សព្វថ្ងៃនេះ យើងងាយនឹងកត់សម្គាល់ឃើញថា “ការសាក់រូប” កំពុងតែមានការពេញនិយមយ៉ាងខ្លាំង។ អ្នកខ្លះបានសាក់រូបតូចៗ ស្ទើរតែមើលមិនដឹង។ អ្នកខ្លះទៀត រាប់ចាប់ពីកីឡាករ ដល់តារាភាពយន្ត ក៏ដូចជាមនុស្សទូទៅជាច្រើន បានសម្រេចចិត្តសាក់រូបដែលមានពណ៌ចម្រុះ ឬសាក់ពាក្យ និងការរចនាផ្សេងៗ នៅលើរូបកាយរបស់ខ្លួន។ រឿងនេះបានក្លាយជាទំនោរ ដែលហាក់ដូចជាមិនសាបរលាបដោយងាយៗឡើយ គឺទំនោរដែលបាននាំមកនូវប្រាក់ចំណូលជាសរុប ៣ពាន់លានដុល្លា ពីអាជីវកម្មសាក់រូបនៅទូទាំងពិភពលោក ក្នុងឆ្នាំ ២០១៤ និងប្រាក់ចំណូលសរុប ៦៦លានដុល្លា បានពីការលប់រូបសាក់ នៅទូទាំងពិភពលោក។
អ្នកអាចមានទស្សនៈផ្សេងៗគ្នា អំពីការសាក់រូប រឿងនេះ តែរឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរអេសាយ ជំពូក ៤៤ ដែលបានពិពណ៌នា ក្នុងន័យធៀប អំពីមនុស្សដែលសរសេរនៅលើដៃរបស់ខ្លួនឯងថា “ខ្ញុំជារបស់ផងព្រះយេហូវ៉ា”(ខ.៥)។ ការសរសេរនៅលើដៃរបស់ខ្លួនឯងនេះ គឺជាចំណុចសំខាន់បំផុតនៃបទគម្ពីរនេះទាំងមូល ដែលបាននិយាយ អំពីការដែលព្រះអម្ចាស់យកព្រះទ័យទុកដាក់ ចំពោះអ្នក ដែលទ្រង់បានជ្រើសរើស(ខ.១)។ ពួកគេអាចពឹងផ្អែកលើជំនួយរបស់ទ្រង់(ខ.២) ហើយព្រះអង្គនឹងប្រទានពរទឹកដី និងកូនចៅជំនាន់ក្រោយរបស់ពួកគេ(ខ.៣)។ ការសរសេរពីលើដៃថា “ខ្ញុំជារបស់ផងព្រះយេហូវ៉ា” គឺជាការសរសេរពាក្យធម្មតា តែមានអំណាច ដែលបានបញ្ជាក់ថា រាស្រ្តរបស់ព្រះដឹងថា ពួកគេជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់នឹងថែរក្សាពួកគេ។
អ្នកដែលចូលមករកព្រះជាម្ចាស់ ដោយទទួលជឿព្រះយេស៊ូវគ្រីស្ទ អាចថ្លែងដោយទំនុកចិត្តថា ពួកគេជា “របស់ផងព្រះអម្ចាស់”។ យើងជារាស្ត្រ ជាចៀម ជាកូន ជាកេរអាករ និងជាកន្លែងដែលទ្រង់សណ្ឋិតនៅ។ នេះជាសេចក្តីពិត ដែលយើងត្រូវប្រកាន់ខ្ជាប់ ក្នុងរដូវកាលនីមួយៗនៃជីវិត។ ទោះយើងមិនបានសរសេរពីលើស្បែកយើងថា យើងជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ក៏ដោយ ក៏យើងនៅតែអាចមានសង្ឃឹម ដោយដឹងថា ព្រះវិញ្ញាណនឹងធ្វើបន្ទាល់ក្នុងចិត្តរបស់យើងថា យើងជាកូនរបស់ព្រះ(រ៉ូម ៨:១៦-១៧)។—ARTHUR JACKSON