មាន​ពេល​មួយ ប៉ា​របស់​ខ្ញុំ​បាន​ស្រែក​ពី​ចម្ងាយ​ថា “ប៉ា​ស្រឡាញ់​កូន!” ខណៈ​ពេល​ដែល​ខ្ញុំ​បិទ​ទ្វារ​ឡាន ហើយ​ដើរ​ចូល​សាលា​រៀន។ កាល​នោះ ខ្ញុំ​នៅ​រៀន​ថ្នាក់​ទី​៦ ហើយ​យើង​មាន​ទម្លាប់​ធ្វើ​ដូច​នេះ រៀង​រាល់​ពេល​ព្រឹក អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ពេល​យើង​ទៅ​ដល់​សាលា​រៀន ប៉ា​តែង​តែ​និយាយ​ថា “សូម​ឲ្យ​កូន​មាន​ថ្ងៃ​ដ៏​ល្អ! ប៉ា​ស្រឡាញ់​កូន!” ហើយ​ខ្ញុំ​គ្រាន់​តែ​តប​គាត់​វិញ​ថា “ប៉ា កូនជម្រាប​លា”។ ខ្ញុំ​មិន​បាន​ខឹង​គាត់ ឬ​មិន​អើពើ​ចំពោះ​គាត់​នោះ​ទេ។ កាល​នោះ គឺ​ដោយ​សារ​ខ្ញុំ​រវល់​ផ្តោត​ទៅ​លើ​ការ​គិត​របស់​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​មិន​បាន​ចាប់​អារម្មណ៍ នឹង​ពាក្យ​ពេចន៍​ដែល​គាត់​បាន​និយាយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ នៅ​តែ​មិន​ប្រែ​ប្រួល​ ចំពោះ​ខ្ញុំ។

សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ក៏​មិន​ចេះ​ប្រែ​ប្រួល ហើយ​ល្អ​លើស​សេចក្តី​ស្រឡាញ់​របស់​ប៉ា​ខ្ញុំ​ទៅ​ទៀត។ សេចក្តី​ស្រឡាញ់របស់​ទ្រង់​ស្ថិត​ស្ថេរ​ជា​ដរាប។ ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ បាន​ប្រើ​ពាក្យ ហេសេដ  ដើម្បី​និយាយ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នេះ។ គេ​បាន​ប្រើ​ពាក្យ​នេះ​ជា​ច្រើន​ដង នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​គ្រាន់​តែ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣៦ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ ២៦​ដង។ នៅ​ក្នុង​ការ​បក​ប្រែ​ពាក្យ​នេះ គេ​ពិបាក​នឹង​ស្វែង​រក​ពាក្យ ដែល​មាន​អត្ថ​ន័យ​ត្រូវ​នឹង​ពាក្យ​នេះ ​ទាំង​ស្រុង។ ជា​ទូទៅ​គេ​បក​ប្រែ​ពាក្យ​នេះ​ថា “សេចក្តី​សប្បុរស” “សេចក្តី​ស្រឡាញ់​ដ៏​សប្បុរស” “សេចក្តី​មេត្តា” ឬ “ភាព​ស្មោះ​ត្រង់”។ ពាក្យ​ហេសេដ គឺ​ត្រូវ​បាន​ប្រើ​សំដៅ ទៅ​លើ​សេចក្តី​ស្រឡាញ់ ដែល​ផ្អែក​ទៅ​លើ​ការ​ប្តេជ្ញា​ចិត្ត តាម​សេចក្តី​សញ្ញា​ដែល​បាន​តាំង​នឹង​ព្រះ​ជា​ម្ចាស់ គឺ​សេចក្តី​ស្រឡាញ់ ដែល​ស្មោះ​ត្រង់ និង​ស្មោះ​ស្ម័គ្រ។ សូម្បី​តែ​នៅ​ពេល​ដែល​រាស្រ្ត​របស់​ព្រះ​ធ្វើ​អំពើ​បាប ទ្រង់​នៅ​តែ​ស្រឡាញ់​ពួក​គេ ដោយ​ព្រះ​ទ័យ​ស្មោះ​ត្រង់។ សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​សប្បុរស​ដ៏​ស្ថិត​ស្ថេរ ​គឺ​ជា​ផ្នែក​ដ៏​សំខាន់ ​នៃ​ចរិយា​សម្បត្តិ​របស់​ព្រះ​ជា​ម្ចាស់(និក្ខមនំ ៣៤:៦)។

កាល​ខ្ញុំ​នៅ​ក្មេង ជួន​កាល ខ្ញុំ​បាន​ចិត្ត ពេល​ដែល​ខ្ញុំ​ដឹង​ថា ប៉ា​ខ្ញុំ​ស្រឡាញ់​ខ្ញុំ។ សព្វ​ថ្វៃ​នេះ ជួន​កាល​ខ្ញុំ​ក៏​មាន​អាកប្បកិរិយា​ដូច​នេះ ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌​ផង​ដែរ។ ខ្ញុំ​ភ្លេច​ស្តាប់​ព្រះ​បន្ទូល​របស់​ទ្រង់ មុន​នឹង​ឆ្លើយ​តបចំពោះ​ទ្រង់​វិញ។ ខ្ញុំ​ភ្លេច​អរ​ព្រះ​គុណ​ព្រះ​អង្គ។ តែ​ខ្ញុំ​ដឹង​ថា សេចក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​ខ្ញុំ នៅ​តែ​ស្ថិត​ស្ថេរ​ជា​ដរាប​។ នេះ​ជា​សេចក្តី​ពិត​ដែល​ផ្តល់​ឲ្យ​ខ្ញុំ នូវ​គ្រឹះ​ដ៏​រឹង​មាំ សម្រាប់​ជីវិត​របស់​ខ្ញុំ។—AMY PETERSON