ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ជួប​ជុំ​គ្នា នៅ​ក្នុង​សាលា​បឋម​សិក្សា ដ៏​ចំ​ណាស់​មួយ​កន្លែង ។ សាលា​នោះ​បាន​បិទ​ទ្វារ ក្នុង​ឆ្នាំ១៩៥៨ ជាជាង​អនុវត្ត​តាម​បទ​បញ្ជា​របស់​តុលា​ការ​អាមេរិក ដែល​បាន​បង្គាប់​ឲ្យ​ឈប់​ប្រកាន់​ជាតិ​សាសន៍​(តាម​ច្បាប់ ដែល​បានអនុញ្ញាត​សិស្ស​អាមេរិក​ស្បែក​ខ្មៅ ទៅ​រៀន​នៅ​សាលា ដែល​ពី​មុន​ទទួល​តែ​សិស្ស​ស្បែក​ស)។ នៅ​ឆ្នាំ​បន្ទាប់ សាលា​រៀន​នេះក៏​បាន​បើក​ឡើង​វិញ ហើយ​អេលវ៉ា(Elva) ជា​សមាជិក​ពួក​ជំនុំ​របស់​ខ្ញុំ​នៅ​ពេល​បច្ចុប្បន្ន ដែល​កាល​នោះ នាង​ស្ថិត​ក្នុង​ចំណោម​សិស្ស​ស្បែក​ខ្មៅ​ដំបូង​គេ ដែល​បញ្រ្ជៀត​ចូល​នៅ​ក្នុង​ពិភព​នៃ​ពួក​ស្បែក​ស។ គាត់​បាន​រំឭក​ថា “នៅ​សម័យ​នោះ គេ​បាន​យក​ខ្ញុំ​ចេញ​ពី​សហគមន៍​ដ៏​មាន​សុវត្ថិភាព​របស់​ខ្ញុំ ដែល​មាន​គ្រូ​បង្រៀន ដែល​ជាផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ ហើយ​គេ​ក៏​បាន​យក​ខ្ញុំ​ទៅ​ដាក់ ក្នុង​បរិយា​កាស​ដ៏​គួរ​ឲ្យ​ខ្លាច នៅ​ក្នុង​ថ្នាក់​រៀន​មួយ ដែល​មាន​សិស្ស​ស្បែក​ខ្មៅតែ​ម្នាក់​ទៀត​”។ កាល​នោះ អេលវ៉ា​បាន​ជួប​ការ​លំបាក​ជា​ច្រើន ដោយ​សារ​នាង​មាន​ពណ៌​សម្បុរ​ខុស​ពី​គេ ប៉ុន្តែ នាងបាន​ប្រែ​ក្លាយ​ជា​ស្រ្តី នៃ​សេចក្តី​ក្លាហាន ជំនឿ និង​ការ​អត់​ឱន​ទោស។

ទីបន្ទាល់​របស់​គាត់ គឺ​ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់ ព្រោះ​នាង​បាន​អត់​ទ្រាំ​នឹង​ការ​អាក្រក់​ជា​ច្រើន ពី​សំណាក់​មនុស្សមួយ​ចំនួន នៅ​ក្នុង​សង្គម​មួយ ដែល​បាន​បដិសេធ​សេចក្តី​ពិត ដែល​ថា ព្រះ​ជា​ម្ចាស់​បាន​ស្រឡាញ់​មនុស្ស​ម្នាក់​ៗ ដោយ​មិន​គិត​ពណ៌​សម្បុរ ឬ​ពូជ​សាសន៍​ឡើយ​។ សមាជិក​មួយ​ចំនួន នៅ​ក្នុង​ពួក​ជំនុំ​ដំបូង ក៏​បាន​បដិសេធ​សេចក្តីពិត​នេះ​ផង​ដែរ ដោយ​ជឿ​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់​តែ​ជាតិ​សាសន៍​មួយ ដោយសារ​ដើម​កំណើត​របស់​ពួក​គេ ហើយទ្រង់​បដិសេធ​ជាតិ​សាសន៍ដទៃទៀត។ ប៉ុន្តែ បន្ទាប់​ពី​សាវ័ក​ពេត្រុស​បាន​ទទួល​ការ​បើក​សម្តែង​ពី​ព្រះ​ជា​ម្ចាស់​ហើយ គាត់​ក៏បាន​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល ដោយ​ប្រកាស​ថា “ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោតខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្តី​សុចរិត នោះ​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ដែរ”(កិច្ចការ ១០:៣៤-៣៥)។

ព្រះ​ទ្រង់​បើក​ចំហរ​ព្រះ​ហស្ត​ទ្រង់ ដើម្បី​ប្រទាន​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​មនុស្ស​គ្រប់​គ្នា។ ចូរ​យើង​ទទួល​ស្វាគមន៍​អ្នក​ដទៃ ដោយ​អំណាច​ចេស្តា​ទ្រង់​ផង​ដែរ។—WINN COLLIER