ្វះខាតខុសពីគេ។ នាងចង់ចំណាយពេលជាមួយអ្នកដែលខ្លួនស្រឡាញ់ តែទោះជាយ៉ាងណាក៏ដោយ នាងមិនមានលទ្ធភាពទិញអាហារអ្វីឡើយ។ ដូចនេះ នាងក៏បានសុំជួយសម្អាតផ្ទះ ដើម្បីធ្វើជាអំណោយដល់ម្ចាស់ផ្ទះ។
គេនៅតែស្វាគមន៍នាង ឲ្យចូលមកអង្គុយនៅតុជាមួយពួកគេ ទោះនាងមកដោយដៃទទេក៏ដោយ។ តែនាងនៅតែមើលឃើញអ្វីដែលនាងពិតជាអាចផ្តល់ឲ្យបាន គឺពេលវេលា និងជំនាញរបស់នាង យកមកកន្លែងជួបជុំគ្នា នៅពេលល្ងាចនោះ ដោយអស់ពីចិត្ត។ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីអត្ថន័យនៃការបង្រៀនរបស់សាវ័កប៉ុល នៅក្នុងបទគម្ពីរ ២កូរិនថូស ៨។ អ្នកទទួលសំបុត្ររបស់គាត់ មានចិត្តអន្ទះសាចង់ជួយគ្រីស្ទបរិស័ទមួយចំនួន ហើយគាត់ក៏បានជំរុញពួកគេ ឲ្យជួយអ្នកទាំងនោះ តាមដែលអាចធ្វើទៅបាន។ គាត់បានសរសើរទឹកចិត្ត និងការស្ម័គ្រចិត្តរបស់ពួកគេ ដោយមានប្រសាសន៍ថា ព្រះទ្រង់សព្វព្រះទ័យនឹងអំណាយទាំងតូចធំរបស់ពួកគេ គឺដោយសារតែទឹកចិត្តដែលពួកគេមាន នៅក្នុងការឲ្យ(ខ.១២)។
ជាញឹកញាប់ យើងច្រើនតែប្រញាប់ប្រៀបធៀបអំណោយរបស់យើង ជាមួយនឹងអំណោយរបស់អ្នកដទៃ ជាពិសេស នៅពេលដែលធនធានរបស់យើង មិនល្មមនឹងផ្តល់ឲ្យគេ ឲ្យបានច្រើនដូចចិត្ត។ ប៉ុន្តែ ព្រះទ្រង់បានឲ្យតម្លៃ ចំពោះការឲ្យរបស់យើង តាមរបៀបខុសពីនេះ។ សរុបមក ទ្រង់សព្វព្រះទ័យនឹងទឹកចិត្ត ដែលយើងមាន នៅក្នុងការឲ្យ។—KIRSTEN HOLMBERG