ខ្ញុំ​តែង​តែ​ចង់​រៀន​លេង​វីយូឡុង​ធំ។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​រក​បាន​ពេល សម្រាប់​ចូល​រៀន​ឡើយ។ បើ​និយាយ​ឲ្យ​កាន់​តែ​ត្រូវ​ទៀត​នោះ គឺ​ខ្ញុំ​មិន​ដែល​បាន​ញែក​ពេល​ចូល​រៀន។ កាល​នោះ ខ្ញុំ​គិត​ថា នៅ​នគរស្ថាន​សួគ៌ ខ្ញុំ​ប្រហែល​ជា​អាច​ចេះ​លេង​ឧបករណ៍​ភ្លេង​មួយ​នោះ យ៉ាង​ស្ទាត់​ជំនាញ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ចង់​ផ្តោត​ទៅ​លើ​ការ​ប្រើ​ប្រាស់​ពេល​វេលា​របស់​ខ្ញុំ ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​បាន​ត្រាស់​ហៅ ឲ្យ​ខ្ញុំ​ធ្វើ​ថ្វាយ​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន។

ជីវិត​មនុស្ស​ខ្លី​ណាស់ ហើយ​ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មាន​អារម្មណ៍​ថា យើង​ត្រូវ​ខំ​ប្រើ​ពេល​វេលា​របស់​យើង នៅ​លើ​ផែន​ដី ឲ្យ​មាន​ប្រយោជន៍​បំផុត មុន​ពេល​វា​កន្លង​ផុត​ទៅ។ ប៉ុន្តែ តើ​យើង​យល់​ច្បាស់ អំពី​បញ្ហា​នេះ​ទេ?

ពេល​ដែល​ស្តេច​សាឡូម៉ូន​ពិចារណា អំពី​អត្ថ​ន័យ​នៃ​ជីវិត ទ្រង់​បាន​ផ្តល់​ឲ្យ​នូវ​ការ​ណែ​នាំ​ពីរ​យ៉ាង។​ ទី​មួយ យើង​ត្រូវ​តែ​រស់​នៅ តាម​របៀប​ដ៏​មាន​ន័យ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដែល​រាប់​បញ្ចូល​ការ​អរសប្បាយ​ឲ្យ​បាន​ពេញ​លេញ ចំពោះ​ការ​ល្អ​ដែល​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ពិសោធន៍​ក្នុង​ជីវិត ដែល​មាន​ដូច​ជា​អាហារ និង​ទឹក​(សាស្តា ៩:៧) សំលៀក​បំពាក់ និង​គ្រឿង​ក្រអូប​(ខ.៨) អាពាហ៍​ពិពាហ៍(ខ.៩) និង​អំណោយ​ល្អ​ៗ​ទាំង​អស់​របស់​ព្រះ​ជា​ម្ចាស់ ដែលអាច​រាប់​បញ្ចូល​ការ​រៀន​លេង​ឧបករណ៍​ភ្លេង ដែល​មាន​ដូច​ជា​វីយូឡុង​ធំ​ជា​ដើម។

ទីពីរ យើង​ត្រូវ​ខំ​ធ្វើ​ការ​(ខ.១០)។ ជីវិត​មនុស្ស​មាន​ពេញ​ទៅ​ដោយ​ឱកាស ហើយ​យើង​តែង​តែ​មាន​កិច្ចការ​បន្ថែម​ទៀត ដែល​ត្រូវ​ធ្វើ​។ យើង​ត្រូវ​ទាញ​យក​ប្រយោជន៍ ពី​ឱកាស​ដែល​ព្រះ​ប្រទាន​ដល់​យើង ដោយ​ស្វែង​រក​ប្រាជ្ញា​ទ្រង់ នៅ​ក្នុង​ការ​ដាក់​អាទិភាព​ការងារ ហើយ​ធ្វើ​ការ ដោយ​ប្រើ​អំណោយ​ទាន​របស់​យើង ដើម្បី​បម្រើ​ទ្រង់។​

ជីវិត​ជា​អំណោយ​ដ៏​អស្ចារ្យ​មក​ពី​ព្រះ​អម្ចាស់។ ចូរ​យើង​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់ ដោយ​អរសប្បាយ​នឹង​ព្រះ​ពរ​របស់ទ្រង់​ជា​ប្រចាំ​ថ្ងៃ ហើយ​អរសប្បាយ​ក្នុង​ការ​បម្រើ​ដ៏​មាន​ន័យ។​—POH FANG CHIA