មានពេលមួយ ខ្ញុំបានផ្តេកខ្លួននៅលើកម្រាលកៅស៊ូ ហើយអត់ដង្ហើម តាមបង្គាប់របស់គ្រូពេទ្យ ខណៈពេលដែលម៉ាស៊ីនកំពុងតែដំណើរការ ដោយសម្លេងងឺតង៉តៗ និងសូរក្រិកៗ។ ខ្ញុំបានស្គាល់មនុស្សជាច្រើន ដែលបានទៅស្គែនអ៊ែម អរ អាយ (MRIs) ប៉ុន្តែ ដោយសារខ្ញុំជាមនុស្សដែលមានជម្ងឺខ្លាចកន្លែងបិទជិត នោះខ្ញុំចាំបាច់ត្រូវផ្តោតចិត្តទៅលើព្រះជាម្ចាស់ ដែលទ្រង់ធំជាងខ្ញុំ។
ខណៈពេលដែលខ្ញុំឮម៉ាស៊ីនបញ្ចេញសម្លេងតាមចង្វាក់របស់វា ខ្ញុំក៏បានសូត្រឃ្លាមួយក្នុងខគម្ពីរ ក្នុងចិត្តខ្ញុំអំពី “ទទឹង បណ្តោយ ជំរៅ និងកំពស់នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ”(អេភេសូរ ៣:១៨)។ ពេលសាវ័កប៉ុលអធិស្ឋានឲ្យពួកជំនុំនៅក្រុងអេភេសូរ គាត់បានពិពណ៌នា អំពីរង្វាស់ទាំងបួននៃសេចក្តីស្រឡាញ់របស់ព្រះ ដើម្បីនិយាយសង្កត់ធ្ងន់ អំពីទំហំ និងភាពស្ថិតស្ថេរនៃសេចក្តីស្រឡាញ់ និងព្រះវត្តមានរបស់ទ្រង់។
របៀបដែលខ្ញុំផ្តេកខ្លួន ដើម្បីស្គែននឹងម៉ាស៊ីន អ៊ែម អរ អាយ បានផ្តល់ឲ្យខ្ញុំនូវការយល់ដឹងថ្មីមួយ។ ពេលខ្ញុំគិតអំពីទទឹង ខ្ញុំក៏បានគិតដល់ទទឹងរបស់បំពង់ស្គែន ដែលខ្លួនរបស់ខ្ញុំបានផ្តេកនៅខាងក្នុង ដោយដៃនៅសងខាងខ្លួនខ្ញុំ។ ខ្ញុំក៏បានគិតអំពីបណ្តោយរបស់បំពង់នោះពីចុងម្ខាងដល់ចុងម្ខាង ដែលមានប្រវែងវែងជាងដងខ្លួនរបស់ខ្ញុំ រាប់ចាប់ពីជើងដល់ក្បាល។ បន្ទាប់មក ខ្ញុំក៏បានគិតអំពីកម្ពស់ របស់ពិដាននៃបំពង់នោះ គិតចាប់ពីច្រមុះខ្ញុំទៅ។ រួចខ្ញុំក៏បានគិតអំពីជម្រៅរបស់បំពង់នោះ ដែលគិតចាប់ពីទម្រដែលតភ្ជាប់បំពង់នោះ និងកម្រាលឥដ្ឋ ដែលនៅក្រោមខ្ញុំ ហើយបានទ្រខ្លួនខ្ញុំ។ រង្វាស់ទាំងបួននេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទទឹង បណ្តោយ កម្ពស់ និងជម្រៅ នៃសេចក្តីស្រឡាញ់ និងព្រះវត្តមានរបស់ព្រះជាម្ចាស់ ដែលបានហ៊ុមព័ទ និងទ្រទ្រង់ខ្ញុំ នៅក្នុងបំពង់ម៉ាស៊ីនស្គែន អ៊ែម អរ អាយ ក៏ដូចជា នៅក្នុងកាលៈទេសៈទាំងអស់នៃជីវិតខ្ញុំ។
សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានហ៊ុមព័ទ្ធជុំវិញយើង។ ទ្រង់បានបង្ហាញទទឹងនៃសេចក្តីស្រឡាញ់របស់ទ្រង់ ដោយព្រះហស្តទ្រង់បានឈោងទៅរកមនុស្សទាំងអស់ នៅគ្រប់ទិសទី។ ហើយបណ្តោយនៃសេចក្តីស្រឡាញ់របស់ទ្រង់ គឺជាភាពស្ថិតស្ថេរនៃសេចក្តីស្រឡាញ់របស់ទ្រង់ ដែលមិនចេះចប់។ ទ្រង់ក៏បានលើកយើងខ្ពស់ឡើង តាមកម្ពស់នៃសេចក្តីស្រឡាញ់របស់ទ្រង់។ ទ្រង់ក៏បានមុជទៅរកយើង ទោះយើងធ្លាក់ដល់បាតណាក៏ដោយ ក្នុងស្ថានភាពនីមួយៗ ដោយឱបយើងជាប់។ គ្មានអ្វីអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ទ្រង់បានឡើយ(រ៉ូម ៨:៣៨-៣៩)។—ELISA MORGAN