ពេលដែលខ្ញុំ និងស្វាមីរបស់ខ្ញុំទៅមើលសារៈមន្ទីរប្រល័យពូជសាសន៍ យ៉ាត យ៉ាសេម នៅប្រទេសអ៊ីស្រាអែល យើងបានចូលក្នុងសួនច្បារ ដែលមានឈ្មោះថា សុចរិតក្នុងចំណោមប្រជាជាតិទាំងឡាយ។ សួនច្បារនេះបានផ្តល់កិត្តិយស ដល់បុរស និងស្រ្តីដែលបានប្រថុយជីវិត ដើម្បីជួយសង្រ្គោះជនជាតិយូដា ឬជ្វីប ក្នុងរបបប្រល័យពូជសាសន៍ហូឡូខោះ។ ខណៈពេលដែលយើងទស្សនាវិមានរំឭកនេះ យើងក៏បានជួបមនុស្សមួយក្រុម មកពីប្រទេសហូឡង់។ ក្នុងចំណោមពួកគេ មានស្រ្តីម្នាក់បានមកទីនោះ ដើម្បីមើលឈ្មោះជីដូនជីតារបស់នាង នៅក្នុងបញ្ជីឈ្មោះ ដែលគេបានឆ្លាក់នៅលើផ្លាកដ៏ធំមួយ។ ដោយសារយើងមានចិត្តចង់ដឹងចង់ឮ យើងក៏បានសាកសួរអំពីប្រវត្តិគ្រួសាររបស់នាង។
តា និងយាយរបស់នាង គឺលោកគ្រូគង្វាល ភីធ័រ(Rev. Pieter) និងអ្នកស្រី អេដ្រៀនណា មូល័រ(Adriana Müller) បានជួយសង្គ្រោះជីវិតក្មេងប្រុសជនជាតិយូដាម្នាក់ ដែលមានអាយុពីរឆ្នាំ ដោយនាំគាត់ចូលក្នុងផ្ទះរបស់ពួកគេ ហើយក៏បានលាក់អត្តសញ្ញាណរបស់គាត់ ដោយឲ្យគាត់ធ្វើជាកូនពៅគេ ក្នុងចំណោមកូនទាំង៨នាក់របស់ពួកគេពីឆ្នាំ១៩៤៣ ដល់ឆ្នាំ១៩៤៥។
រឿងនេះបានប៉ះពាល់ចិត្តយើងណាស់ បានជាយើងសួរនាងថា “តើក្មេងប្រុសនោះ បានរួចជីវិត នៅសម័យនោះទេ?”ពេលនោះ មានបុរសម្នាក់មានវ័យចាស់ជាងនាង ដែលកំពុងឈរក្នុងក្រុមនោះ ក៏ដើរចេញមក ហើយប្រកាសថា ក្មេងប្រុសនោះគឺជាគាត់ហ្នឹងហើយ។
ពេលខ្ញុំគិតអំពីសេចក្តីក្លាហានរបស់មនុស្សជាច្រើន ដែលបានជួយសង្រ្គោះប្រជាជនយូដា ខ្ញុំក៏បាននឹកចាំ អំពីព្រះនាងអេសធើរ។ នៅសម័យនោះ ស្តេចអ័ហាស៊ូរុសបានចេញព្រះរាជក្រឹត្យ ឲ្យគេសម្លាប់ជនជាតិយូដាបំផុតពូជ ប្រហែលជាក្នុងឆ្នាំ៣៥០មុនគ្រីស្ទសករាជ។ ព្រះនាងអេសធើរប្រហែលជាគិតថា ខ្លួនអាចជៀសផុតពីការកាប់សម្លាប់ តាមព្រះរាជក្រឹត្យនោះ ព្រោះព្រះនាងបានលាក់បាំងមិនឲ្យគេដឹងថា ខ្លួនជាជនជាតិយូដា។ ទោះជាយ៉ាងណាក៏ដោយ នាងបានទទួលការប៉ះពាល់ចិត្ត ឲ្យប្រថុយជីវិតជួយសង្រ្គោះជនជាតិរបស់ខ្លួន ពេលដែលបងប្អូនជីដូនមួយរបស់ព្រះនាងម្នាក់ បានអង្វរព្រះនាង កុំឲ្យនៅស្ងៀម នៅក្នុងរឿងនេះ ព្រោះព្រះជាម្ចាស់បានតាំងព្រះនាងឡើង “សម្រាប់ពេលនោះឯង”(នាងអេសធើរ ៤:១៤)។
យើងប្រហែលមិនដល់ពេល ដែលត្រូវធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់ដូចនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃណាមួយ យើងនឹងត្រូវធ្វើការសម្រេចចិត្តថា ត្រូវបន្តនៅស្ងៀម ឬបើកមាត់និយាយប្រឆាំងនឹងអំពើអយុត្តិធម៌ ដើម្បីជួយនរណាម្នាក់ ដែលកំពុងជួបបញ្ហា ឬកំពុងតែងាកបែរចេញពីព្រះ។ សូមព្រះទ្រង់ប្រទានឲ្យយើងមានចិត្តក្លាហាន នៅពេលនោះចុះ។—LISA SAMRA