មាន​ពេល​មួយ​ឡាន​របស់​ស្វាមី​ខ្ញុំ ដេរ​មិន​ឆេះ។ មើល​ទៅ​ជាង​ឡាន ដែល​មក​ជួស​ជុល​ឡាន មាន​វ័យ​ក្មេង​ណាស់ គឺ​ក្មេង​ពេក មិន​អាច​ជួស​ជុល​បាន​ទេ។ ស្វាមី​របស់​ខ្ញុំ​ខ្វះ​ទំនុក​ចិត្ត​ចំពោះ​គាត់ ហើយ​ក៏​បាន​និយាយ​ខ្សិប​ៗ​ប្រាប់​ខ្ញុំ​ថា “គាត់​នៅ​ក្មេង​ណាស់”។ ពេល​ដែល​ខ្ញុំ​ដឹង​ថា សា្វមី​ខ្ញុំ​មិន​ទុក​ចិត្ត​គាត់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​អ្នក​ភូមិ​ណាសារ៉ែត ដែល​បាន​រអ៊ូរទាំ ពេល​ដែល​ពួក​គេ​មាន​មន្ទិល​ចំពោះ​ព្រះ​យេស៊ូវ។

ពេល​ដែល​ព្រះ​យេស៊ូវ​បង្រៀន ក្នុង​សាលា​ប្រជុំ ពួក​គេ​ក៏​បាន​សួរ​គ្នា​ថា “តើ​គាត់​មិន​មែន​ជា​កូនរ​បស់​ជាង​ឈើ​ទេ​ឬ​អី?”(ម៉ាថាយ ១៣:៥៥)។ ពួក​គេ​ក៏​បាន​ចំអក​ឲ្យ​ទ្រង់ ដោយ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា បុគ្គល​ម្នាក់ ដែល​ពួក​គេ​បាន​ស្គាល់​នោះ បាន​ប្រោស​ជម្ងឺ និង​បង្រៀន​ព្រះ​បន្ទូល បាន​ជា​ពួក​គេ​ចោទ​សួរ​ថា “តើ​អ្នក​នេះ​បាន​ចំណេះ និង​ការ​ឫទ្ធិបារមី​ទាំង​នេះ​ពី​ណា​មក?”(ខ.៥៤)។ ពួក​គេ​មិន​បាន​ជឿ​ព្រះ​យេស៊ូវ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​មាន​ការ​រវាត​ចិត្ត ពេល​ដែល​ពួក​គេ​ដឹង​ថា ទ្រង់​មាន​អំណាច នៅ​ក្នុង​ការ​បង្រៀន និង​ធ្វើ​ការ​អស្ចារ្យ(ខ.១៥,៥៨)។

នៅ​ក្នុង​ការ​រស់​នៅ​ធម្មតា ប្រចាំ​ថ្ងៃ យើង​ក៏​ប្រហែល​ជា​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទុក​ចិត្ត​ប្រាជ្ញា និង​អំណាច​របស់​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង​ផង​ដែរ។ ពេល​ដែល​យើង​មិន​បាន​រំពឹង​ឲ្យ​ទ្រង់​ជួយ​យើង យើង​ក៏​បាន​បាត់​ឱកាស​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ការ​អស្ចារ្យ ដែល​នាំ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ​(ខ.៥៨)។

សូម​ត្រឡប់​មក​រឿង​របស់​ខ្ញុំ​វិញ។ ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ដឹង​ថា ជំនួយ​ដែល​គាត់​ត្រូវ​ការ ​គឺ​កំពុង​តែ​ឈរ​នៅ​ពី​មុខ​គាត់​ស្រាប់​ហើយ។ ទី​បំផុត ស្វាមី​ខ្ញុំ​ក៏​ព្រម​ទទួល​ជំនួយ​ពី​យុវជន​ម្នាក់​នោះ ដោយ​អនុញ្ញាត​ឲ្យ​គាត់​មើល​អាគុយ​ឡាន​ចាស់​របស់​យើង។ គាត់គ្រាន់​តែ​មួល​ខ្ចៅ​តែ​បន្តិច ម៉ាស៊ីន​ឡាន​ក៏​មាន​ដំណើរ​ការ​ឡើង​វិញ ដោយ​បន្លឺ​សម្លេង និង​បញ្ចេញ​ពន្លឺ​អំពូល​ភ្លើង​របស់​វា។ ស្វាមី​ខ្ញុំក៏​បាន​និយាយ​ថា “វា​បាន​បញ្ចេញ​ពន្លឺ​ភ្លឺ​ឡើង ដូច​នៅ​ថ្ងៃ​ណូអែល​អញ្ចឹង”។

រឿង​នេះ​បាន​រំឭក​ខ្ញុំ​ថា យើង​មិន​ត្រូវ​មាន​ការ​សង្ស័យ​ចំពោះ​ព្រះ​ជាម្ចាស់​ឡើយ ហើយ​ត្រូវ​មាន​ចិត្ត​ដែល​រំពឹង​ចង់​ឲ្យ​ព្រះ​មែស៊ី ប្រទាននូវ​ពន្លឺ​នៃ​ជីវិត និង​ជំនួយ នៅ​ក្នុង​ដំណើរ​ជីវិត ដែល​យើង​មាន​ជា​មួយ​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ។—PATRICIA RAYBON