ពេល​ខ្ញុំ​ចេញ​ពី​សណ្ឋាគារ​មួយ នៅ​ទីក្រុង​ខាំផាឡា ប្រទេស​យូហ្កាន់ដា អ្នក​ទទួល​ភ្ញៀវ ដែល​បាន​មក​ទទួល​ខ្ញុំ ឲ្យ​ទៅ​ចូល​រួមសិក្ខា​សាលា បាន​មើល​មុខ​ខ្ញុំ ហើយ​ញញឹម​សើច​ស្ញាញ​ដាក់​ខ្ញុំ។ ​ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា​ “តើ​មាន​រឿង​អី​ដែល​គួរ​ឲ្យ​អស់​សំណើច​ឬ?” នាង​ក៏​បាន​សើច ហើយ​សួរ​ខ្ញុំ​ថា​ “តើ​លោក​បាន​សិត​សក់​ហើយ​ឬ​នៅ?”​ ពេល​នោះ​ខ្ញុំ​ក៏​បាន​ដល់​វេន​ត្រូវ​សើច​ម្តង ព្រោះ​ខ្ញុំពិត​ជា​បាន​ភ្លេច​សិត​សក់​មែន។ មុន​នោះ ខ្ញុំ​បាន​ឆ្លុះ​កញ្ចក់​មើល​រូប​ខ្លួន​ឯង ក្នុង​បន្ទប់​សណ្ឋាគារ ប៉ុន្តែ ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍ ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​កញ្ចក់?

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ការ​បង្រៀន​របស់​សាវ័ក​យ៉ាកុប អំពី​ការ​ឆ្លុះ​កញ្ចក់​ក្នុង​ន័យ​ធៀប ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន ពី​ការ​សិក្សា​ព្រះ​គម្ពីរ។ យើង​ឆ្លុះ​កញ្ចក់ ដើម្បី​ពិនិត្យ​មើល​ខ្លួន​ឯង ឲ្យ​ដឹង​ថា មាន​កន្លែង​ណា​ដែល​ត្រូវ​កែ​លម្អ ដូច​ជាសក់​ដែល​ត្រូវ​សិត មុខ​ដែល​ត្រូវ​លុប អាវ​ដែល​ត្រូវ​ដាក់​លេវ​ឲ្យ​ត្រឹម​ត្រូវ​ជាដើម។ ព្រះ​គម្ពីរ​មាន​លក្ខណៈ​ដូច​កញ្ចក់ ដែល​ជួយ​ឲ្យ​យើង​ពិនិត្យ​មើល​ចរិយា​សម្បត្តិ អាកប្ប​កិរិយា និង​ការ​គិត​របស់​យើង​(យ៉ាកុប ១:២៣-២៤)។ ការ​ឆ្លុះ​មើល​ខ្លួន​ឯង​នេះ ជួយ​ឲ្យជីវិត​យើង អាច​កែ​ប្រែ ឲ្យ​ស្រប​តាម​គោលការណ៍ ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ដល់​យើង។ យើង​ត្រូវ “ទប់​អណ្តាត”របស់​យើង (ខ.២៦) និង “ថែរក្សា​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ”(ខ.២៧)។ យើង​ត្រូវ​ស្តាប់​តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​របស់​ព្រះ ដែល​គង់​នៅ​ក្នុង​យើង ហើយ​រក្សា​ខ្លួន “មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ”(ខ.២៧)។

ពេល​ដែល​យើង​ពិនិត្យ​មើល​ក្នុង​ក្រឹត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​​ “ក្រឹត្យវិន័យ​ខាង​ឯ​សេរីភាព” ហើយ​ប្រព្រឹត្ត​តាម​វិញ នោះ​យើង​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន(ខ.២៥)។ ខណៈ​ពេល​ដែល​យើង​ឆ្លុះ​មើល​កញ្ចក់​នៃ​ព្រះគម្ពីរ យើង​អាច “ទទួល​ព្រះ​បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ចិត្ត​សុភាព​”(ខ.២១)។—LAWRENCE DARMANI