ពេល​ដែល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ទៅ​មើល​សារៈមន្ទីរ​ប្រល័យ​ពូជ​សាសន៍ យ៉ាត យ៉ាសេម នៅ​ប្រទេស​អ៊ីស្រាអែល យើង​បាន​ចូល​ក្នុង​សួន​ច្បារ ដែល​មាន​ឈ្មោះ​ថា សុចរិត​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ។ សួន​ច្បារ​នេះ​បាន​ផ្តល់​កិត្តិ​យស ​ដល់​បុរស និង​ស្រ្តី​ដែល​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​សង្រ្គោះ​ជន​ជាតិ​យូដា ឬ​ជ្វីប ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ហូឡូខោះ​។ ខណៈ​ពេល​ដែល​យើង​ទស្សនា​វិមាន​រំឭក​នេះ យើង​ក៏​បាន​ជួប​មនុស្ស​មួយ​ក្រុម មក​ពី​ប្រទេស​ហូឡង់។ ក្នុង​ចំណោម​ពួក​គេ មាន​ស្រ្តី​ម្នាក់​បាន​មក​ទីនោះ ដើម្បី​មើល​ឈ្មោះ​ជីដូន​ជីតា​របស់​នាង នៅ​ក្នុង​បញ្ជី​ឈ្មោះ ដែល​គេ​បានឆ្លាក់​នៅ​លើ​ផ្លាក​ដ៏​ធំ​មួយ។ ដោយសារ​យើង​មាន​ចិត្ត​ចង់​ដឹង​ចង់​ឮ យើង​ក៏​បាន​សាក​សួរ​អំពី​ប្រវត្តិ​គ្រួសារ​របស់​នាង។

តា និងយាយ​របស់​នាង គឺ​លោក​គ្រូ​គង្វាល ភីធ័រ(Rev. Pieter) និង​អ្នកស្រី អេដ្រៀនណា មូល័រ(Adriana Müller) បានជួយ​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​ជន​ជាតិ​យូដា​ម្នាក់ ដែល​មាន​អាយុ​ពីរ​ឆ្នាំ ដោយ​នាំ​គាត់​ចូល​ក្នុង​ផ្ទះ​របស់​ពួក​គេ ហើយ​ក៏បាន​លាក់​អត្ត​សញ្ញាណ​របស់​គាត់ ដោយ​ឲ្យ​គាត់​ធ្វើ​ជា​កូន​ពៅ​គេ ក្នុង​ចំណោម​កូន​ទាំង​៨​នាក់​របស់​ពួក​គេ​ពី​ឆ្នាំ​១៩៤៣ ដល់​ឆ្នាំ១៩៤៥។

រឿង​នេះ​បាន​ប៉ះ​ពាល់​ចិត្ត​យើង​ណាស់ បាន​ជា​យើង​សួរ​នាង​ថា “តើ​ក្មេង​ប្រុស​នោះ បាន​រួច​ជីវិត នៅ​សម័យ​នោះ​ទេ?”​ពេល​នោះ មាន​បុរស​ម្នាក់​មាន​វ័យ​ចាស់​ជាង​នាង ដែល​កំពុង​ឈរ​ក្នុង​ក្រុម​នោះ ក៏​ដើរ​ចេញ​មក ហើយ​ប្រកាស​ថា ក្មេង​ប្រុស​នោះ​គឺ​ជា​គាត់​ហ្នឹង​ហើយ។

ពេល​ខ្ញុំ​គិត​អំពី​សេចក្តី​ក្លាហាន​របស់​មនុស្ស​ជា​ច្រើន ដែល​បាន​ជួយ​សង្រ្គោះ​ប្រជាជន​យូដា ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​នាង​អេសធើរ។ នៅ​សម័យ​នោះ ស្តេច​អ័ហាស៊ូរុស​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ ឲ្យ​គេ​សម្លាប់​ជន​ជាតិ​យូដា​បំផុត​ពូជ ​ប្រហែល​ជា​ក្នុង​ឆ្នាំ​៣៥០​មុន​គ្រីស្ទ​សករាជ។ ព្រះ​នាង​អេសធើរ​ប្រហែល​ជា​គិត​ថា ខ្លួន​អាច​ជៀស​ផុត​ពី​ការ​កាប់​សម្លាប់ តាម​ព្រះ​រាជ​ក្រឹត្យ​នោះ ព្រោះ​ព្រះ​នាង​បាន​លាក់​បាំង​មិន​ឲ្យ​គេ​ដឹង​ថា ខ្លួន​ជា​ជន​ជាតិ​យូដា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត ឲ្យ​ប្រថុយ​ជីវិត​ជួយ​សង្រ្គោះ​ជន​ជាតិ​របស់​ខ្លួន ពេល​ដែល​បង​ប្អូន​ជី​ដូន​មួយ​របស់​ព្រះ​នាង​ម្នាក់ បាន​អង្វរ​ព្រះ​នាង កុំ​ឲ្យ​នៅ​ស្ងៀម នៅ​ក្នុង​រឿង​នេះ​ ព្រោះ​ព្រះ​ជា​ម្ចាស់​បាន​តាំង​ព្រះ​នាង​ឡើង “សម្រាប់ពេល​នោះ​ឯង”(នាងអេសធើរ ៤:១៤)។

យើង​ប្រហែល​មិន​ដល់​ពេល ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​គ្រោះ​ថ្នាក់​ដូច​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ថ្ងៃ​ណា​មួយ យើង​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា ត្រូវ​បន្ត​នៅ​ស្ងៀម ឬ​បើក​មាត់​និយាយ​ប្រឆាំង​នឹង​អំពើ​អយុត្តិ​ធម៌ ដើម្បី​ជួយ​នរណា​ម្នាក់ ដែល​កំពុង​ជួប​បញ្ហា ឬ​កំពុង​តែ​ងាក​បែរ​ចេញ​ពី​ព្រះ។ សូម​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន ​នៅ​ពេល​នោះ​ចុះ។​—LISA SAMRA