ខ្ញុំ​មាន​សត្វ​ឆ្កែ​មួយ​ក្បាល ឈ្មោះ “ប៊ែរ” ជា​ពូជ​សត្វ​ឆ្កែ​ប្រមាញ់​ឡាប្រាដូ ដែល​មាន​ទម្ងន់​ជាង​៥០​គីឡូ​ក្រាម។ ខ្ញុំ​បាន​ដាក់​ទឹក​ឲ្យ​វា​ផឹក​ នៅ​ក្នុង​ចាន​ដែក​ដ៏​ធំ​មួយ នៅ​កៀន​ជ្រុង​ជញ្ជាំង​ផ្ទះ​បាយ។ ពេល​ណា​ទឹក​ក្នុង​ចាន​រីង​អស់ វា​មិន​បាន​ព្រុស ឬ​យក​ជើង​ទៅ​កាយ​ចាន​ដែក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ផ្តេក​ខ្លួន និង​រង់​ចាំ​យ៉ាង​ស្ងាត់​ស្ងៀម នៅ​ក្បែរ​ចាន​ដែក​នោះ។ ជួន​កាល វា​ត្រូវ​រង់​ចាំ​ជា​ច្រើន​នាទី ប៉ុន្តែ វា​បាន​រៀន​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​ដើរ​ចូល​ក្នុង​ផ្ទះ​បាយ ឃើញ​វា​នៅ​ទីនោះ ហើយ​ផ្តល់​ឲ្យ​វា​នូវ​អ្វី​ដែល​វា​ត្រូវ​ការ​ជា​មិន​ខាន។​ ជំនឿ​ដ៏​សាមញ្ញ​ដែល​វា​មាន​ចំពោះ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ខ្ញុំ​ត្រូវ​ទុក​ចិត្ត​ព្រះ​កាន់​តែ​ខ្លាំង។ នេះ​ជាមេ​រៀន​អំពី​សេចក្តី​ជំនឿ​ដ៏​ប្រសើរ ដែល​ខ្ញុំ​អាច​រក​បាន ពី​កន្លែង​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់។

ព្រះ​គម្ពីរ​បាន​ចែង​ថា “សេចក្តី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បានដូច​សង្ឃឹម ជា​សំគាល់​ពី​ការ​ដែល​មើល​មិន​ឃើញ”(ហេព្រើរ ១១:១)។ ព្រះ​ជា​ម្ចាស់ គឺជា​គ្រឹះ​នៃ​ការ​ទុក​ចិត្ត និង​ការ​ដឹង​ជាក់ ហើយ​ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់អ្នក​ដែល​ស្វែង​រក​ទ្រង់ អស់​ពី​ចិត្ត(ខ.៦)។ ព្រះ​ជា​ម្ចាស់ មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា ដែល​ទ្រង់ប្រទាន​ដល់​អ្នក​ដែល​ជឿ និង​ចូល​មក​រក​ទ្រង់ តាម​រយៈ​ព្រះ​យេស៊ូវ។

ជួន​កាល ការ​មាន​ជំនឿ នៅ​ក្នុង “ការ​អ្វី ដែល​យើង​មើល​មិន​ឃើញ” គឺ​មិន​មែន​ជា​ការ​ងាយ​ទេ។ ប៉ុន្តែ យើង​អាច​សម្រាក ដោយ​ទុក​ចិត្ត​ចំពោះ​សេចក្តី​ល្អ និង​ចរិយា​សម្បត្តិ​ដែល​មាន​ក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ទុក​ចិត្ត​ថា ប្រាជ្ញាទ្រង់ មាន​ភាព​ល្អ​ឥត​ខ្ចោះ ក្នុង​គ្រប់​ការ​ទាំង​អស់ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ត្រូវ​រង់​ចាំ​ទ្រង់​ឆ្លើយ​តប​ក៏​ដោយ។ ទ្រង់​តែង​តែ​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ថា នឹង​សង្រ្គោះ​វិញ្ញាណ​របស់​យើង ហើយ​បំពេញ​តម្រូវ​ការ​ដ៏ជ្រាល​ជ្រៅ​បំផុត​របស់​យើង នៅ​ពេល​បច្ចុប្បន្ន និង​អស់​កល្ប​ជា​និច្ច។—JAMES BANKS