កាល​ពី​ពេល​ថ្មី​ៗ​នេះ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​រក​ស៊ី​ទិញ​លក់​ផ្ទះ ដើម្បី​ចិញ្ចឹម​ជីវិត បាន​ទទួល​មរណៈ​ភាព ដោយ​សារ​ជម្ងឺ​មហា​រីក។ ពេល​ដែល​ខ្ញុំ និង​ស៊ូ(Sue)ភរិយា​របស់​ខ្ញុំ ជជែក​គ្នា​អំពី​អ្នក​ស្រី​ផាតស៊ី(Patsy) ភរិយា​របស់​ខ្ញុំ​ក៏​បាន​រំឭក​ថា ជា​ច្រើន​ឆ្នាំកន្លង​ទៅ អ្នក​ស្រី​ផាតស៊ី​បាន​នាំ​បុរស​ម្នាក់ ឲ្យ​ទទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​គាត់​ក៏​បាន​ក្លាយ​ជា​មិត្ត​ភក្តិ​ដ៏​ល្អ​របស់​យើង។

យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ពេល​ដែល​យើង​នឹក​ចាំ​ថា អ្នក​ស្រី​ផាតស៊ី មិន​គ្រាន់​តែ​ជួយ​ក្រុម​គ្រួសារ​ជា​ច្រើន ឲ្យ​រក​បាន​ផ្ទះ​ដ៏​ល្អ​សម្រាប់​រស់​នៅ​ក្នុង​សហគមន៍​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​ជួយ​អ្នក​ដទៃ ឲ្យ​រក​បាន​ផ្ទះ​ដ៏​អស់​កល្ប​ជា​និច្ច​ផង​ដែរ។

ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​ត្រៀម​ខ្លួន សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​យើង​រាល់​គ្នា ទ្រង់​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ជា​ពិសេស ​ចំពោះ​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង​ផង​ដែរ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​ថា “នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា”(យ៉ូហាន ១៤:២)។

យើង​ចង់​មាន​ផ្ទះ​ដ៏​ស្រស់​ស្អាត ក្នុង​ជីវិត​នេះ គឺ​កន្លែង​ដ៏​ពិសេស សម្រាប់​ក្រុម​គ្រួសារ​យើង​បរិភោគ​អាហារ គេង និង​នៅ​ជុំ​គ្នា យ៉ាង​មាន​សុភ​មង្គល។ ប៉ុន្តែ ចូរ​យើង​គិត​ស្រមៃ​ថា យើង​បាន​បោះ​ជំហាន ចូល​ទៅ​ក្នុង​ជីវិត​នៅ​នគរ​ស្ថាន​សួគ៌ ហើយ​ក៏​បាន​ឃើញ​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​ឲ្យ​យើង។ តើ​ពេល​នោះ​នឹង​មាន​ភាព​អស្ចារ្យ​ប៉ុណ្ណា? ចូរ​យើង​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​ប្រទាន​យើង ឲ្យ​មាន​ជីវិត “ពេញ​បរិបូរ”(យ៉ូហាន ១០:១០) ដែល​រាប់​បញ្ចូល​ព្រះ​វត្ត​មាន គង់​នៅ​ជា​មួយ​យើង នៅ​ពេល​សព្វ​ថ្ងៃ និង​វត្ត​មាន​របស់​យើង នៅ​ជា​មួយ​ទ្រង់ នៅ​ពេល​ក្រោយ​ទៀត ក្នុង​កន្លែង​ដែល​ទ្រង់​កំពុង​រៀប​ចំ​ឲ្យ​យើង(១៤:៣)។

ពេល​យើង​គិត​អំពី​ការ​អ្វី​ដែល​ព្រះ​បាន​ត្រៀម​ទុក សម្រាប់​អ្នក​ដែល​ជឿ​ព្រះ​យេស៊ូវ នោះ​ទ្រង់​អាច​បណ្តាល​ចិត្ត​យើង ឲ្យ​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ គឺ​ដូច​ដែល​អ្នក​ស្រី​ផាតស៊ី​បាន​ធ្វើ​អញ្ចឹង​ដែរ។ —DAVE BRANON