មុន​ពេល​ប្រតិទិន​ឈាន​ចូល​ដល់​ខែ​ធ្នូ ការ​អប​អរ​បុណ្យ​ណូអែល​ក៏​បាន​ចាប់​ផ្តើម នៅ​ក្នុង​ក្រុង​ខាង​ជើង ដែល​ជា​ក្រុង​របស់​ខ្ញុំ។ ខ្ញុំបាន​ឃើញ​ការិយ៉ាល័យ​សុខា​ភិបាល​មួយ​កន្លែង មាន​ការ​តុប​តែង​ដើម​ណូអែល ដោយ​យក​ភ្លើង​ពណ៌​មក​ចង​លម្អ ឲ្យ​មាន​ពណ៌​ចម្រុះ សម្រាប់​បញ្ចេញ​ពន្លឺ​ដ៏​គួរ​ឲ្យ​គយ​គន់​នៅ​ពេល​យប់។ ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ក្រុម​ហ៊ុន​មួយ មាន​ការ​តុប​តែង​អគារ​របស់​ខ្លួន ឲ្យ​មាន​រូប​រាង​ដូច​កញ្ចប់​កាដូ​បុណ្យ​ណូអែល​ដ៏​ធំ​សម្បើម​មួយ ដែល​គេ​បាន​វេច​ខ្ចប់​យ៉ាង​ឆើត​ឆាយ។ នៅ​តំបន់​នោះ គេ​ឃើញ​ភស្តុតាង​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ស្ទើរ​គ្រប់​ទី​កន្លែង ឬ​យ៉ាង​ហោច​ណាស់ ពេល​នោះ ជា​រដូវ​កាល​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម សម្រាប់​ពិធី​បុណ្យ​ណូអែល។

អ្នក​ខ្លះ​ចូល​ចិត្ត​ការ​ដាក់​បង្ហាញ​ដ៏​ឆើត​ឆាយ​ទាំង​នោះ។ អ្នក​ខ្លះ​ទៀត​ក៏​បាន​គិត​ថា ការ​តុង​តែង​ទាំង​នោះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ ប៉ុន្តែ ដែល​សំខាន់​នោះ គឺ​យើង​មិន​ត្រូវ​ចោទ​សួរ អំពី​របៀប​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ យើង​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ពិចារណា​ថា តើ​ការ​ប្រារព្ធ​បុណ្យ​ណូអែល មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង។

រយៈ​ពេល​ជាង​៣០​ឆ្នាំ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ប្រសូត្រ ទ្រង់​បាន​ចោទ​សួរ​សិស្ស​ទ្រង់​ថា “តើ​មនុស្ស​ទាំង​ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?”(ម៉ាថាយ ១៦:១៣)។ ពួក​គេ​ក៏​បាន​ឆ្លើយ​ថា អ្នក​ខ្លះ​ថា ទ្រង់​ជា​លោក​យ៉ូហាន​បាទីស្ទ​ ខ្លះ​ថា ទ្រង់​ជា​លោក​អេលីយ៉ា ឬ​ប្រហែល​ជា​ហោរា​ម្នាក់​ទៀត។ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​ផ្ទាល់​ខ្លួន​ម្នាក់​ៗ​ថា តើ​ពួក​គេ​គិត​ថា ទ្រង់​ជានរណា?(ខ.១៥)។ លោក​ពេត្រុស ក៏​បាន​ឆ្លើយ​ថា “ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់”(ខ.១៦)។

​នៅ​ឆ្នាំ​នេះ មនុស្ស​ជា​ច្រើន​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល ដោយ​មិន​បាន​គិត​ថា បុត្រ​តូច​ដែល​បាន​ប្រសូត្រ​នៅ​ថ្ងៃ​ណូអែល​ដំបូងនោះ ជា​នរណា​ឡើយ។ ពេល​ដែល​យើង​មាន​ឱកាស យើង​អាច​ជួយ​ពួក​គេ​ឲ្យ​ពិចារណា អំពី​សំណួរ​ដ៏​សំខាន់ ដែល​សួរ​ថា តើពិធី​បុណ្យ​ណូអែល​គ្រាន់​តែ​ជា​រឿង ដែល​ស្តី​អំពី​ទារក​តូច ដែល​បាន​ប្រសូត្រ​ក្នុង​ក្រោល​សត្វ? ឬ​ជា​រឿង​ដែល​និយាយ អំពី​ព្រះអាទិករ​នៃ​យើង ដែល​បាន​យាង​ចុះ​មក​រក​យើង ដែល​ជា​ស្នា​ព្រះហស្ត​ទ្រង់ ហើយ​ក៏​បាន​ប្រសូត្រ​ជា​មនុស្ស ដើម្បី​គង់​នៅ​ក្នុងចំណោម​យើង? —TIM GUSTAFSON