រៀង​រាល់​ពេល​រដូវ​កាល​នៃ​បុណ្យ​ណូអែល​មក​ដល់ មិត្ត​ភក្តិ​របស់​ខ្ញុំ​តែង​តែ​សរសេរ​សំបុត្រ​ដ៏​វែង​មួយ​ច្បាប់ ផ្ញើ​ភរិយា​របស់​គាត់ ដោយ​និយាយ​រំឭក​អំពី​ពេល​កន្លង​ទៅ ហើយ​នឹក​ស្រមៃ​អំពី​ពេល​អនាគត។ គាត់​តែង​តែ​សរសេរ​ប្រាប់​ភរិយា​គាត់​ថា គាត់​ស្រឡាញ់​នាង​ខ្លាំង​ប៉ុណ្ណា ហើយ​ហេតុ​អ្វី​គាត់​ស្រឡាញ់​នាង។ គាត់​ក៏​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​កូន​ស្រី​គាត់​ម្នាក់​ៗ​ផង​ដែរ។ ពាក្យ​សម្តី​នៃ​សេចក្តី​ស្រឡាញ់​របស់​គាត់ បាន​ធ្វើ​ជា​អំណោយ​ថ្ងៃ​ណូអែល​ដែល​មិន​អាច​ភ្លេច​បាន។​

យើង​ក៏​អាច​និយាយ​ផង​ដែរ​ថា ព្រះ​យេស៊ូវ​គឺ​ជា​សំបុត្រ​ថ្ងៃ​ណូអែល​ដំបូង​បំផុត ព្រោះ​ទ្រង់​ជា​ព្រះ​បន្ទូល​ដែល​បាន​យក​កំណើត​ជាមនុស្ស​។ បទ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​បាន​និយាយ​សង្កត់​ធ្ងន់​ អំពី​សេចក្តី​ពិត​នេះ​ថា “កាល​ដើម​ដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​ក៏​គង់​នៅ​ជា​មួយនឹង​ព្រះ ហើយ​ព្រះបន្ទូល​នោះ​ឯង​ជា​ព្រះ”(យ៉ូហាន ១:១)។ នៅ​សម័យ​ដើម ក្នុង​ភាសា​ក្រិក ពាក្យ “ឡូហ្គូស” ប្រែ​មក​ថា ព្រះ​បន្ទូល​ព្រះ។ ព្រះ​បន្ទូល ដែល​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​វរបិតា “បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅជា​មួយ​នឹង​យើង​រាល់​គ្នា”(ខ.១៤)។

ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់​យ៉ាង​ល្អ​ឥត​ខ្ចោះ តាម​រយៈ​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។

ទេវវិទូ​ទំាង​ឡាយ​បាន​ព្យាយាម​ស្វែង​យល់​អំពី​អាថ៌​កំបាំង​ដ៏​មាន​ន័យ​នេះ អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​បាន​នាំ​ពន្លឺ​ចូល​ទៅ​ក្នុង​ពិភព​លោក​ដ៏​ងងឹត(ខ.៩)។​ កាល​បើ​យើង​ជឿ​ទ្រង់ នោះ​យើង​បាន​ក្លាយ​ជា​កូន​ស្ងួន​ភ្ញា​របស់​ព្រះ ដែល​ជា​អំណោយ​ដ៏​វិសេស​(ខ.១២)។

ព្រះយេស៊ូវ​ជា​សំបុត្រ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​បាន​ផ្ញើ​មក​យើង។​ ទ្រង់​បាន​យាង​មក និង​បាន​គង់​នៅ​ក្នុង​ចំណោម​យើង​។ នោះ​ហើយ ជា​អំណោយ​ដ៏​អស្ចារ្យ​នៃ​ថ្ងៃ​ណូអែល។—AMY BOUCHER PYE