ពេល​ដែល​អ្នក​វិទ្យាសាស្រ្ត​ប្រើ​តារា​សាស្ត្រ​តន្រ្តី ពួក​គេ​អាច​សង្កេត​មើល និង​ស្តាប់​សម្លេង និង​ចង្វាក់​នៃ​អវកាស។ ពួក​គេ​បាន​រក​ឃើញ​ថា ផ្កាយ​មិន​បាន​វិល​ជុំ​វិញ តាម​គន្លង ដោយ​ភាព​ស្ងាត់​ស្ងៀម ក្នុង​ផ្ទៃ​មេឃ​ដ៏​អាថ៌​កំបាំង​នៅ​ពេល​រាត្រី​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ពួក​វា​បាន​បង្កើត​ឲ្យ​មាន​តន្រ្តី។ សម្លេង​ដ៏​តូច​ឆ្មា​ដែល​ផ្កាយ​បញ្ចេញ មាន​រលក​សម្លេង ឬ​ប្រេកង់ ដែល​ត្រចៀក​របស់​មនុស្ស មិន​អាច​ស្តាប់​ឮ​បាន គឺ​មិន​ខុស​ពី​សម្លេង​ដែល​សត្វ​ត្រី​បាឡែន​បូក​ខ្នង​បញ្ចេញ​នោះ​ឡើយ។ តែ​តន្រ្តី​របស់​ផ្កាយ និង​ត្រី​បាឡែន និង​សត្វ​ផ្សេង​ទៀត​បាន​ផ្សំ​គ្នា បង្កើត​ជា​បទ​ភ្លេង ដែល​ប្រកាស់​អំពី​ភាព​អស្ចារ្យ​នៃ​ព្រះ​ជា​ម្ចាស់។

ទំនុកដំកើង ១៩:១-៤ បាន​ចែង​ថា “ផ្ទៃ​មេឃ​សំដែង​ពី​សិរីល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ ដែល​ព្រះហស្ត​ទ្រង់​ធ្វើ ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ ឯ​ពាក្យ​សំដី ឬ​ភាសា នោះ​គ្មាន​ឮ​ឡើយ គ្មាន​អ្នក​ណា​ដែល​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ទេ ប៉ុន្តែ​ ដំណឹង​ដែល​របស់​ទាំង​នោះ​ផ្សាយ​មក

ក៏​បាន​ចេញ​ទៅ​គ្រប់​លើ​ផែនដី ហើយ​សេចក្តី​នោះ​បាន​ឮ​ទៅ​ដល់​ទី​បំផុត​លោកីយ៍”។

ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សាវ័ក​ប៉ុល​បាន​បង្ហាញ​ថា ព្រះ​យេស៊ូវ​បាន “​បង្កើត​គ្រប់​ទាំង​អស់ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​នៅ​ផែនដី ទាំង​របស់​ដែល​មើល​ឃើញ ហើយ​ដែល​មើល​មិន​ឃើញ​ផង ទោះ​បើ​ជា​រាជ្យ ឬ​អំណាច​ជា​ព្រះអម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ នោះ​សុទ្ធ​តែ​កើត​មក​ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់​ទាំង​អស់​ផង” (កូល៉ុស ១:១៦)។ ស្នា​ព្រះ​ហស្ត​ទ្រង់​ទាំង​អស់ នៅ​ទី​ខ្ពស់​បំផុត និង​ទី​មាន​ជម្រៅ​បំផុត ក៏​បាន​ច្រៀង​ថ្វាយ​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក។ ចូរ​យើង​ចូល​រួម​ជា​មួយ​ស្នា​ព្រះ​ហស្ត​ទ្រង់ ហើយ​បន្លឺ​សម្លេង​ច្រៀង សរសើរ​ភាព​ធំ​ឧត្តម្ភ​នៃ​ព្រះ ដែល​ “វាល់​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ​ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ”(អេសាយ ៤០:១២)។—REMI OYEDELE