ភាព​ងងឹត​បាន​ចុះ​មក​គ្រប​ដណ្តប់​ពី​លើ​ភូមិ​របស់​ខ្ញុំ នៅ​ពេល​ដែល​យើង​មិន​ឃើញ​ព្រះ​ចន្ទ​បញ្ចេញ​ពន្លឺ​ទៀត។ ផ្លេក​បន្ទោរ​បាន​ពុះ​ជ្រែក​ផ្ទៃ​មេឃ ដែល​បន្ទរ​ដោយ​ព្យុះ​ភ្លៀង និង​សូរ​ផ្គរ​លាន់​កក្រើក​ដី។ កាល​ខ្ញុំ​នៅ​ក្មេង ស្ថិត​នៅ​ពេល​បែប​នេះ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​ខ្ញុំ​បាន​ស្រមៃ​ឃើញ​សត្វ​ចម្លែក​ដែល​គួរ​ឲ្យ​ខ្លាច​គ្រប់​ប្រភេទ ដែល​ហៀប​នឹង​សង្គ្រប់​មក​លើ​ខ្ញុំ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ព្រឹក​ស្អែក​មក​ដល់ សម្លេង​ទាំង​នោះ​ក៏​បាន​រលាយ​បាត់​អស់ ថ្ងៃ​ក៏​បាន​រះ​ឡើង ​ហើយ​ភាព​ស្ងប់​ស្ងាត់​ក៏​បាន​ត្រឡប់​មក​វិញ ខណៈ​ពេល​ដែល​សត្វ​បក្សី​កំពុង​តែ​អរសប្បាយ​នឹង​ពន្លឺ​ថ្ងៃ។ ភាព​ខុស​គ្នា​រវាង​ភាព​ងងឹត​ដែល​គួរ​ឲ្យ​ខ្លាច នៅ​ពេល​យប់ និង​ក្តី​អំណរ​នៅ​ពេល​ថ្ងៃ គឺ​ងាយ​ឲ្យ​យើង​កត់​សំគាល់​ទេ។

អ្នក​និពន្ធ​បទ​គម្ពីរ​ហេព្រើរ​បាន​រំឭក អំពី​បទ​ពិសោធន៍​របស់​ជន​ជាតិ​អ៊ីស្រាអែល នៅ​ភ្នំ​ស៊ីណាយ ដែល​មាន​ភាព​ងងឹត​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​លាក់​ខ្លួន ដោយ​ការ​ភ័យ​ខ្លាច​(និក្ខមនំ ២០:១៨-១៩)។ ពួក​គេ​មាន​អារម្មណ៍​ថា ងងឹត និង​ភ័យ​ខ្លាច ចំពោះ​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ សូម្បី​តែ​នៅ​ពេល​ដែល​ទ្រង់​ប្រទាន​ក្រឹត្យ​វិន័យ​នៃ​ក្តី​ស្រឡាញ់​មក​ពួក​គេ។ ពីព្រោះ​ក្នុង​នាម​ជា​មនុស្ស​មាន​បាប ពួក​អ៊ីស្រាអែល​មិន​បាន​រស់​នៅ ឲ្យ​ដល់​កំរិត​នៃ​ខ្នាត​គំរូ​របស់​ព្រះ​ជា​ម្ចាស់​ឡើយ​។ អំពើ​បាប​របស់​ពួក​គេ បាន​បណ្តាល​ឲ្យ​ពួក​គេ​ដើរ​ក្នុង​ភាព​ងងឹត និង​ការ​ភ័យ​ខ្លាច​(ហេព្រើរ ១២:១៨-២១)។

ប៉ុន្តែ ព្រះ​ជាម្ចាស់​ជា​ពន្លឺ ហើយ​នៅ​ក្នុង​ទ្រង់ គ្មាន​ភាព​ងងឹត​សោះ​ឡើយ(១យ៉ូហាន ១:៥)។ ក្នុង​បទ​គម្ពីរ​ហេព្រើរ ជំពូក​១២ ភ្នំ​ស៊ីណាយ ជា​និមិត្ត​រូប​តំណាង​ឲ្យ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់ និង​ជីវិត​ចាស់​របស់​យើង ដែល​មិន​ស្តាប់​បង្គាប់​ទ្រង់ តែ​ទន្ទឹម​នឹង​នោះ សម្រស់​នៃ​ភ្នំ​ស៊ីយ៉ូន ជា​តំណាង​ឲ្យ​ព្រះ​គុណ​របស់​ព្រះ និង​ជីវិត​ថ្មី​របស់​អ្នក​ដែល​ជឿព្រះយេស៊ូវ ដែល​ជា “អ្នក​កណ្តាល​នៃ​សេចក្តី​សញ្ញា​ថ្មី”(ខ.២២-២៤)។

អ្នក​ណា​ដែល​ដើរ​តាម​ព្រះ​យេស៊ូវ នឹង “​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ តាម​រយៈ​ទ្រង់ នោះ​យើង​អាច​លះ​បង់​ចោល​ភាព​ងងឹត​នៃ​ជីវិត​ចាស់​របស់​យើង ហើយ​ទទួល​យក​ក្តី​អំណរ​នៃការ​ដើរ​ក្នុង​ពន្លឺ និង​សម្រស់​នៃ​នគរ​ព្រះ​។—LAWRENCE DARMANI