ខ្ញុំតែងតែចង់រៀនលេងវីយូឡុងធំ។ ប៉ុន្តែ ខ្ញុំមិនដែលរកបានពេល សម្រាប់ចូលរៀនឡើយ។ បើនិយាយឲ្យកាន់តែត្រូវទៀតនោះ គឺខ្ញុំមិនដែលបានញែកពេលចូលរៀន។ កាលនោះ ខ្ញុំគិតថា នៅនគរស្ថានសួគ៌ ខ្ញុំប្រហែលជាអាចចេះលេងឧបករណ៍ភ្លេងមួយនោះ យ៉ាងស្ទាត់ជំនាញ។ ទន្ទឹមនឹងនោះ ខ្ញុំចង់ផ្តោតទៅលើការប្រើប្រាស់ពេលវេលារបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលព្រះបានត្រាស់ហៅ ឲ្យខ្ញុំធ្វើថ្វាយទ្រង់ ក្នុងពេលបច្ចុប្បន្ន។
ជីវិតមនុស្សខ្លីណាស់ ហើយជាញឹកញាប់ យើងច្រើនតែមានអារម្មណ៍ថា យើងត្រូវខំប្រើពេលវេលារបស់យើង នៅលើផែនដី ឲ្យមានប្រយោជន៍បំផុត មុនពេលវាកន្លងផុតទៅ។ ប៉ុន្តែ តើយើងយល់ច្បាស់ អំពីបញ្ហានេះទេ?
ពេលដែលស្តេចសាឡូម៉ូនពិចារណា អំពីអត្ថន័យនៃជីវិត ទ្រង់បានផ្តល់ឲ្យនូវការណែនាំពីរយ៉ាង។ ទីមួយ យើងត្រូវតែរស់នៅ តាមរបៀបដ៏មានន័យបំផុត តាមដែលអាចធ្វើទៅបាន ដែលរាប់បញ្ចូលការអរសប្បាយឲ្យបានពេញលេញ ចំពោះការល្អដែលព្រះទ្រង់អនុញ្ញាតឲ្យយើងពិសោធន៍ក្នុងជីវិត ដែលមានដូចជាអាហារ និងទឹក(សាស្តា ៩:៧) សំលៀកបំពាក់ និងគ្រឿងក្រអូប(ខ.៨) អាពាហ៍ពិពាហ៍(ខ.៩) និងអំណោយល្អៗទាំងអស់របស់ព្រះជាម្ចាស់ ដែលអាចរាប់បញ្ចូលការរៀនលេងឧបករណ៍ភ្លេង ដែលមានដូចជាវីយូឡុងធំជាដើម។
ទីពីរ យើងត្រូវខំធ្វើការ(ខ.១០)។ ជីវិតមនុស្សមានពេញទៅដោយឱកាស ហើយយើងតែងតែមានកិច្ចការបន្ថែមទៀត ដែលត្រូវធ្វើ។ យើងត្រូវទាញយកប្រយោជន៍ ពីឱកាសដែលព្រះប្រទានដល់យើង ដោយស្វែងរកប្រាជ្ញាទ្រង់ នៅក្នុងការដាក់អាទិភាពការងារ ហើយធ្វើការ ដោយប្រើអំណោយទានរបស់យើង ដើម្បីបម្រើទ្រង់។
ជីវិតជាអំណោយដ៏អស្ចារ្យមកពីព្រះអម្ចាស់។ ចូរយើងថ្វាយព្រះកិត្តិនាមដល់ទ្រង់ ដោយអរសប្បាយនឹងព្រះពររបស់ទ្រង់ជាប្រចាំថ្ងៃ ហើយអរសប្បាយក្នុងការបម្រើដ៏មានន័យ។—POH FANG CHIA