កូនៗរបស់ខ្ញុំអរសប្បាយ នឹងការជិះស្គីលើទឹកកក ដ៏រំភើបរីករាយ នៅក្រោយផ្ទះ ក្នុងអំឡុងពេលរដូវរងា នៅរដ្ឋអីដាហូ។ កាលពួកគេនៅក្មេង ការរៀនជិះស្គីមានឧបស័គ្គជាច្រើន បានជាខ្ញុំពិបាកនឹងលើកទឹកចិត្តពួកគេ ឲ្យបោះជំហាន ទៅលើផ្ទៃខាងលើនៃទឹកកក ព្រោះពួកគេដឹងថា ការដួលនៅលើទឹកកក អាចធ្វើឲ្យពួកគេឈឺ។ ពេលណាពួកគេរអិលជើង ខ្ញុំ ឬស្វាមីរបស់ខ្ញុំ តែងតែឈោងទៅចាប់ពួកគេ ឲ្យឈរឲ្យត្រង់ខ្លួនឡើងវិញ។
ការមាននរណាម្នាក់ នៅចាំជួយយើង ពេលយើងដួលចុះ គឺជារង្វាន់ ឬអំណោយនៃការជួយ ដូចដែលបានពិពណ៌នា នៅក្នុងបទគម្ពីរសាស្តា។ ការមានគ្នា សម្រាប់ធ្វើការជាមួយ ធ្វើឲ្យការងាររបស់យើងកាន់តែមានភាពរលូន និងមានប្រសិទ្ធិភាព(៤:៩) ហើយមិត្តសំឡាញ់នាំមកនូវភាពកក់ក្តៅ សម្រាប់ជីវិតយើង។ ពេលណាយើងជួបឧបស័គ្គ ការមាននរណាម្នាក់ មកនៅក្បែរយើង ដើម្បីផ្តល់ជំនួយជាក់ស្តែង និងជំនួយផ្លូវចិត្ត គឺពិតជាមានប្រយោជន៍ណាស់។ ទំនាក់ទំនងដូចនេះ អាចផ្តល់ឲ្យយើង នូវកម្លាំង គោលបំណង និងការកម្សាន្តចិត្ត។
ពេលដែលយើងដួលចុះ នៅលើទឹកកកដ៏ត្រជាក់នៃជីវិត ដែលមានទុក្ខលំបាក តើយើងមាននរណាម្នាក់ នៅចាំជួយយើងទេ? ព្រះជាម្ចាស់ គឺជាអ្នកដែលនៅចាំជួយយើង។ ពុំនោះទេ ពេលដែលនរណាម្នាក់ ត្រូវការមិត្តភក្តិជួយ តើយើងអាចជួយជ្រោងពួកគេឡើង ដើម្បីធ្វើជាការឆ្លើយតបរបស់ព្រះជាម្ចាស់ឬទេ? កាលណាយើងចំាជួយអ្នកដទៃ នោះជាញឹកញាប់ យើងក៏ច្រើនតែរកបានអ្នកជួយយើងផងដែរ។ ពេលណាយើងហាក់ដូចជាគ្មាននរណានៅក្បែរ ដើម្បីជួយយើងឲ្យក្រោកឈរឲ្យត្រង់ខ្លួន យើងអាចរកបានការកម្សាន្តចិត្ត ដោយដឹងថា ព្រះជាម្ចាស់ជាជំនួយ ដែលតែងតែគង់នៅក្បែរយើងជានិច្ច(ទំនុកដំកើង ៤៦:១)។ កាលណាយើងឈោងទៅរកទ្រង់ ទ្រង់នឹងជួយទប់យើងឲ្យឈរយ៉ាងមំាមួន ដោយកាន់ដៃយើងជាប់។ —KIRSTEN HOLMBERG