រៀងរាល់ពេលរដូវកាលនៃបុណ្យណូអែលមកដល់ មិត្តភក្តិរបស់ខ្ញុំតែងតែសរសេរសំបុត្រដ៏វែងមួយច្បាប់ ផ្ញើភរិយារបស់គាត់ ដោយនិយាយរំឭកអំពីពេលកន្លងទៅ ហើយនឹកស្រមៃអំពីពេលអនាគត។ គាត់តែងតែសរសេរប្រាប់ភរិយាគាត់ថា គាត់ស្រឡាញ់នាងខ្លាំងប៉ុណ្ណា ហើយហេតុអ្វីគាត់ស្រឡាញ់នាង។ គាត់ក៏បានសរសេរសំបុត្រទៅកាន់កូនស្រីគាត់ម្នាក់ៗផងដែរ។ ពាក្យសម្តីនៃសេចក្តីស្រឡាញ់របស់គាត់ បានធ្វើជាអំណោយថ្ងៃណូអែលដែលមិនអាចភ្លេចបាន។
យើងក៏អាចនិយាយផងដែរថា ព្រះយេស៊ូវគឺជាសំបុត្រថ្ងៃណូអែលដំបូងបំផុត ព្រោះទ្រង់ជាព្រះបន្ទូលដែលបានយកកំណើតជាមនុស្ស។ បទគម្ពីរដំណឹងល្អយ៉ូហានបាននិយាយសង្កត់ធ្ងន់ អំពីសេចក្តីពិតនេះថា “កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ”(យ៉ូហាន ១:១)។ នៅសម័យដើម ក្នុងភាសាក្រិក ពាក្យ “ឡូហ្គូស” ប្រែមកថា ព្រះបន្ទូលព្រះ។ ព្រះបន្ទូល ដែលជាព្រះរាជបុត្រាតែមួយរបស់ព្រះវរបិតា “បានត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា”(ខ.១៤)។
ព្រះទ្រង់បានបើកបង្ហាញព្រះអង្គទ្រង់យ៉ាងល្អឥតខ្ចោះ តាមរយៈព្រះយេស៊ូវ ដែលជាព្រះបន្ទូលរបស់ព្រះ។
ទេវវិទូទំាងឡាយបានព្យាយាមស្វែងយល់អំពីអាថ៌កំបាំងដ៏មានន័យនេះ អស់ជាច្រើនសតវត្សរ៍មកហើយ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចដឹងច្បាស់ថា ព្រះយេស៊ូវជាព្រះបន្ទូលនៃព្រះ ដែលបាននាំពន្លឺចូលទៅក្នុងពិភពលោកដ៏ងងឹត(ខ.៩)។ កាលបើយើងជឿទ្រង់ នោះយើងបានក្លាយជាកូនស្ងួនភ្ញារបស់ព្រះ ដែលជាអំណោយដ៏វិសេស(ខ.១២)។
ព្រះយេស៊ូវជាសំបុត្រនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានផ្ញើមកយើង។ ទ្រង់បានយាងមក និងបានគង់នៅក្នុងចំណោមយើង។ នោះហើយ ជាអំណោយដ៏អស្ចារ្យនៃថ្ងៃណូអែល។—AMY BOUCHER PYE