ប៉ា​របស់​ខ្ញុំ​មាន​អំណោយ​ទាន​មួយ គឺ​គាត់​តែង​តែ​ស្គាល់​ទិស ។ បើ​សិន​ជា​ខ្ញុំ​មាន​សមត្ថ​ភាព​ដូច​នេះ​ដែរ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ សុភាវគតិ​របស់​គាត់ បាន​ឲ្យ​គាត់​ដឹង​ថា ទិស​ខាង​ជើង ត្បូង លិច និង​កើត​នៅ​ខាង​ណា។ គាត់​ហាក់​ដូច​ជា​មាន​សមត្ថ​ភាព​នេះ​ពី​កំណើត។ ហើយ​គាត់​តែង​តែ​ប្រាប់​ទិស មិន​ដែល​ខុស​ឡើយ គឺ​លើក​លែង​តែ​នៅ​ពេល​យប់មួយ​។

នៅ​ពេល​យប់​នោះ ប៉ា​ខ្ញុំ​បាន​វង្វេង​ផ្លូវ។ គាត់​និង​ម្តាយ​ខ្ញុំ បាន​ទៅ​ចូល​រួម​កម្ម​វិធី​មួយ ក្នុង​ក្រុង​ដែល​គាត់​មិន​ដែល​ធ្លាប់​ទៅ​ពី​មុន​មក ហើយ​ក៏​បាន​ចាក​ចេញ​មក​ផ្ទះ​វិញ នៅ​ពេល​យប់​ងងឹត។ គាត់​ជឿ​ជាក់​ថា គាត់​ស្គាល់​ផ្លូវ​ត្រឡប់​មក​ផ្លូវ​ធំ​វិញ ប៉ុន្តែ គាត់​បាន​វង្វេង​ផ្លូវ​ហើយ។ គាត់​បាន​បើក​ឡាន​ត្រឡប់​ថយ​ក្រោយ​វិញ។ បន្ទាប់​មក គាត់​ក៏​បាន​ច្រឡំ​ផ្លូវ ហើយ​ក៏​មាន​អារម្មណ៍​តប់​ប្រមល់។ ម្តាយ​ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ថា ការ​ស្វែង​រក​ផ្លូវ គឺ​ជា​ការ​ពិបាក ប៉ុន្តែ គាត់​គួរ​តែ​ប្រើ​ទូរស័ព្ទ​របស់​គាត់​ ដើម្បី​រក​មើល​ទិស ដែល​ត្រូវ​ធ្វើ​ដំណើរ។

ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា លោក​ឪពុក​របស់​ខ្ញុំ​ដែល​មាន​អាយុ​៧៦​ឆ្នាំ បាន​សុំ​ឲ្យ​គេ​ជួយ​ប្រាប់​ទិស សម្រាប់​ការ​ធ្វើដំណើរ​ជា​លើក​ទីមួយ ក្នុង​ជីវិត​គាត់ គឺ​គាត់​បាន​សុំ​ឲ្យ​ទូរស័ព្ទ​របស់​គាត់​ជួយ​ប្រាប់​ទិស​ធ្វើ​ដំណើរ។

ស្តេច​ដាវីឌ គឺ​ជា​អ្នក​និពន្ធ​ទំនុក​ដំកើង ដែល​មាន​បទ​ពិសោធន៍​ដ៏​ច្រើន​សម្បូរ​បែប ក្នុង​ជីវិត។ ប៉ុន្តែ បទ​ទំនុក​ដំកើង​របស់​គាត់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នៅ​ពេល​ខ្លះ ស្តេច​ដាវីឌ​បាន​មាន​អារម្មណ៍​ថា វង្វេង ទាំង​ខាង​វិញ្ញាណ និង​ផ្លូវ​អារម្មណ៍​។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៤៣ ក៏​បាន​និយាយ​អំពី​ពេល​នោះ​ផង​ដែរ។ កាល​នោះ ស្ដេច​ដ៏​ល្បី​ល្បាញ​អង្គ​នេះ បាន​ធ្លាក់​ទឹក​ចិត្ត(ខ.៤) ទ្រង់​កំពុង​តែ​ជួប​ទុក្ខ​វេទនា(ខ.១១)។ ដូច​នេះ ទ្រង់​ក៏​បាន​បង្អង់​ឈប់​សិន ហើយ​ក៏​បាន​អធិស្ឋាន​ថា “សូម​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ”(ខ.៨)។ ទ្រង់​ក៏​បាន​ស្រែក​រក​ព្រះ​អម្ចាស់​ថា “​ទូលបង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់”(ខ.៨)។

បើ​សិន​ជា ស្តេច​ដាវីឌ ដែល​ជា“បុរស​ដែល​ត្រូវ​នឹង​ព្រះ​ហឫ​ទ័យ​ព្រះ”(១សាំយ៉ូអែល ១៣:១៤) មាន​អារម្មណ៍​ថា បាត់​បង់​ទិស​ដៅ ពី​ពេល​មួយ ទៅ​ពេល​មួយ​ទៀត​ នោះ​យើង​ក៏​ចាំ​បាច់​ត្រូវ​ងាក​មក​រក​ព្រះ ដើម្បី​សូម​ឲ្យ​ទ្រង់​បង្ហាញ​ទិស​ដៅ​ផង​ដែរ​។—JOHN BLASÉ