មាន​ពេល​មួយ​ខ្ញុំ​បាន​ផ្អែក​លើ​ស្មា​របស់​មិត្ត​ភក្តិ​ខ្ញុំ មើល​រូប​ថត​នៅ​ក្នុង​ទូរស័ព្ទ​របស់​នាង ដែល​នាង​បាន​ថត ដោយ​ប្រើ​មីក្រូ​ទស្សន៍។ ខ្ញុំ​ក៏​បាន​សួរ​នាង​ថា “តើ​ឌីអាតូម គឺ​ជា​អ្វី?” នាង​ក៏​បាន​ពន្យល់​ខ្ញុំ​ថា “អូហ៍ វា​ដូច​ប្លុង​តុង​អញ្ចឹង ប៉ុន្តែ វា​ពិបាក​មើល​ជាង​ប្លុង​តុង។ ជួន​កាល យើង​ត្រូវ​សម្រក់​ប្រេង​មួយ​ដំណក់ នៅ​លើ​កែវ​ពង្រីក ឬ​ត្រូវ​ឲ្យ​ពួក​វា​ងាប់​សិន ទើបយើង​អាច​មើល​ពួក​វា​ឃើញ​ច្បាស់”។ ខ្ញុំ​ក៏​បាន​អង្គុយ​ស្ញើច ខណៈ​ពេល​ដែល​នាង​បើក​រូប​ភាព​ផ្សេង​ទៀត​ឲ្យ​ខ្ញុំ​មើល។ ពេល​នោះ ខ្ញុំ​ក៏​បាន​ជក់​ជិត​នឹង​ការ​គិត អំពី​ភាព​លម្អិត ដែល​ព្រះ​ទ្រង់​បាន​ដាក់ ក្នុង​ជីវិត​ដ៏​តូច ដែល​ទាល់​តែ​ប្រើ​មីក្រូទស្សន៍ ទើប​យើង​អាច​មើល​ពួក​វា​ឃើញ។

ស្នា​ព្រះ​ហស្ត និង​កិច្ចការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ គឺ​គ្មាន​ព្រំដែន​ឡើយ។ ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់​លោក​យ៉ូប លោក​អេលីហ៊ូវ​បាន​អង្អុល​បង្ហាញ​ដល់​លោក​យ៉ូប ខណៈ​ពេល​ដែល​លោក​យ៉ូប​កំពុង​តែ​មាន​ទុក្ខ​ជា​ទម្ងន់។ លោក​អេលីហ៊ូវ​បាន​លើក​ទឹក​ចិត្ត​លោក​យ៉ូប​ថា “ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្តី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន។ តើ​លោក​ជ្រាប​ពី​ព្រះ​ទ្រង់​ដាក់​កំរិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ទ្រង់​ធ្វើ​ឲ្យ​ផ្លេកបន្ទោរ​នៃ​ពពក​ទ្រង់​ភ្លឺផ្លេកៗ​ដូច​ម្តេច​ឬ​ទេ? តើ​លោក​យល់​ពី​ទំងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ចការ​អស្ចារ្យ​របស់​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់​ឬ​ទេ”(យ៉ូប ៣៧:១៤-១៦)។ ក្នុង​នាម​យើង​ជា​មនុស្ស យើង​មិន​អាច​យល់​ច្បាស់ អំពី​ភាព​លម្អិត​ដ៏​ស្មុគ្រស្មាញ​របស់​ព្រះ​ជា​ម្ចាស់ និង​ស្នា​ព្រះ​ហស្ត​ទ្រង់​បាន​ឡើយ។

សូម្បី​តែ​ផ្នែក​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់ ដែល​យើង​មើល​នឹង​ភ្នែក​ទទេ​មិន​ឃើញ ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​សិរីល្អ និង​អំណាចចេស្តា​របស់​ព្រះ​ជា​ម្ចាស់​ផង​ដែរ។ សិរីល្អ​របស់​ព្រះ​អង្គ​បាន​ហ៊ុម​ព័ទ្ធ​យើង។ ព្រះ​អង្គ​កំពុង​ធ្វើ​ការ​របស់​ទ្រង់​យ៉ាង​សកម្ម ​ទោះ​យើង​កំពុង​តែ​ឆ្លង​កាត់​បញ្ហា​អ្វី ឬ​មិន​អាច​មើល​ឃើញ​ទ្រង់​ធ្វើ​ការ ឬ​មិន​អាច​មើល​យល់​ក៏​ដោយ។ ចូរ​យើង​សរសើរដំកើង​ព្រះ​អង្គ នៅ​ថ្ងៃ​នេះ ដ្បិត “ទ្រង់​ធ្វើ​ការ​យ៉ាង​ធំ រក​គិត​មិន​យល់​ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​គណនា”(យ៉ូប ៥:៩)។—JULIE SCHWAB