មានពេលមួយ យន្តហោះចម្បាំងបីគ្រឿងបានហោះពីលើដំបូលផ្ទះរបស់ខ្ញុំ ដោយបញ្ចេញសម្លេងលាន់រំពង។ យន្តហោះទាំងនោះបានហោះទន្ទឹមគ្នាធ្វើជាក្បួន ដែលមើលទៅ ដូចយន្តហោះតែមួយ។ ខ្ញុំក៏បាននិយាយប្រាប់ស្វាមីរបស់ខ្ញុំថា “អស្ចារ្យណាស់” គាត់ក៏តបថា “មែនហើយគួរឲ្យស្ងប់ស្ងែងណាស់”។ យើងរស់នៅក្បែរបន្ទាយទ័ពអាកាស ដូចនេះ ទិដ្ឋភាពបែបនេះ គឺមិនមានអ្វីចម្លែកទេ។
ទោះជាយ៉ាងណាក៏ដោយ ពេលយន្តហោះចម្បាំងទាំងនោះហោះរំលងផ្ទះខ្ញុំម្តងៗ ខ្ញុំតែងតែសួរខ្លួនឯងថា តើធ្វើដូចម្តេច ឲ្យពួកគេអាចហោះហើរជិតគ្នាយ៉ាងនេះ ដោយមិនបាត់បង់ម្ចាស់ការ ឬការគ្រប់គ្រងយន្តហោះ? ក្រោយមក ខ្ញុំក៏បានដឹងច្បាស់ថា មូលហេតុដែលពួកគេអាចធ្វើដូចនេះបាន គឺដោយសារការបន្ទាបខ្លួន។ អ្នកបើកបរយន្តហោះទាំងពីរ ដែលហោះសងខាង មានការជឿទុកចិត្តថា អ្នកបើកយន្តហោះដែលនៅកណ្តាល និងនាំមុខគេ កំពុងតែធ្វើដំណើរទៅមុខ ដោយល្បឿន និងគន្លងដ៏ត្រឹមត្រូវ បានជាពួកគេលះបង់បំណងចិត្តរបស់ខ្លួនឯង ដោយព្រមទៅតាមទិសដៅផ្សេង ឬចោទសួរ អំពីទិសដៅរបស់អ្នកដឹកនាំខ្លួនឡើយ។ ផ្ទុយទៅវិញ ពួកគេបានហោះហើរ ក្នុងក្បួន ហើយហោះតាមយន្តហោះដែលនៅកណ្តាល និងនៅខាងមុខយ៉ាងប្រកិត។ តើការធ្វើដូចនេះ បានលទ្ធផលអ្វី? ជាការពិតណាស់ ពួកគេបង្កើតបានក្រុមដ៏ខ្លាំងពូកែមួយ។
អ្នកដើរតាមព្រះយេស៊ូវ ក៏មានលក្ខណៈមិនខុសពីអ្នកបើកយន្តហោះជាក្រុមនោះឡើយ។ ព្រះអង្គបានមានបន្ទូលថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ”(លូកា ៩:២៣)។
ការដើរតាមទ្រង់ គឺត្រូវឆ្លងកាត់ផ្លូវនៃការបដិសេធន៍ខ្លួនឯង និងមានទុក្ខលំបាក ដែលអាចធ្វើឲ្យយើងពិបាកដើរតាមទ្រង់។ ប៉ុន្តែ ដើម្បីធ្វើជាសិស្សរបស់ទ្រង់ ដែលមានប្រសិទ្ធិភាព ទ្រង់ក៏បានឲ្យយើងលះចោលចិត្តអាត្មានិយម ហើយត្រូវរើសយកបន្ទុកខាងវិញ្ញាណជារៀងរាល់ថ្ងៃ ដោយគិតប្រយោជន៍អ្នកដទៃជាមុន ខណៈពេលដែលកំពុងដើរតាមទ្រង់យ៉ាងប្រកិត។
ការដើរតាមព្រះជាម្ចាស់ ដោយភាពស្និទ្ធស្នាល គឺត្រូវមានការបន្ទាបខ្លួន ដែលងាយឲ្យគេមើលឃើញ។ ចូរយើងដើរតាមការដឹកនាំរបស់ទ្រង់ យ៉ាងប្រកិត ដែលធ្វើឲ្យគេមើលមក ឃើញថាយើងហាក់ដូចជារួមតែមួយនឹងព្រះគ្រីស្ទ។ ពេលនោះ គេនឹងមើលឃើញទ្រង់ តាមរយៈការប្រព្រឹត្តរបស់យើង។ ហើយគេនឹងលាន់មាត់ថា “ពិតជាអស្ចារ្យណាស់”។ —PATRICIA RAYBON