ពេល​រដូវរងា​មក​ដល់ ជា​រឿយ​ៗ ខ្ញុំ​បាន​ក្រោក​ពី​ដំណេក ដោយ​ការ​ភ្ញាក់​ផ្អើល ចំពោះ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ ពិភព​លោក​ដែលបាន​គ្រប​ដណ្តប់ ដោយ​ព្រឹល​ដ៏​សុខ​សាន្ត និង​ស្ងាត់​ស្ងៀម។ នៅ​ពេល​នោះ ព្រឹល​បាន​ធ្លាក់​ចុះ​មក ដោយ​ភាព​ស្រទន់ គឺ​ខុស​ពី​រដូវ​ផ្ការីក ដែល​មាន​សម្លេង​ផ្គរ​លាន់​ដ៏​កក្រើក ដែល​បាន​ប្រកាស​អំពី​វត្ត​មាន​របស់​ខ្លួន​នៅ​ពេល​យប់។

ក្នុង​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “បទ​ចម្រៀង​នៃ​ព្រឹល​រដូវ​រងា” អ្នក​ស្រី​អូដ្រេយ អាសាត(Audrey Assad) បាន​ច្រៀង​ថា ព្រះ​យេស៊ូវ​អាច​យាង​ចុះ​មក​ផែន​ដី ដោយ​អំណាច​ចេស្តា ដូច​ខ្យល់​ព្យុះ​កំបុត​ត្បូង ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​យាង​មក​យ៉ាងស្ងាត់​ស្ងៀម យ៉ាង​សុភាព ដូច​ព្រឹល​ដែល​ធ្លាក់​យ៉ាង​ស្រទន់ នៅ​រដូវ​រងា នៅ​ពេល​យប់ នៅ​ក្រៅ​បង្អួច​ផ្ទះ​ខ្ញុំ។

ការ​យាង​មក​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ភាព​ស្ងប់​ស្ងាត់។ ទ្រង់​មិន​បាន​ប្រសូត​នៅ​ក្នុង​រាជ​វាំង​ឡើង ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​កន្លែង​ដែល​មិន​ទំនង ដែល​ជា​ទីស្នាក់​អាស្រ័យ​ដ៏​តូច​ទាប​ នៅ​ភូមិ​បេថ្លេហិម​។ ហើយ​ទ្រង់​បាន​ផ្ទុំ​នៅ​ក្នុង​ស្នូក​សត្វ ដោយ​មិន​មាន​គ្រែ​សមរម្យ​(លូកា ២:៧)។ ទ្រង់​ក៏​មិន​បាន​ប្រសូត​នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដែរ ។ ឪពុក​ម្តាយ​ទ្រង់​បាន​ត្រឹម​តែ​អាច​យក​សត្វ​ព្រាប​មួយ​គូ មក​ថ្វាយ​ជា​យញ្ញ​បូជា ពេល​ដែល​អ្នក​ទាំង​ពីរ​ថ្វាយ​ទ្រង់​ដល់ព្រះ​ជា​ម្ចាស់ នៅ​ព្រះ​វិហារ(ខ.២៤)។

ការ​យាង​មក​របស់​ព្រះ​យេស៊ូវ ដោយ​ការ​បន្ទាប​ព្រះ​កាយ ចូល​ក្នុង​លោកិយ​នេះ ត្រូវ​បាន​ហោរា​អេសាយថ្លែង​ជា​បទ​ទំនាយ អំពីព្រះ​អង្គ​សង្រ្គោះ ដែល​យាង​មក ដោយ​មិន​បាន​ស្រែក ឬ​ប្រកាស​ជា​សាធារណៈ​ឡើយ(អេសាយ ៤២:២) ហើយ​ទ្រង់​ក៏​មិន​បាន​យាង​មក​ដោយ​អំណាច​ចេស្តា ដែល​ធ្វើ​ឲ្យ​បាក់​ដើម​ត្រែង ឬ​ធ្វើ​ឲ្យ​រលត់​ភ្លើង​ប្រឆេះ​ដែល​ខំ​ឆេះ​នោះ​ដែរ​(ខ.៣)។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​យាង​មក ដោយ​ភាព​ស្រទន់ ដើម្បី​នាំ​យើង​ចូល​ទៅ​រក​ទ្រង់ ដោយ​ផ្សះ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ គឺ​ការ​ផ្សះ​ផ្សាដែល​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា ដែល​បាន​ជឿ​រឿង​ស្តី​អំពី​ព្រះ​អង្គ​សង្រ្គោះ​ប្រសូត​នៅ​ក្នុង​ក្រោល​សត្វ ឬ​ទទួល​ជឿ​ទ្រង់​ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ។ —LISA SAMRA