មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អង្គុយ​នៅ​ទីធ្លា​នៃ​ព្រះ​វិហារ​វីស៊ីថេសិន ក្នុង​ក្រុង​អេន​ ខារេម ប្រទេស​អ៊ីស្រាអែល។ ពេល​នោះ​ ខ្ញុំ​មាន​ចិត្ត​ស្ងើច​សរសើរ ចំពោះ​សម្រស់​នៃ​ផ្ទាំង​គំនូរ​៦៧​ផ្ទាំង ដែល​កើត​ពី​ការ​ផ្គុំ​កញ្ចក់​ពណ៌​តូច​ៗ​ចូល​គ្នា​បង្កើត​ជា​រូប​ភាព ហើយ​នៅ​ក្នុងផ្ទំាង​គំនូរ​ទាំង​នោះ មាន​បទ​គម្ពីរ លូកា ១:៤៦-៥៥ ដែល​គេ​បាន​សរសេរ ជា​ច្រើន​ភាសា។ តាម​ទំនៀម​ទំលាប់ គេ​បាន​ហៅ​បទគម្ពីរ​នេះ​ថា មែក​នីហ្វ៊ីខាត ជា​ពាក្យ​ក្នុង​ភាសា​ឡាតាំង ដែល​មាន​ន័យ​ថា “លើក​ដំកើង”។ បទ​គម្ពីរ​នេះ​បាន​ចែង​អំពី​ការ​ឆ្លើយ​តប របស់​នាង​ម៉ារា ចំពោះ​ការ​ប្រកាស​ថា នាង​នឹង​ក្លាយ​ជា​មាតា​នៃ​ព្រះ​មែស៊ី។

គេ​បាន​ចារ​ពី​លើ​រូប​គំនូរ​នីមួយ​ៗ ដោយ​ពាក្យ​ពេចន៍​របស់​នាង​ម៉ារា ដែល​បាន​ថ្លែង​ថា “ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះអម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីករាយ​នឹង​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ … ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះចេស្តា ទ្រង់​បាន​ប្រោស​សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ”(ខ.៤៦-៤៩)។ ក្នុង​ផ្ទាំង​គំនូរ​នីមួយ​ៗ ក៏​មាន​បទ​ចម្រៀង​ទំនុក​ដំកើង ដែល​បាន​ដក​ស្រង់​ពី​ព្រះ​គម្ពីរ ជា​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ក្នុង​នោះ នាង​ម៉ារា​បាន​រៀប​រាប់ អំពី​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ជា​ម្ចាស់ មាន​ចំពោះ​នាង និង​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល។​

ក្នុង​នាម​ជា​អ្នក​ទទួល​ព្រះ​គុណ​របស់​ព្រះ ដោយ​ការ​ដឹង​គុណ នាង​ម៉ារា​បាន​អរ​សប្បាយ ចំពោះ​សេចក្តី​សង្រ្គោះ ដែល​នាង​បាន​ទទួល(ខ.៤៧)។ នាង​បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​មាន​សេចក្តី​មេត្តា​ករុណា ចំពោះ​សាសន៍​អ៊ីស្រាអែល អស់​ជា​ច្រើន​ជំនាន់(ខ.៥០)។ នាង​ក៏​បាន​រំឭក អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ថែរក្សា​រាស្រ្ត​អ៊ីស្រាអែល បាន​ជា​នាង​សរសើរ​ដំកើង​ព្រះ​អង្គ ព្រោះ​ទ្រង់​ធ្វើ​នូវ​ការ​ដ៏​អស្ចារ្យ​សម្រាប់​រាស្រ្ត​ទ្រង់(ខ.៥១)។ នាង​ក៏​បាន​អរ​ព្រះគុណ​ព្រះ​អង្គ ដោយ​ទទួល​ស្គាល់​ថា​ ព្រះ​ហស្ត​ទ្រង់បាន​ផ្គត់​ផ្គត់​ការ​រស់​នៅ​របស់​នាង ជា​រៀង​រាល់​ថ្ងៃ​(ខ.៥៣)។

ត្រង់​ចំណុច​នេះ នាង​ម៉ារា​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ការ​រំឭក​អំពី​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង គឺ​ជា​វិធី​បង្ហាញ​ចេញ​នូវ​ការ​សរសើរ​ដំកើង ហើយ​ក៏​អាច​នាំ​ឲ្យ​យើង​មាន​ចិត្ត​អរសប្បាយ​ផង​ដែរ។ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល​ឆ្នាំ​នេះ ចូរ​យើង​ពិចារណា អំពី​សេចក្តី​ល្អ​របស់​ព្រះ​អម្ចាស់ ខណៈ​ពេល​ដែល​យើង​រំឭក​អំពី​ការ​អ្វី ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង ក្នុង​ឆ្នាំនេះ​។ កាល​ណា​យើង​ធ្វើ​ដូច​នេះ យើង​អាច​សរសើរ​ដំកើង​ព្រះ​អង្គ ដោយ​ពាក្យ​ពេចន៍​ដ៏​ពិរោះ។ —LISA SAMRA