កាល​ពី​ឆ្នាំ ១៩៣៦ លោក​ប៊ីលី ហៀល(Billy Hill) ដែល​ជា​អ្នក​និពន្ធ​បទ​ចម្រៀង បាន​ចេញ​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​មួយ​បទ ក្រោម​ចំណង​ជើង​ថា “សិរីល្អ​នៃ​សេចក្តី​ស្រឡាញ់”។ មិន​យូរ​ប៉ុន្មាន ប្រជា​ជាតិ​មួយ​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង អំពី​ក្តី​អំណរ នៅ​ក្នុង​ការ​ធ្វើ​នូវ​កិច្ចការ​ដ៏​តូច​មួយ ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ៥០​ឆ្នាំ​ក្រោយ​មក លោក​ភីធ័រ សេតេរ៉ា(Peter Cetera) ដែល​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង ក៏​បាន​និពន្ធ​បទ​ចម្រៀង​ដែល​មាន​ភាព​រ៉ូមិន​ទិក​ជាង​នេះ​ទៀត ក្រោម​ចំណង​ជើង​ដែល​ស្រដៀង​គ្នា។ ក្នុង​បទ​ចម្រៀង​នេះ គាត់​ស្រមៃ អំពី​មនុស្ស​ពីរ​នាក់​រស់​នៅ​ជា​មួយ​គ្នា និង​រៀន​សូត្រ​ជា​មួយ​គ្នា ដើម្បី​សិរីល្អ​នៃ​សេច​ក្តី​ស្រឡាញ់។

កណ្ឌ​គម្ពីរ​វិវរណៈ ដែល​ជា​កណ្ឌ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ បាន​ពិពណ៌​នា អំពី​បទ​ចម្រៀង​នៃ​សេចក្តី​ស្រឡាញ់​ថ្មី​មួយ ដែល​ថ្ងៃ​មួយ គ្រប់​គ្នា​នៅ​ស្ថាន​សួគ៌ និង​នៅ​លើ​ផែន​ដី​នឹង​បន្លឺ​សម្លេង​ច្រៀង(វិវរណៈ ៥:៩,១៣)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភ្លេង​ក៏​ចាប់​ផ្តើម​លេង ដោយ​ចង្វាក់​នៃ​ការ​សោក​សង្រេង។ លោក​យ៉ូហាន ដែល​ជា​អ្នក​អត្ថា​ធិប្បាយ​ក្នុង​កណ្ឌ​គម្ពីរ​នេះ ក៏​បាន​យំ ដោយមិន​ឃើញ​មាន​នរណា​អាច​បើក​ក្រាំង​នោះ​បាន(ខ.៣-៤)។ ប៉ុន្តែ អារម្មណ៍​របស់​គាត់​ក៏​បាន​ភ្លឺ​ស្វាង ហើយ​ភ្លេង​ក៏​បាន​លាន់​ឡើងកាន់​តែ​ខ្លាំង​(ខ.១២-១៣) ខណៈ​ពេល​ដែល​លោក​យ៉ូហាន បាន​ស្គាល់​សិរីល្អ និង​រឿង​ដ៏​ពិត​នៃ​សេចក្តី​ស្រឡាញ់។​ មិន​យូរប៉ុន្មាន គាត់​ក៏​បាន​ឮ​ជីវិត​ទំាង​អស់​សរសើរ​ដំកើង​ព្រះ ដែល​ទ្រង់​ជា​ស្តេច​សិង្ហ​នៃ​ពូជ​អំបូរ​យូដា(ខ.៥) ហើយ​រាស្រ្ត​របស់​ទ្រង់​បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ទ្រង់ ដោយ​ទ្រង់​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់​ដោយ​សេចក្តី​ស្រឡាញ់ ដូច​កូន​ចៀម ដើម្បី​ជួយ​សង្រ្គោះ​យើង(ខ.១៣)។

ក្នុង​ទំនុក​ច្រៀង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​បំផុត ដែល​យើង​ធ្លាប់​ច្រៀង យើង​ឃើញ​ថា សូម្បី​តែ​អំពើ​សប្បុរស ដ៏​សាមញ្ញ​មួយ​ ក៏​អាច​ត្រូវ​បាន​គេ​លើក​យក​មក​ពិពណ៌នា ក្នុង​បទ​ចម្រៀង​ផង​ដែរ។ សិរីល្អ​ដែល​យើង​ច្រៀង​សរសើរ ក្នុង​បទ​ចម្រៀង បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះ​ទ័យ​របស់​ព្រះ​នៃ​យើង។ យើង​ច្រៀង​សរសើរ​ព្រះ​អង្គ ព្រោះ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​បទ​ដើម្បី​ច្រៀង។​—MART DEHAAN